
ក្រុមហ៊ុន BYD គ្រោងនាំយករថយន្តអគ្គិសនី Sedan ស៊េរីថ្មីម៉ូដែល BYD Seal របស់ខ្លួនទៅប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ។ ហើយនៅមុនថ្ងៃប្រកាសចេញលក់ផ្លូវការណ៍មកដល់ នៅតាមបណ្តាហាងចែកចាយបន្តដែលជាដៃគូរបស់ BYD នៅក្នុងប្រទេសឥណ្ឌាមួយចំនួន បានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីមួយនេះផងដែរ។
ក្រុមហ៊ុន BYD បានចាប់ផ្តើមឈានជើងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌា ក្នុងឆ្នាំ 2021 ហើយ BYD Seal គឺជាម៉ូដែលរថយន្តអគ្គិសនីទីបីបន្ទាប់ពីម៉ូដែល BYD Atto 3 និង BYD e6។ ទោះជាយ៉ាងណាសម្រាប់ការនាំចូលនៃរថយន្ត BYD Seal ចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា អាចនឹងមានតម្លៃពន្ធខ្ពស់ ដែលនាំឲ្យអ្នកចែកចាយបន្តដាក់តម្លៃសម្រាប់ការបញ្ជាទិញជាមុនរហូតដល់ទៅខ្ទង់ 5 លានរ៉ូពី ឬប្រហែល $60,300។ ដែលតម្លៃនេះ គឺខ្ពស់ជាងតម្លៃដែលក្រុមហ៊ុនបានចាប់ផ្តើមប្រកាសចេញលក់ BYD Seal EV នៅក្នុងប្រទេសចិន ដែលមានតម្លៃប្រហែល 189,800 យន់ ឬប្រហែល $26,400 ដែលនេះបានឆ្លុះបញ្ចាំងពីការចំណាយបន្ថែមទាក់ទងនឹងការនាំចេញយានយន្តទាំងតម្លៃដឹកជញ្ជូន និងតម្លៃបង់ពន្ធអារក។

ទោះបីជាតម្លៃនៃការបញ្ជាទិញជាមុនខ្ពស់ក៏ដោយ ប៉ុន្តែ បើយើងគិតពីតម្លៃគំរូនាំចេញ គឺខ្ពស់ជាងតម្លៃលក់ក្នុងស្រុក យ៉ាងណាមិញសម្រាប់តម្លៃលក់ពិតប្រាកដអាចទាបជាងការប៉ាន់ស្មាននៃការបញ្ជាទិញជាមុននាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន BYD មិនទាន់បញ្ជាក់ពីការប្រកាសចេញលក់ផ្លូវការណ៍សម្រាប់ BYD Seal នៅក្នុងប្រទេសឥណ្ឌានៅឡើយទេ ប៉ុន្តែមានការរំពឹងទុកថា រថយន្តអគ្គិសនីស៊េរីថ្មី BYD Seal អាចនឹងចេញវាយលុកទីផ្សារប្រទេសឥណ្ឌាជាផ្លូវការនៅដើមខែមីនា ឆ្នាំ 2024។
BYD Seal គឺជារថយន្តដំបូងដែលផលិតក្នុងទ្រង់ទ្រាយធំជាមួយនឹងបច្ចេកវិទ្យា Cell to Body (CTB) Technology ដែលប្រើនៅប្រព័ន្ធគ្រោងឆ្អឹងកម្រិតខ្ពស់ e-Platform 3.0។ រថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីទំនើបរបស់ BYD មួយនេះ មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា iTAC torque control system និងមានកញ្ចប់អាគុយអគ្គិសនី 82.56kWh។ BYD Seal ប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ Dual-electric motors ដែលអាចបង្កើនកំលាំងបាន 523hp ដែលអាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.8ms ហើយបើតាមការបញ្ជាក់ពីស្ថាប័ន WLTP រថយន្តអគ្គិសនីនេះអាចបើកបរបានចំងាយផ្លូវ 520km សម្រាប់ការសាកថ្មមួយពេញម្តង។

សម្រាប់ការនាំយក BYD Seal ចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា គឺជាការពង្រឹង និងពង្រីកទីផ្សារសកលដ៏មានសារសំខាន់របស់ BYD ជាពិសេសនៅក្នុងប្រទេសដែលកំពុងមានការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងខ្លាំង។ ប្រទេសឥណ្ឌា គឺជាទីផ្សាររថយន្តអគ្គិសនីដ៏មានសក្តានុពលបំផុតមួយនៅក្នុងពិភពលោក។ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សជាច្រើនដូចជា BYD និង Tesla បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសអាស៊ីមួយនេះ៕
