
រូបភាពថ្មីដ៏កម្រនៃរថយន្តស៊េរីថ្មីចុងក្រោយរបស់ BYD ម៉ូដែល Qin L ដែលជាប្រភេទរថយន្ត PHEV Sedan ត្រូវបានប្រទះឃើញបង្ហាញសម្រាប់ការបើកបរសាកល្បងនៅលើដងវិថីមួយនៅក្នុងប្រទេសចិន។ BYD Qin L គឺជាសមាជិកមួយស្ថិតក្នុងត្រកូល Dynasty Series របស់ BYD ដែលមានដូចជាម៉ូដែល Qin, Tang, Song, Yuan និង Han។ បើតាមការបញ្ជាក់ពី BYD បានបញ្ជាក់ថា Qin L គឺជាម៉ូដែលស៊េរីលើម៉ូដែល Qin PLUS ដែលជា Compact Sedan។ BYD Qin L ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានតម្លៃចាប់ពីខ្ទង់ប្រហែល $16,700 នៅប្រទេសចិន។
BYD Qin L ប្រើប្រាស់ភាសាឌីស្សាញរបស់ម៉ូដែល BYD Han ដោយផ្នែកខាងមុខមានការរចនាជាមួយចង្កៀងរាងស្លីមជាមួយការរចនាសំណាញ់ប៉ាណាពណ៌ខ្មៅទំហំធំស្ទើរពេញផ្នែកខាងមុខតែម្តង។ រថយន្ត PHEV Sedan ស៊េរីថ្មីនេះមានបណ្តោយខ្លួន 4,830mm, ទទឹង 1,900mm, កម្ពស់ 1,495mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,790mm ធៀបនឹងម៉ូដែល Qin PLUS ដែលមានបណ្តោយខ្លួន 4,765mm, ទទឹង 1,837mm, កម្ពស់ 1,495mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,718mm ដូចនេះ Qin L មានប្រវែង និងទំហំធំជាង Qin PLUS បន្តិច។
មិនសូវជាខុសគ្នាប៉ុន្មានជាមួយនឹង BYD Han នោះទេ ដោយផ្នែកខាងក្រោយត្រូវបានរចនាឡើងជាមួយស្តុបបំភ្លឺខាងក្រោយរាងហើមមូល ជាមួយការឌីស្សាញកន្ទុយក្រោយបែបជម្រាលពីដំបូល ដែលមើលទៅមិនតែមានភាពប្រណិតស្រស់ស្អាតប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្តយកំលាំងកកិតពីខ្យល់បានល្អថែមទៀតផង។
សម្រាប់ផ្នែកខាងក្នុងមានការឌីស្សាញឡើងជាមួយភាពប្រណិតដោយមានការបំពាក់នូវកញ្ចក់អេក្រង់កម្សាន្តថាច់ស្គ្រីនធំ ព្រមទាំងមាន Wireless Charging Pad នៅខាងក្រោម និងមានដៃចង្កូតរចនារាងជាអក្សរ D ដែលមានភ្ជាប់នូវប៊ូតុងបញ្ជាក់មុខងារជាច្រើនផងដែរ។ ហើយដោយសារតែ BYD Qin L មានទំហំធំជាងម៉ូដែល Qin PLUS ដូចនេះផ្នែកខាងក្នុង គឺមានទំហំទូលាយសម្រាប់ធ្វើដំណើរ។ រថយន្តនេះ ត្រូវបានគេរំពឹងថា អាចនឹងបំពាក់នូវប្រព័ន្ធកម្សាន្ត Infotainment System របស់ BYD ផ្ទាល់តែម្តង។ BYD Qin L នឹងបំពាក់នូវប្រព័ន្ធ Plug-in Hybrid System ដំណើរការជាមួយម៉ាស៊ីនកំលាំង 1.5L Engine រួមនិងប្រព័ន្ធម៉ូដែលអគ្គិសនី។ BYD Qin L ក៏នឹងដំណើរការដោយប្រព័ន្ធ DM-i powertrain system ជំនាន់ទី 5 របស់ BYD ផ្ទាល់។
សម្រាប់ម៉ាស៊ីនចំនុះ 1.5L របស់ Qin L អាចមានសមត្ថភាពផលិតថាមពលបានកំលាំង 74kW ខណៈប្រព័ន្ធម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកំលាំងបាន 160kW។ បន្ថែមពីនេះ Qin L ក៏នឹងមានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate (LFP) ដែលនឹងមានពីរជម្រើសទំហំ គឺ 15.874kWh ដែលនឹងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 90 គីឡូម៉ែត្រ និងជម្រើសទំហំ 10.08kWh ដែលនឹងអាចបើកបានចំងាយផ្លូវ 60 គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

សម្រាប់ត្រកូលរថយន្ត Dynasty Series របស់ BYD ម៉ូដែល Qin PLUS PHEV Sedan លក់បានចំនួនដល់ទៅ 482,145 គ្រឿងក្នុងឆ្នាំ 2023 ដែលក្លាយជាម៉ូដែលតែមួយគត់របស់ BYD ដែលលក់ដាច់បំផុតប្រចាំឆ្នាំ។ ហើយសម្រាប់ការបង្ហាញវត្តមានរបស់ Qin L PHEV នាពេលខាងមុខនេះ នឹងជួយពង្រីកទីផ្សារលក់កាន់តែខ្លាំងសម្រាប់គ្រួសាររថយន្ត BYD Qin៕
