ស្វែងរកពួកយើង:

BYD នាំមុខ Toyota ទៅលើការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុនសម្រាប់ឆ្នាំ 2024

ដោយ

Koun Jab Luffy

14 មករា 2025 08:00 ព្រឹក

អាន 3 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត BYD បានយកឈ្នះទៅលើក្រុមហ៊ុនផលិតរថយន្ត Toyota ទៅលើការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសជប៉ុនជាលើកដំបូងបំផុតសម្រាប់ឆ្នាំ 2024។ បើមើលទៅលើតួរ លេខនៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ 2024 គឺមានចំនួន 59,736 គ្រឿងដែលមានការធា្លក់ចុះ ប្រហែលជា 33% បើធៀបទៅនឹងឆ្នាំមុននេះ ហើយនេះគឺជាការលក់ធ្លាក់ចុះលើកដំបូងបំផុតនៅក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះផងដែរ។
ក្រុមហ៊ុន BYD ត្រូវបានគេមើលឃើញថា បានលក់រថយន្តអគ្គិសនីបានចំនួន  2,223 គ្រឿងនៅក្នុងឆ្នាំ 2024 ដែលមានការកើនឡើង 54% បើធៀបទៅនឹងឆ្នាំមុនរបស់ខ្លួន។ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota គឺមានការធ្លាក់ចុះចំនួន 30% ទៅកាន់ចំនួនត្រឹមតែ 2038 គ្រៀង នេះបើតាមការបញ្ជាក់ចេញពីសមាគមអ្នកចែកចាយរថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុន។
សូមជំរាបថា ក្រុមហ៊ុន BYD បានចូលទៅក្នុងទីផ្សាររថយន្តជប៉ុន នៅក្នុងឆ្នាំ 2023 ជាមួយនឹងការបញ្ចេញនូវរថយន្ត Atto 3 crossoverនិង Dolphin hatchback។ សម្រាប់ Atto 3 គឺជាឈ្មោះអន្តរជាតិសម្រាប់រថយន្ត Yuan Plus ។ ក្រោយមក ក្រុមហ៊ុននេះ ក៏បន្តបញ្ចេញនូវរថយន្ត BYD Seal EV sedan ផងដែរ។ នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen នេះក៏បង្ហាញនូវរថយន្តអគ្គិសនីទី 4 របស់ខ្លួននៅក្នុងប្រទេសជប៉ុននោះគឺ BYD Sealion 07 EV។ រថយន្ត BYD Dolphin មានតម្លៃប្រហែលជា 2.99 លានយ៉េន ដែលប្រហែលជា 19,000 ដុល្លារ។ គ្រប់រថយន្តម៉ូឌែល BYD លក់នៅក្នុងប្រទេសជប៉ុនទាំងអស់គឺជាប្រភេទរថយន្តអគ្គិសនី 100%។
Article image
ចំណែកទីផ្សាររថយន្តអគ្គិសនី EV មានការធ្លាក់ចុះក្រោម 2% នៅក្នុងឆ្នាំ 2024 ដែលនេះ គឺជាកម្រិតទាបបំផុតនៅក្នុងទីផ្សារអភិវឌ្ឍមួយនេះ។ ខណៈពេលដែលការលក់រថយន្តអគ្គសនី (EV) នៅក្នុងទីផ្សារផ្សេងទៀត មានការកើនឡើងសន្សឹមៗនោះ ទីផ្សាររបស់ប្រទេសជប៉ុន ហាក់ដូចជាស្ទាក់ស្ទើរក្នុងការទទួលយកនូវរថយន្តអគ្គិសនី EV នេះ។ សម្រាប់រថយន្តអគ្គិសនីដំបូងបំផុតរបស់ Toyota នោះ គឺ bZ4X crossover គឺលក់បានចំនួន 1,012 នៅក្នុងឆ្នាំ 2024 នេះ មានការកើនឡើង 10%។ រថយន្តនេះ មានតម្លៃ  5.5 លានយ៉េន 34,800 ដុល្លារ នៅក្នុងប្រទេសជប៉ុន។
ក្រុមហ៊ុនផលិតរថយន្ត Nissan Motor គឺជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងទីផ្សារនៃប្រទេសជប៉ុននេះ ដែលមានប្រហែលជា 50% នៃទីផ្សាររថយន្តអគ្គិសនី។ យ៉ាងណាមិញ ការលក់ទៅលើរថយន្ត Nissan Leaf មានការធ្លាក់ដល់ទៅ 44% មកត្រឹមតែ 30,749 គ្រឿងដែលនេះគឺជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ 2021 មក។ ការលក់ទៅលើរថយន្ត Sakura ដែលជាប្រភេទរថយន្ត minicars ក៏មានការធ្លាក់ចុះដល់ទៅ 38% មកនៅត្រឹមតែ 22,926 គ្រឿង។ សម្រាប់ការលក់ទៅលើរថយន្ត Leaf គឺមានការធ្លាក់ចុះចំនួន 48%។
Article image
នៅក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោនាំចូលរថយន្តអគ្គិសនីនោះ ក្រុមហ៊ុន Tesla គឺជាអ្នកនាំមុខទីផ្សារ ហើយក្រុមហ៊ុន BYD ក៏មានប្រហែលជា 40% នៃការលក់នៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការបើកហាង 100 កន្លែងនៅក្នុងប្រទេសជប៉ុននៅត្រឹមឆ្នាំ 2025 នេះផងដែរ៕