
យើងដឹងហើយថា បច្ចុប្បន្ន BYD គឺជាក្រុមហ៊ុនផលិតរថយន្តថាមពលថ្មដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្នុងមួយឆ្នាំៗក្រុមហ៊ុននេះ លក់រថយន្តសរុបបានលើសពី 1 លានគ្រឿងទាំងទីផ្សារក្នុងស្រុក (ចិន) និងទីផ្សារក្រៅស្រុក។ ជាមួយគ្នានេះ បានកំណត់គោលដៅក្នុងការលក់រថយន្តរបស់ខ្លួននៅទីផ្សារក្រៅប្រទេសសម្រាប់ឆ្នាំ 2026 ឲ្យបានចំនួនពី 1.5 លានគ្រឿង ទៅ 1.6 លានគ្រឿង ហើយការជម្រុញកំណើននៃការលក់ឲ្យបានតាមគោដៅ គឺភាគច្រើនត្រូវបានជំរុញដោយការចេញលក់រថយន្តម៉ូដែលថ្មីៗ។
នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់គ្រប់គ្រងរបស់ BYD បានបង្ហាញថា ការណែនាំអំពីការលក់នៅក្រៅប្រទេសឆ្នាំ 2026 របស់ក្រុមហ៊ុនផលិតរថយន្តមានចំនួនចាប់ពី 1.5 លានគ្រឿង ទៅ 1.6 លានគ្រឿង នេះបើយោងតាមរបាយការណ៍របស់ Reuters នៅថ្ងៃនេះ។ តួរលេខនេះ គឺលើសពីការព្យាករណ៍នៃការលក់នៅក្រៅប្រទេសក្នុងឆ្នាំ 2025 ដោយកំណត់ពីចំនួន 900,000 គ្រឿង ទៅ 1 លានគ្រឿង ដោយកំណើនក្នុងការលក់ភាគច្រើនត្រូវបានជំរុញដោយការចេញលក់ម៉ូដែលថ្មីៗ។

ក្នុងរបាយការណ៍បានកត់សម្គាល់ថា រចនាសម្ព័ន្ធលក់នៅក្រៅប្រទេសរបស់ BYD គឺមានតុល្យភាពនៅទូទាំងតំបន់ ដូចជានៅអឺរ៉ុប អាមេរិកខាងជើង និងអាស៊ាន ដោយក្នុងតំបន់នីមួយៗ គឺមានចំនួនមួយភាគបីនៃការលក់សរុបនៅទីផ្សារក្រៅស្រុកចិនក្នុងឆ្នាំ 2025។ ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា BYD បានបន្ថយគោលដៅលក់ក្នុងឆ្នាំ 2025 របស់ខ្លួនចំនួន 16% មកត្រឹម 4,6 លានគ្រឿង ដោយសារតែការធ្លាក់ចុះនៃការលក់ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

BYD បានលក់រថយន្តចំនួន 441,706 គ្រឿងក្នុងខែតុលា មានការធ្លាក់ចុះ 12.13% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការធ្លាក់ចុះប្រចាំខែលើកទីពីរជាប់ៗគ្នា ទោះបីជាការលក់បានកើនឡើង 11.47% ពីខែកញ្ញាក៏ដោយ។ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុន BYD លក់រថយន្តសរុបបានចំនួន 3,701,852 គ្រឿង ការកើនឡើង 13.88% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ BYD លក់រថយន្តបានចំនួន 780,976 គ្រឿងនៅទីផ្សារក្រៅស្រុក គិតចាប់ពីខែមករា ដល់ខែតុលា កើនឡើង 137.33% ភាគរយ ធៀបពីមួយឆ្នាំទៅមួយឆ្នាំ៕
