ស្វែងរកពួកយើង:

BYD Seagull 2025 ដែលជារថយន្តអគ្គិសនី Hatchback ជំនាន់ថ្មី បង្ហាញវត្តមានជាមួតម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

01 សីហា 2024 11:44 ថ្ងៃត្រង់

អាន 3 នាទី

Article image
BYD បានប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ Hatchback ស៊េរីឆ្នាំ 2025 ម៉ូដែល BYD Seagull។ រថយន្តអគ្គិសនីខ្នាតតូចស៊េរីថ្មីឆ្នាំ 2025 នេះមានជម្រើសចំនួន 3 ម៉ូដែល ជាមួយតម្លៃ ចាប់ពីខ្ទង់ $9,700 ដល់ $12,000 នៅទីផ្សារប្រទេសចិន។ ក្នុងនោះម៉ូដែល Seagull Vitality Edition ដែលបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 30.08kWh សាកថ្មមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 305km មានតម្លៃខ្ទង់ $9,700។
ម៉ូដែល Seagull Freedom Edition បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 30.08kWh សាកថ្មមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 305km មានតម្លៃខ្ទង់ $10,500 និងម៉ូដែល Seagull Flying Edition បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 38.88kWh សាកថ្មមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 405km មានតម្លៃខ្ទង់ $12,000។
Article image
រថយន្តអគ្គិសនីជំនាន់ថ្មីឆ្នាំ 2025 BYD Seagull មានការផ្លាស់ប្តូរការរចនាផ្នែកខាងក្រៅកាន់តែមានភាពប្រណិតស្រស់ស្អាតជាមួយជម្រើសពណ៌ Cute cute ដូចជា ពណ៌ខៀវ (Arctic Blue), ពណ៌ស (Warm Sun White), ពណ៌ខ្មៅ (Polar Night Black), និងពណ៌ផ្កាឈូក (Peach Pink) ជាមួយជម្រើសពណ៌ខាងក្នុងចំនួនពីរជម្រើសពណ៌ គឺមានពណ៌ខៀវ (Deep Ocean Blue) និងផ្កាឈូក (Dune Pink)។
Article image
រថយន្តអគ្គិសនីខ្នាតតូចឆ្នាំ 2025 នេះ ផលិតឡើងដោយប្រើប្រាស់ទម្រង់នៃប្រព័ន្ធ BYD e-Platform 3.0 ដែលធ្វើឲ្យ Seagull 2025 មានប្រវែងបណ្តោយ 3,780mm/ ទទឹង 1,715mm/ កម្ពស់ 1,540mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,500mm។ សម្រាប់ម៉ូដែល Seagull Vitality Edition ប្រើប្រាស់ទំហំយ៉ាន់កង់ 15-អ៊ីង ខណៈពីរម៉ូដែលផ្សេងទៀតប្រើប្រាស់ទំហំយ៉ាន់កង់ 16-អ៊ីង។ ផ្នែកខាងក្នុងមានការរចនា Dashboard មានសណ្ឋានជាងអក្សរ M-Style ដោយមានរំលេចជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំ 10.1-អ៊ីងrotatable central control screen អាចភ្ជាប់ជាមួយមុខងារ BYD DiLink platform និងអេក្រង់បង្ហាញព័ត៌មាន floating instrument panel ទំហំ 7-អ៊ីង។
Article image
នៅលើម៉ូដែល Freedom និង Flying Edition មានកន្លែងសាកថ្មឥតខ្សែ mobile phone wireless Charging និងកៅអីខាងមុខមានមុខងារកំដៅ រីកៅអីអ្នកបើកអាចធ្វើការកំណត់បាន 6 របៀប (Six-ways electric adjustment)។ សម្រាប់មុខងារពិសេសៗមួយផ្សេងទៀតរួមមាន OTA updates, ប្រព័ន្ធបំពងសំឡេង 4 គ្រាប់, Bluetooth, មុខងារបញ្ជាដោយសំឡេង voice interaction, in-car WiFi, 4G network, និងប្រព័ន្ធសោរ keyless entry ជាដើម។
BYD Seagull 2025 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor ដែលអាចផលិតកំលាំងបាន 55kW ឬ 74 សេះ និងកំលាំងរមូល 135Nm រួមជាមួយកញ្ចប់អាគុយ Blade battery របស់ BYD ផ្ទាល់។ដោយម៉ូដែល Vitality និង Freedom Edition មានកញ្ចប់អាគុយទំហំ 30.08kWh ដែលសាកថ្មមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 305km។ ចំនែកម៉ូដែល Flying Edition មានកញ្ចប់អាគុយទំហំ 38.88kWh សាកថ្មមួយពេញអាចជិះបានចម្ងាយផ្លូវ 405km។
Article image
សម្រាប់ការជាន់សន្ទុះល្បឿនវិញ BYD Seagull 2025 អាចជាន់ពី 0 ទៅ 50km/h ចាយពេលខ្ទង់ 4.9 វិនាទី។ ជាមួយប្រព័ន្ធសាកភ្លើងល្បឿនលឿន DC fast charging ដែលសាកពី 30 ទៅ 80% ប្រើពេលប្រមាណ 30 នាទី។ សូមបញ្ជាក់ថា នៅឆមាសដំបូងក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុន BYD លក់រថយន្តម៉ូដែល Seagull របស់ខ្លួនបានចំនួន 191,037 គ្រឿង៕