ស្វែងរកពួកយើង:

BYD Atto 3 មានការបញ្ជាទិញចំនួន 1,000 គ្រឿង នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ត្រឹមតែ 1 សប្តាហ៍ ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

26 មករា 2025 09:44 ព្រឹក

អាន 2 នាទី

Article image
ដូចដែលយើងបានដឹងហើយថា BYD ទើបតែបានចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសកូរ៉េខាងត្បូងថ្មីៗនេះប៉ុណ្ណោះ ហើយរថយន្តដំបូងរបស់ BYD ដែលបានបើកសម្ភោធនៅក្នុងទីផ្សារកូរ៉េខាងត្បូង គឺជាម៉ូដែល BYD Atto 3។ ដោយរថយន្តមួយនេះត្រូវបាន BYD ប្រកាសចេញលក់ផ្លូវការណ៍នៅកូរ៉េខាងត្បូងកាលពីថ្ងៃទី 16 ខែមករា សប្តាហ៍មុននេះ។ បើយោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើគណនី Weibo បានឲ្យដឹងថា BYD បានទទួលការបញ្ជាទិញមុនសម្រាប់រថយន្ត Atto 3 ចំនួន 1,000 គ្រឿង នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ត្រឹមតែរយះពេល 1 សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីថ្ងៃប្រកាសចេញដំបូង។
បន្ទាប់ពីម៉ូដែល Atto 3 ដែលជារថយន្តអគ្គិសនី Sedan ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់ចិនមួយនេះ ក៏ត្រៀមធ្វើការប្រកាសចេញលក់ម៉ូដែលផ្សេងបន្ថែមទៀតផងដែរ ដូចជាម៉ូដែល BYD Seal Sedan និង BYD Sealion SUV ជាដើម។ ចំពោះអតិថិជនដែលបានធ្វើការបញ្ជាទិញ Atto 3 អាចនឹងទទួលបានរថយន្តរបស់ពួកគេនៅពាក់កណ្តាលខែកុម្ភៈ ខាងមុខនេះ។
Article image
BYD Atto 3 ដែលចេញលក់នៅកូរ៉េខាងត្បូងមានពីរម៉ូដែល គឺម៉ូដែលស្តង់ដារ និងម៉ូដែល Plus ដែលមានតម្លៃចាប់ពី $21,650 សម្រាប់ម៉ូដែល Atto 3 និង $23,050 សម្រាប់ម៉ូដែល Atto 3 Plus។ ក្នុងរបាយការណ៍បញ្ជាក់ទៀតថា សម្រាប់ការបញ្ជាទិញម៉ូដែល Atto 3 Plus គឺមានចំនួន 90%។ សម្រាប់ម៉ូដែល BYD Seal និង Sealion នឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2025 នេះ។
Article image
BYD Atto 3 ទាំងពីរម៉ូដែល ដែលចេញលក់នៅទីផ្សារកូរ៉េខាងត្បូង គឺប្រើប្រាស់កញ្ចប់ថ្មទំហំ 60.48kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 321km។ Atto 3 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 150kW ដែលអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.3 វិនាទី។ BYD បានសហការជាមួយដៃគូចែកចាយចំនួន 6 នៅក្នុងប្រទេសកូរ៉េខាត្បូង និងបានបើកដំណើរការហាងតាំង (Showroom) ចំនួន 16 និងមជ្ឍមណ្ឌលផ្តល់សេវាកម្មចំនួន 11 កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង៕