
ឡានអគ្គិសនីសុទ្ធប្រភេទ hatchback ដ៏ពេញនិយមរបស់ BYD គឺ Dolphin ត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រឡូកនៅក្នុងទីផ្សារកូរ៉េខាងត្បូងនៅឆមាសដំបូងនៃឆ្នាំ 2026។ BYD Dolphin នឹងចេញលក់ក្នុងតម្លៃប្រមាណ 20 លានកូរ៉េវ៉ុន ឬស្មើរនឹងប្រមាណ $14,000 នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលតម្លៃនេះ គឺដូចគ្នានឹងតម្លៃចេញលក់នៅទីផ្សារប្រទេសចិនដែរ។ BYD Dolphin នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយរថយន្តក្នុងស្រុកដូចជា Hyundai Casper EV និង Kia Ray EV។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា BYD Dolphin នឹងប្រកាសចេញលក់នៅទីផ្សារកូរ៉េខាងត្បូងក្នុងខែកុម្ភៈ ឆ្នាំ 2026 ខាងមុខនេះ។
BYD Dolphin គឺជារថយន្ត Compact Electric ដែលមានការឌីស្សាញបែប Hatchback។ ឡានអគ្គិសនីដ៏ពេញនិយម និងមានប្រជាប្រិយភាពរបស់ BYD មួយនេះបានចេញលក់នៅលើទីផ្សារសកលជាច្រើនមានទាំងទីផ្សារអឺរ៉ុប អាស៊ីបូព៌ា និងមជ្ឈឹមបូព៌ាជាដើម។ ហើយបើតាមទិន្នន័យនៃការលក់របស់ BYD បានបញ្ជាក់ថា ការលក់ Dolphin គឺមានចំនួនសរុបដល់ 1 លានគ្រឿងហើយនៅលើទីផ្សារសកល ដែលធ្វើឲ្យឡានអគ្គិសនី Hatchback មួយនេះ ក្លាយជាម៉ូដែលទីបីក្នុងត្រកូល Ocean Series របស់ BYD បន្ទាប់ពី BYD Song Plus និង Seagull ដែលការលក់ឈានដល់ចំនួនដ៏ច្រើនដូចនេះ។

នៅទីផ្សារកូរ៉េខាងត្បូងបច្ចុប្បន្ន BYD បានចេញលក់រថយន្តរបស់ខ្លួនមានដូចជា BYD Atto 3 ដែលជាប្រភេទ Compact SUV, BYD Seal ជាប្រភេទ mid-size-sedan និង Seal 7 ជាប្រភេទ mid-size SUV។ ហើយ BYD Dolphin គឺជាម៉ូដែលទីបួនសម្រាប់ទីផ្សារកូរ៉េខាងត្បូង។ រថយន្តអគ្គិសនី Hatchback មានបណ្តោយតួរខ្លួន 4,290mm/ទទឹង 1,770mm/ កំពស់ 1,570mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,700mm។ Dolphin ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (FWD) ជាមួយការបំពាក់កញ្ចប់ថ្មប្រភេទ lithium iron phosphate Blade Battery របស់ BYD ផ្ទាល់ ដោយមានពីរជម្រើសទំហំ គឺ 44.9kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 420km និង 60.4kWh សាកពេញម្តងអាចជិះបានចម្ងាយ 520km។

សម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីវិញ ជាប្រភេទ permanent magnet synchronous motor ដែលមានពីរជម្រើសកម្លាំង។ ដោយក្នុងនោះម៉ូដែលមានកម្លាំង 70kW ឬ 94 សេះ និងកម្លាំងរមួល 180N.m ហើយនិងម៉ូដែលមានកម្លាំង 150kW ឬ 210 សេះ និងកម្លាំងរមួល 310N.m។ BYD Dolphin គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ដែលការសាកពីថាមពលថ្ម 30% ទៅ 80% ប្រើពេល 28 នាទី ទៅ 29 នាទី តែប៉ុណ្ណោះ៕
