
Denza ដែលជាប្រេនរថយន្តថ្នាក់ប្រណិតរបស់ក្រុមហ៊ុន BYD ថ្មីៗនេះ ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែទទួលបាននូវភាពជោគជ័យជាខ្លាំងទៅលើការលក់ Denza D9 ដែលពេលនេះរថយន្តនេះ បានកា្លយជាកំពូលរថយន្ត MPV ប្រចាំទីផ្សារប្រទេសចិនថែមទៀតផង។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Denza D9 ត្រូវបានក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ចិនមួយនេះ ក៏បានបន្តកា្លយជាកំពូលរថយន្ត MPV ថ្នាក់ប្រណិត ដែលនាំមុខគេនៅលើទីផ្សារឥណ្ឌូនេស៊ីថែមទៀតហើយ។
កំពូលរថយន្ត MPV ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយតម្លៃ 950 លានរូពី (ប្រាក់ឥណ្ឌូនេស៊ី) ដែលប្រហែលជាង 424,000 យ៉ន់ ឬ 58,300 ដុល្លារ។ សម្រាប់តម្លៃខាងលើនេះ គឺមានតម្លៃខ្ពស់ជាងរថយន្តដែលលក់នៅលើទីផ្សារប្រទេសចិនប្រហែលជា 90,000 យ៉ន់ ដែលស្មើរនឹង 12,300 ដុល្លារ។ យោងតាមការបញ្ជាក់ក្នុងរបាយការណ៌ថ្មីនេះ បាននិយាយថា កាលពីមីនាកន្លងទៅនេះ Denza D9 បាននាំចេញបាន 1,587 គ្រឿងសម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយមានចំណែកទីផ្សារ 2.2%។ កំពូលរថយន្ត MPV នេះ ក៏បានក្លាយជារថយន្តដែលលក់ដាច់ជាងគេក្នុងចំណោមរថយន្តចិន នៅលើទីផ្សារនេះថែមទៀតផង។

សូមជំរាបថា ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើការបង្ហាញនូវរថយន្តរបស់ក្រុមហ៊ុន BYD កាលពីខែមករាឆ្នាំ 2024 កន្លងទៅនេះ ដែលចំនួន 3 ម៉ូដែលរួមមានដូចជា Dolphin, Seal និង Atto 3 ហើយក្រុមហ៊ុន BYD បានចាប់ផ្តើមធ្វើការដឹកជញ្ជូនរថយន្តរបស់ខ្លួនមកកាន់ទីផ្សារនេះ កាលពីខែមិថុណាឆ្នាំ 2024 ដដែល។

សូមជំរាបថា Denza D9 បានគ្រងដំណែងទីផ្សាររថយន្ត MPV នៅក្នុងប្រទេសចិនហើយនៅពេលនេះ។ កាលពីខែមករាឆ្នាំ 2025 ក្រុមហ៊ុននេះបានាំចេញ MPV បានចំនួន 10,026 គ្រឿង ហើយបន្តមកនៅខែកុម្ភៈក្រុមហ៊ុននេះក៏បានបញ្ចេញនូវ Denza D9 DM-i (plug-in hybrid version) ដោយបន្តនាំចេញបាន 7,213 គ្រឿងបន្ថែមទៀត។ នៅខែមីនាឆ្នាំ 2025 កំពូលរថយន្ត MPV ម៉ូដែល Denza D9 នេះ បានបន្តលក់រថយន្តរបស់ខ្លួនបាន 9,326 គ្រឿង។ តួរលេខខាងលើនេះ បានធ្វើអោយរថយន្តនេះ ក្លាយជាកំពូលរថយន្ត MPV ដែលលក់ដាច់ជាងគេ។ សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 រថយន្ត Denza D9 DM-i បានបំបែកកំណត់ត្រា ដោយនាំចេញបាន 25,598 គ្រឿង។
