ក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Seal 06 GT និង Seal 06 DM-i Touring ជាផ្លូវការណ៍នៅទីផ្សារប្រទេស ចិន។ សម្រាប់ម៉ូដែល BYD Seal 06 GT ឆ្នាំ 2026 មានជម្រើស 4 ម៉ូដែលផ្សេងគ្នា និងតម្លៃចាប់ពីខ្ទង់ $18,700 ដល់ $24,600។ ចំនែកម៉ូដែល Plug-in-hybrid Seal 06 DM-i Touring ក៏មានជម្រើស 4 ម៉ូដែលដូចគ្នា ហើយនិងមានតម្លៃចាប់ពីខ្ទង់ $16,200 ដល់ $20,300។

BYD Seal 06 GT Series មានដូចជា GT 520 មានតម្លៃ $18,700, 520 Plus មានតម្លៃ $16,200, 620 Plus មានតម្លៃ $22,300 និង 620 Max មានតម្លៃ $24,600។ ចំនែកម៉ូដែល BYD Seal 06 DM-i Touring មានដូចជា DM-i Touring 200 Comfort  មានតម្លៃ $16,200, DM-i Touring 200 Smart មានតម្លៃខ្ទង់ $17,400, DM-i Touring 200 Premium មានតម្លៃខ្ទង់ $18,800 និង DM-i Touring 300 Flagship មានតម្លៃ $16,200។ ទៅលើគុណសម្បត្តិវិញ ម៉ូដែល Seal 06 GT Series 2026 មានបំពាក់នូវកញ្ចប់បច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនជំនាន់ថ្មី Flash Charging Technology របស់ BYD។ 

BYD Seal 06 GT Series 2026 ប្រើប្រាស់ទម្រង់ឌីស្សាញបែប Ocean-M Concept របស់ BYD។ Seal 06 GT Series 2026 មានតួរប្រវែង 4,630mm/ ទទឹង 1,880mm/ កំពស់ 1,490mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,820mm។ Seal 06 GT 2026 មានជម្រើសពណ៌ថ្មីពីរពណ៌បន្ថែមទៀត គឺពណ៌ស្វាយហៅថា “Aurora Purple” និងពណ៌ក្រហមហៅថា “Portia Rose Red”។ ក្នុងកាប៊ីនរបស់ Seal 06 GT 2026 មានបំពាក់ដោយអេក្រង់កម្សាន្តទំហំ 15.6-inch និងអេក្រង់បង្ហាញព័ត៌មាន LCD ទំហំ 10.25-inch។ ទៅលើប្រព័ន្ធជំនួយសុវត្ថិភាពអ្នកបើកបរ (ADAS) វិញ Seal 06 GT 2026 ម៉ូដែល 520 Plus និង 620 Plus គាំទ្រដោយប្រព័ន្ធ God’s Eye C ខណៈម៉ូដែល 620 Max គាំទ្រដោយប្រព័ន្ធ God’s Eye B ប៉ុន្តែ ម៉ូដែល 520 មិនមានការបំពាក់ប្រព័ន្ធ ADAS នោះទេ។

BYD Seal 06 GT 2026 ម៉ូដែល 520 និង 520 Plus ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW(268hp) និងកម្លាំងរមួល 230Nm ទទួលថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 57.54kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 520km (CLTC)។ ចំនែក Seal 06 GT 620 Plus និង 620 Max ដំណើរការដោយប្រព័ន្ធម៉ូទ័រដូចគ្នា ប៉ុន្តែមានកញ្ចប់ថាមពលថ្មធំជាង គឺទំហំ 69.07kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 620km (CLTC)។ ចំនែកម៉ូដែល BYD Seal 06 DM-i Touring 2026 វិញ មានបំពាក់មកជាមួយបច្ចេកវិទ្យា DM (Dual Mode) plug-in hybrid technology ជំនាន់ទី 5 របស់ BYD ភ្ជាប់ដំណើរការនៅលើម៉ាស៊ីនសាំង 1.5L Engine រួមជាមួយម៉ូទ័រអគ្គិសនីមួយ។ 

ម៉ាស៊ីន Plug-in-hybrid ជំនាន់ថ្មីនេះ អាចផលិតកម្លាំងបាន 74kW និងកម្លាំងរមួល 126Nm។ ចំនែកម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើគ្រប់ម៉ូដែល DM-i Touring 2026 គឺអាចផលិតកម្លាំងបាន 175kW និងកម្លាំងរមួល 270Nm។ Seal 06 DM-i Touring 2026 មានជម្រើសកញ្ចប់ថ្មទំហំ 25.28kWh និង 34.27kWh សាកពេញម្តងអាចបើកបានចម្ងាយ 200km និង 300km (CLTC) ដោយប្រើអគ្គិសនីសុទ្ធ។ Seal 06 DM-i Touring 2026 មានតួរខ្លួនប្រវែង 4,850mm/ ទទឹង 1,890mm/ កំពស់ 1,505mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,790mm។ 

ក្នុងប៊ីន Seal 06 DM-i Touring 2026 ម៉ូដែល 200 Comfort និង 200 Smart មានបំពាក់អេក្រង់កម្សាន្តទំហំ 12.8-inch ខណៈម៉ូដែល 200 Premium និង 300 Flagship បំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch គាំទ្រដំណើរការដោយប្រព័ន្ធ  BYD DiLink 150 advanced intelligent cockpit system មានមុខងារភ្ជាប់ជាមួយស្មាតហ្វូន។ បន្ថែមពីនេះ វាក៏មានកន្លែងសាកថ្មស្មាតហ្វូន Wireless Charging Pad កម្លាំង 50W, កៅអីជួរមុខមានមុខងារក្តៅ/ត្រជាក់, ដំបូលបើក Panoramic sunroof និងមានភ្ជាប់មុខងារបាំងកម្តៅ electronic sunshade។ ឡាន PHEV ឆ្នាំ 2026 នេះ មានជម្រើស 6 ពណ៌ ក្នុងនោះក៏មានពណ៌បៃតងថ្មីហៅថា “Extreme Tide Green”ផងដែរ៕