ស្វែងរកពួកយើង:

BYD Seagull បានប្រកាសចេញលក់នៅទីផ្សារអាមេរិកខាងត្បូង ជាមួយតម្លៃខ្ទង់ $20,000 ក្រោមស្លាកឈ្មោះថ្មីថា BYD Dolphin mini

ដោយ

Koun Jab Luffy

15 កុម្ភៈ 2024 10:06 ព្រឹក

អាន 3 នាទី

Article image
BYD Seagull បានឈានជើងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អាមេរិកខាងត្បូង ជាផ្លូវការណ៍។ រថយន្តអគ្គិសនីដែលមានតំលៃធូរថ្លៃរបស់ BYD មួយនេះ ត្រូវបានប្រកាសចេញក្រោមស្លាកឈ្មោះថ្មី ប៉ុន្តែ មានគុណសម្បត្តិដូចគ្នានឹងម៉ូដែល BYD Seagull ដែលបានប្រកាសចេញលក់នៅប្រទេសចិនដែរ។ សម្រាប់ទីផ្សារប្រទេសអាមេរិកខាងជើង BYD Seagull ត្រូវបានក្រុមហ៊ុនប្រើប្រាស់ឈ្មោះថ្មីហៅថា BYD Dolphin min និងមានតម្លៃខ្ទង់ $20,000។ សូមរំលឹកថា BYD Seagull ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅប្រទេសចិនកាលពីអំឡុងខែមេសា ឆ្នាំ 2023 ជាមួយតម្លៃចាប់ពីខ្ទង់ $10,200 ទៅ $12,500។
BYD Dolphin mini គឺជាស្លាកឈ្មោះថ្មីសម្រាប់ទីផ្សារសកលរបស់ម៉ូដែល BYD Seagull ដែលបានប្រកាសចេញលក់នៅលើទីផ្សារជាច្រើនរួចរាល់ហើយនៅអាមេរិកខាងជើង។ យោងតាមរបាយការណ៍ បានឲ្យដឹងថា ការដឹកជញ្ជូនរបស់ BYD Dolphin Mini នៅកាន់ប្រទេសអ៊ុយរូហ្គាយត្រូវបានបានចាប់ផ្តើមហើយ ខណៈដែលការលក់នឹងចាប់ផ្តើមនៅក្នុងប្រទេសប្រេស៊ីលនៅចុងខែកុម្ភៈ។ BYD Seagull (Dolphin mini) គឺទទួលបានជោគជ័យខ្លាំងនៅក្នុងទីផ្សារប្រទេសចិនដោយលក់បានចំនួន 280,000 គ្រឿងកាលពីឆ្នាំទៅមិញ។
Article image
BYD Seagull គឺជារថយន្តអគ្គិសនីទ្វារ 5 ឬ all-electric 5-door hatchback ដែលបំពាក់នូវកញ្ចប់អាគុយទំហំ 30.08kWh និងអាចបើកបរបានចំងាយផ្លូវ 305km នៅពេលសាកភ្លើងមួយពេញម្តង នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ ចំនែក BYD Seagull ដែលជា Top Model គឺបានបំពាក់កញ្ចប់អាគុយប្រភេទ LFP Battery ទំហំ 38.88kWh មានសមត្ថភាពអាចបើកបរបានចំងាយផ្លូវ 405km។ BYD Seagull ទាំងពីរម៉ូដែលបានបំពាក់ម៉ូទ័រអគ្គិសនីកំលាំង 55kW ជាមួយកំលាំងរមូល 135Nm ដែលអាចជាន់កប់ល្បឿនដល់ 135km/h និងអាចជាន់ស្ទុះពី 0 ទៅ 50km/h ចាយពេល 4.9 វិនាទី។
Article image
BYD Seagull មានទំហំវិមាត្រ 3780 x 1715 x1540mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,500mm ហើយនិងប្រើទំហំកង់ 165/65 R15។ BYD Dolphin mini ដែលប្រកាសចេញលក់នៅទីផ្សារប្រទេសអ៊ុយរូហ្កាយជាមួយជម្រើសទំហំថ្មចំនួនពីរ គឺទំហំ 30kW និង 38kW ដោយក្នុងនោះម៉ូដែល Dolphin Mini EV300 គឺសំគាល់ទៅលើចំងាយផ្លូវ 300km បញ្ជាក់ដោយស្ថាប័ន NEDC ខណៈ Dolphin Mini EV400 សំណៅទៅលើរយះចំងាយផ្លូវ 380km បញ្ជាក់ដោយស្ថាប័ន NEDC range។ BYD Dolphin Mini EV300 មានតម្លៃខ្ទង់ $21,990 ខណៈ Dolphin Mini EV400 មានតម្លៃខ្ទង់ $23,990។
Article image
នៅក្នុងទីផ្សារប្រទេសប្រេស៊ីល BYD Dolphin Mini បានទៅដល់ហាងចែកចាយសម្រាប់ការធ្វើតេស្ត និងសម្រាប់ធ្វើការ review រួចរាល់ហើយ។ នៅក្នុងទីផ្សារប្រេស៊ីល BYD Dolphin Mini នឹងមានតម្លៃចាប់ពីខ្ទង់ $20,100 ទៅ $23,200។ BYD ក៏គ្រោងនឹងនាំយក Dolphin Mini ចូលទៅកាន់ទីផ្សារផ្សេងទៀតនៅប៉ុន្មានខែខាងមុខនេះ ក្នុងនោះរួមទាំងអឺរ៉ុបផងដែរ៕
BYD Seagull បានប្រកាសចេញលក់នៅទីផ្សារអាមេរិកខាងត្បូង ជាមួយតម្លៃខ្ទង់ $20,000 ក្រោមស្លាកឈ្មោះថ្មីថា BYD Dolphin mini