
ក្រុមហ៊ុន BYD បានប្រកាសចេញខ្លួនបានលក់ដាច់ខ្លាំងបំផុតសម្រាប់រថយន្តអគ្គិសនីប្រភេទ Hatchback ម៉ូដែល BYD Dolphin។ ហើយនៅពេលនេះ ក្រុមហ៊ុនក៏បានត្រៀមបញ្ចេញកំនែថ្មីមួយទៀតដែលបាន Inspired ចេញពីម៉ូដែល Dolphin ដែលបានប្រកាសចេញកាលពីខែកុម្ភៈឆ្នាំ 2023 ដោយម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុនផ្តល់រហ័សនាមថ្មីថា Honor Edition ឬ 2024 BYD Dolphin។ ហើយបើតាមរបាយការណ៍ព័ត៌មានដែលបានចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបាន ឲ្យដឹងថា BYD Dolphin Honor Edition គឺនឹងបំពាក់មកជាមួយកញ្ចប់អាគុយដែលមានទំហំធំ ប៉ុន្តែ មានតម្លៃធូរថ្លៃជាងជំនាន់មុនដែលបានចេញកាលពីឆ្នាំ 2023។
BYD បានប្រកាសចេញយុទ្ធសាស្ត្រថ្មីក្នុងការប្រកូតប្រជែងតម្លៃជាមួយរថយន្តប្រភេទប្រើម៉ាស៊ីន (ICE) ដោយចាប់ផ្តើមនៅក្នុងឆ្នាំ 2024 ជាមួយនឹងស្រឡាយរថយន្ត PHEV ខ្លួនដែលមានតម្លៃទាបជាងរថយន្តប្រើម៉ាស៊ីនឥន្ទនៈសុទ្ធ (ICE) ដើម្បីទាក់ទាញអតិថិជនថ្មីដែលប្រើប្រាស់រថយន្ត ICE ឲ្យងាកមកចាប់អារម្ម និងការប្រើប្រាស់ជាមួយរថយន្តប្រភេទ PHEV ឬ Plug-in-Hybrid វិញ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិនមួយនេះ បាននិយាយថា "តម្លៃចាប់ពីខ្ទង 79,800 យន់ ឬខ្ទង់ 11,000 ដុល្លារ របស់ BYD នឹងធ្វើឲ្យទីផ្សារនៃការប្រើប្រាស់រថយន្ត ICE មានការថយចុះ "ដោយក្រុមហ៊ុនបានសំដៅទៅលើការបញ្ចេញនូវកំណែអាប់ដេតប្រចាំឆ្នាំ 2024 ទៅលើម៉ូដែលចំនួនពីរ គឺ BYD Qin Plus Honor Edition និង Destroyer 05 Honor Edition”។
ស្ថាបនិក BYD លោក Wang Chuanfu បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួនថា “លោករំពឹងថាចំណែកទីផ្សាររថយន្តអគ្គិសនីនឹងកើនឡើងដល់ 50% នៅក្នុងប្រទេសចិននៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ 2024។ ការលក់រថយន្តអគ្គិសនីប្រចាំខែរបស់ប្រទេសចិនមានការកើនឡើងលើស 40% បើធៀបនឹងកាលពីឆ្នាំមុន។ សម្រាប់ម៉ូដែល BYD Dolphin ដែលបានចេញកាលពីដើមឆ្នាំ 2023 គឺបានបំពាក់នូវកញ្ចប់អាគុយប្រភេទ LFP Battery ទំហំ 45kWh ដែលការសាកថ្មពេញម្តងអាចបើកបានចំងាយផ្លូវ 420km នេះបើតាមការកំនត់របស់ស្ថាប័ន CLTC។
ចំនែកម៉ូដែលថ្មី Dolphin 2024 ដែលត្រៀមបង្ហាញវត្តមាននៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ត្រូវបានគេដឹងថា នឹងបំពាក់កញ្ចប់អាគុយធំជាងមុនឡើងដល់ 65kWh ដែលអាចបើកបានចំងាយផ្លូវ 520km។ ទោះជាយ៉ាងសម្រាប់ការប្រើប្រាស់ម៉ូទ័របង្វិលកង់ គឺដូចគ្នានឹងជំនាន់ឆ្នាំ 2023 ដដែល ដោយប្រើម៉ូទ័រអគ្គិសនីកំលាំង 70kW ជាមួយកំលាំងរមូល 180Nm។ BYD Dolphin មានទំហំវិមាត្ររួម 4,125/1,770/1,570 mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,700mm។

BYD Dolphin 2024 នឹងមានការកែប្រែមុខងារខាងក្នុងមួយចំនួនដូចជា ការផ្លាស់ប្តូរមកប្រើរន្ធ USB-C និងទ្រនាប់សាកថ្មទូរស័ព្ទ 50W Wireless Charging pad ជាដើម។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ BYD Dolphin ស៊េរីឆ្នាំ 2024 នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែ សម្រាប់ BYD Dolphin 2023 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅប្រទេសចិនជាមួយតម្លៃខ្ទង់ $14,500៕
