
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន BYD បានប្រកាសថា BYD Seagull ដែលជារថយន្តដែលមានតម្លៃធូថ្លៃជាងគេរបស់ខ្លួន នឹងមានការដាក់លក់សម្រាប់ទីផ្សារសកលជាមួយនិងឈ្មោះថ្មីហៅថា Dolphin Mini។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបញ្ជាក់ថា រថយន្តនេះ គឺមានការប្រកាសដាក់លក់នៅលើទីផ្សារអាមេរិកខាងត្បូងហើយ ដោយចាប់ផ្តើមពីប្រទេសអ៊ុយរ៉ាហ្កាយ ហើយនិងបន្តទៅកាន់ប្រទេសប្រេស៊ីលនៅចុងខែនេះ។
BYD Seagull គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានទ្វារ 5 ដែលបង្ហាញខ្លួនកាលពីខែមេសាឆ្នាំមុននេះ នៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Shanghai Auto Show ជាមួយនិងតម្លៃ 73,800 យ៉ន់ ទៅ 89,800 យ៉ន់ ប្រហែល 10,200 ដុល្លារ ទៅ 12,500 ដុល្លារ។ គិតមកដល់ពេលនេះ ម៉ូដែលនេះបានក្លាយជារថយន្តដែលលក់ដាច់ខ្លាំងជាងបំផុតរបស់ BYD ដោយមានការនាំចេញបានរហូតដល់ទៅ 280,217 គ្រឿងនៅលើទីផ្សារប្រទេសចិន នៅក្នុងឆ្នាំ 2023។

រថយន្តនេះ មានពីរប្រភេទ គឺម៉ូដែលស្តង់ដារមានកម្លាំង 30.08 kWh អាចរត់បាន 305km CLTC range និងម៉ូដែលមួយទៀតមានកម្លាំង 38.88 kWh LFP battery រត់បានចំងាយ 405km CLTC range។ រថយន្តទាំងពីរនេះ គឺមានកម្លាំង 74 សេះ ដោយរត់លើម៉ូទ័រមុខ មានកម្លាំងរមួល 135Nm ផ្តល់នូវការបើកបរលើដងផ្លូវបានល្បឿនដល់ទៅ 135km/h។ ម៉ូទ័រនេះអាចបង្កើតល្បឿនពី 0-50 km/h ដោយប្រើពេលត្រឹមតែ 4.9 វីនាទីប៉ុណ្ណោះ។

BYD Seagull មានទំហំ (L/W/H) 3780/1715/1540 mm និងមានប្រវែងគម្លាតកង់មុខក្រោយ 2500 mm។ Seagull គឺជារថយន្តអគ្គិសនីទ្វា 5 មាន 4 កៅអី។ ជាមួយនិងការបង្ហាញវត្តមាននៅលើប្រទេសអ៊ុយរ៉ាហ្កាយ គឺមានទាំងពីរប្រភេទ (30 kWh និង 38 kWh) ហើយនិងមានឈ្មោះថ្មីហៅថា Dolphin Mini EV300 និង Dolphin Mini EV400។ សម្រាប់ EV300 គឺអាចរត់បានចំងាយ 300km NEDC range និងមានតម្លៃ 21,990 ដុល្លារ។ ចំពោះម៉ូដែល EV400 គឺរត់បានចំងាយ 380km NEDC range មានតម្លៃ 23,990 ដុល្លារ។

យោងតាមការបញ្ជាក់ពីសារព័ត៌មានរបស់ប្រេស៊ីលដែលឈ្មោះ InsideevsBR បានបង្ហាញថា BYD Dolphin Mini នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសប្រេស៊ីលនៅចុងខែនេះ ដែលមានតម្លៃ 99,800 reals ប្រហែល 20,100 ដុល្លារ និងតម្លៃ 114,800 reals ប្រហែល 23,200 USD ដុល្លារ។
