ស្វែងរកពួកយើង:

BYD នាំមុខ Tesla ទៅលើការលក់រថយន្តអគ្គិសនីនៅលើទីផ្សារសកល ដោយលក់បានជាង 1.6 លានគ្រឿង

ដោយ

Koun Jab Luffy

04 តុលា 2025 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងប្រទេសចិន និងពិភពលោក BYD បាននាំមុខក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ក្នុងការលក់រថយន្តអគ្គិសនីសុទ្ធនៅលើទីផ្សារសកលក្នុងត្រីមាសទីបី ឆ្នាំ 2025។ បើតាមរបាយការណ៍លក់ដែលបញ្ចេញដោយអ្នកធ្វើប្លុកផ្នែករថយន្តល្បីឈ្មោះរបស់ចិន “Tongkuai Shuchang” បានបង្ហាញថា BYD បានលក់រថយន្តអគ្គិសនីបានចំនួនដល់ 1.6059 លានគ្រឿង គិតត្រឹមត្រីមាសទីបី ឆ្នាំ 2025 ធៀបនឹង Tesla ដែលលក់បានចំនួន 1.2179 លានគ្រឿងសម្រាប់រយះពេលដូចគ្នា។
តួរលេខនេះបានបង្ហាញថា BYD បាននាំមុខ Tesla ក្នុងការលក់រថយន្តអគ្គិសនីក្នុងទីផ្សារសកលចំនួន 388,000 គ្រឿង។ ក្នុងត្រីមាសទីបី ឆ្នាំ 2025 ថ្មីៗនេះ BYD បានលក់ និងនាំចេញឡានអគ្គិសនីបានចំនួន 582,500 គ្រឿង កើនឡើង 4.0% ធៀបនឹងត្រីមាសទី 2 និងមានកំណើននៃការលក់ប្រចាំឆ្នាំប្រមាណ 31.4%។
Article image
សម្រាប់ Tesla វិញ លក់រថយន្តបានចំនួន 497,100 គ្រឿងក្នុងត្រីមាសទី 3 កើនឡើង 29.4% ធៀបនឹងត្រីមាសទី 2 និងមានកំណើនការលក់ប្រចាំឆ្នាំ 7.4%។ ចាប់តាំងពីបានវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកទីពីរនៅក្នុងត្រីមាសទី 4 ក្នុងឆ្នាំ 2024 មក BYD បានរក្សាភាពជាក្រុមហ៊ុននាំមុខគេផ្នែកលក់របស់ខ្លួនសម្រាប់រយៈពេលបួនត្រីមាសជាប់ៗគ្នា។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឲ្យដឹងថា គម្រោងរបស់ BYD នឹងបញ្ចប់នៅឆ្នាំ 2025 ក្នុងនាមជាអ្នកដឹកនាំផ្នែកលក់រថយន្តអគ្គិសនីសកលជាមួយនឹងចំណែកទីផ្សារ 15.7% ដែលនឹងពង្រឹងគោលជំហររបស់ក្រុមហ៊ុនផលិតរថយន្តរបស់ចិននេះស្ថិតនៅកំពូលតារាងនៃឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលមានការវិវត្តយ៉ាងឆាប់រហ័ស។
Article image
នៅក្នុងខែមេសា ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD បានលើសក្រុមហ៊ុន Tesla សម្រាប់ពីរត្រីមាសជាប់ៗគ្នា។ ហើយពេលនេះ ការលក់របស់ BYD បានលើស Tesla សម្រាប់បួនត្រីមាសជាប់ៗគ្នា ដែលធ្វើឲ្យ BYD ក្លាយជាអធិរាជក្នុងការលក់រថយន្តអគ្គិសនីសុទ្ធរបស់ពិភពលោក។ ទោះជាយ៉ាងណា ចំពោះតម្លៃឡានអគ្គិសនីរបស់ BYD ជាមធ្យមនៅតែស្ថិតក្រោមតម្លៃរបស់ឡានអគ្គិសនីរបស់ Tesla៕
BYD នាំមុខ Tesla ទៅលើការលក់រថយន្តអគ្គិសនីនៅលើទីផ្សារសកល ដោយលក់បានជាង 1.6 លានគ្រឿង