នៅថ្ងៃនេះ BYD បានបង្ហាញចេញនូវឡានអគ្កិសនីស៊េរីថ្មី Seal 07 EV និង 2026 Sealion 06 EV ដោយឡានថ្មីទាំងពីរនេះ គឺមានការបំពាក់មកជាមួយថាមពល Blade Battery ជំនាន់ទី 2 និងបច្ចេកវិទ្យាសាក flash-charging ដូចគ្នា និងជាម៉ូដែលដំបូងគេរបស់ BYD ដែលមានមុខងារថ្មីៗនេះ។ ឡានថ្មីទាំងពីរនេះ ត្រូវបានក្រុមហ៊ុនបង្ហាញចេញតាំងពីថ្ងៃព្រហស្បត៌ ដោយ Seal 07 EV មានពីរម៉ូដែលតម្លៃចាប់ពី 169,900 យ៉ន់ ($24,600) ដល់ 189,900 យ៉ន់។


តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ឡានថ្មីនេះ គឺមានអាគុយទំហំ 69-kWh ដែលសាកពេញម្តងអាចបើកបរបាន 705km និងមានការគាំទ្រដោយម៉ូទ័រមួយគ្រាប់នៅខាងក្រោយមានកម្លាំង 240-kW។ Seal 07 EV មានតួខ្លួនប្រវែង 4,995 ទទឹង 1,910mm និងកំពស់ 1,495mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,900mm។ សម្រាប់ម៉ូដែលនេះ គឺស្ថិតក្នុងត្រកូលឡានអគ្កិសនីប្រភេទ Sedan កម្រិត mid-to-large-size។ នៅលើឡានថ្មីនេះ ក៏មានការតម្លើងនូវ ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ God's Eye 5.0 driving assistance system ហើយនិងមុខងារ city navigation assist functions ផងដែរ។

ចំពោះម៉ូដែល 2026 Sealion 06 EV SUV វិញ គឺមាន 4 ជម្រើស និងមានតម្លៃចាប់ពី 159,900 យ៉ន់, 168,900 យ៉ន់, 168,900 យ៉ន់ និង 179,900 យ៉ន់ ហើយឡាននេះមានប្រវែង 4,810mm ទទឹង 1,920mm កំពស់ 1,675mm និងគម្លាតកង់មុខក្រោយប្រវែង 2,820mm។ សម្រាប់សមត្ថភាពវិញ សាកពេញម្តង អាចបើកបរបានចម្ងាយ 710km និងសាកថ្មពី 10% ទៅ 97% ប្រើពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។ និយាយពីកម្លាំងវិញ គឺប្រើប្រាស់ម៉ូទ័រក្រោយមួយ ដែលមានកម្លាំងចាប់ពី 180 kW ដល់ 240 kW ទៅតាមប្រភេទឡាននីមួយៗ។

Sealion 06 EV ក៏មានមកជាមួយប្រព័ន្ធប៊ូម DiSus-C intelligent សម្រាប់ទប់លំនឹងពេលបើកបរដូចគ្នា។ អ្វីដែលពិសេសនៅលើឡាននេះ ថែមទាំងមានការតម្លើងនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ God Eye 5.0 driving assistance system មកជាមួយទៀតផង។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ខ្លួនគ្រោងនឹងតម្លើងនូវកន្លែងសាក flash-charging stations នេះ 20,000 កន្លែងនៅក្នុងប្រទេសចិន ត្រឹមដំណាច់ឆ្នាំនេះ ហើយនិងបន្តទៅកាន់ទីផ្សារសកលនាពេលខាងមុខផងដែរ។
