
រថយន្តប្រភេទភីកអាប់ថ្មីមួយម៉ូដែលទៀតរបស់ BYD ត្រូវបានគេប្រទះឃើញក្នុងពេលថ្មីៗនេះ ដែលកំពុងស្ថិតក្នុងការធ្វើតេស្ត ហើយម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅអាមេរិកខាងត្បូងនៅឆ្នាំ 2026។ ការឌីស្សាញរូបរាងរបស់ឡានភីកអាប់ដែលមិនទាន់មានឈ្មោះផ្លូវការណ៍របស់ BYD មួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ពីព្រោះឡានភីកអាប់ដែលមានស្រាប់របស់ BYD គឺ BYD Shark បានប្រកួតប្រជែងលើឆាកអន្តរជាតិរួចហើយ។ ហើយសម្រាប់ម៉ូដែលថ្មីដែលនឹងចេញលក់នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានទំហំតូចទាបជាងម៉ូដែល Shark បច្ចុប្បន្ន។
តាមរូបភាព BYD Pick Truck ថ្មីដែលគេប្រទះឃើញនេះ បង្ហាញថា វាមានការឌីស្សាញជាប្រភេទឡាន Pick up double-cab និងមានគ្រែដឹកខាងក្រោយមានទំហំតូចជាងគ្រែដឹករបស់ម៉ូដែល BYD Shark បន្តិច។ ហើយផ្នែកក្បាលខាងមុខមានការឌីស្សាញជាមួយចង្កៀង LED រាងស្លីមជាការឌីស្សាញបែបស្តាយ “Dragon Face” របស់ក្រុមហ៊ុន BYD ផ្ទាល់តែម្តង។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈបច្ចេកទេសទូទៅរបស់ BYD Pickup truck ថ្មីនេះ មិនត្រូវបានបង្ហាញព័ត៌មានលម្អិតនៅឡើយទេក្នុងពេលនេះ។

យ៉ាងណាមិញ មានការរំពឹងថា ឡាន Pick up ថ្មីរបស់ BYD នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន Plug-in-hybrid របស់ BYD ដូចម៉ូដែល Shark 6 ដែរ។ ភីកអាប់ថ្មីរបស់ BYD ក៏នឹងប្រើប្រាស់ប្រព័ន្ធសាក់ស៊ីប្រភេទ Body-on-frame chassis ជាមួយប្រព័ន្ធ double wishbone rear suspension ផងដែរ។

BYD Shark 6 បច្ចុប្បន្ន ត្រូវបានផលិតឡើងតាមស្តង់ដារ DMO ឬ Dual Mode Off-road Platform របស់ BYD។ ឡាន Pick up នេះ មានប្រវែងតួរខ្លួន 5,457mm/ ទទឹង 1,971mm/ កំពស់ 1,925mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,260mm។ Shark 6 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរជាមួយម៉ាស៊ីនសាំងទំហំ 1.5-litre ដែលអាចផលិតកម្លាំងសរុបបានជាង 430 សេះ ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ឡើងទៅ 100km/h ប្រើពេល 5.7 វិនាទី។

តាមរបាយការណ៍ក្នុងខែវិច្ឆិកាកន្លងទៅ ការនាំចេញ BYD Shark 6 គឺមានចំនួន 34,672 គ្រឿង ហើយបច្ចុប្បន្នឡានភីកអាប់នេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅក្នុងទីផ្សារជាច្រើនក្រៅប្រទេសចិនរួមមាន ប្រទេសម៉ិកស៊ិក ប្រេស៊ីល ប៉ាណាម៉ា កម្ពុជា និងអូស្ត្រាលី៕
