នៅថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2026 ថ្មីៗនេះ ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា រថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicle (NEV) ទី 17 លានរបស់ខ្លួនបានចេញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការណ៍ហើយ។ ហើយរថយន្តទី 17 លានគ្រឿងដ៏សំខាន់នោះ គឺ BYD Seal 08 ដែលជារថយន្តសេដានថ្មីរបស់ក្រុមហ៊ុន ដែលត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការណ៍នៅថ្ងៃទី 2 ខែកក្កដា។ បើយោងតាមបណ្តាញសារព័ត៌មានចិន Yiche បានចេញផ្សាយថា រថយន្ត Seal 08 ទទួលបានការបញ្ជាទិញមុនជាង 100,000 គ្រឿងរួចហើយ។
ហើយសមិទ្ធផលនេះ បានបង្ហាញពីការបង្កើនល្បឿនយ៉ាងឆាប់រហ័សនៃសមត្ថភាពផលិតកម្មរថយន្ត NEV របស់ BYD។ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ពិភពលោកដែលសម្រេចបានការផលិតរថយន្តដំណើរការដោយថាមពលថ្មី (NEV) បានចំនួន 10 លានគ្រឿងនៅថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2024 បន្ទាប់មករថយន្តទី 15 លានគ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2025 និងនៅពេលនេះ BYD បានឈានដល់កម្រិតថ្មីមួយជាប្រវត្តិសាស្រ្ត គឺការផលិតបានឈានដល់ចំនួន 17 លានគ្រឿង នៅក្នុងរយៈពេលជាងប្រាំមួយខែបន្ទាប់ពីចំនួន 15 លានគ្រឿង និងតិចជាងបីខែបន្ទាប់ពីចំនួន 16 លានគ្រឿង។
សូមបញ្ជាក់ថា BYD Seal 08 ដែលជារថយន្តអគ្គិសនី Sedan ថ្មី និងជារថយន្តទី 17 លានគ្រឿងរបស់ក្រុមហ៊ុន ត្រូវបានធ្វើការផលិតឡើងដោយប្រើប្រាស់នូវភាសាឌីស្សាញ “Ocean Aesthetics 2.0” ជាមួយការឌីស្សាញក្បាលខាងមុខជាមួយនឹងប៉ាណាបិតជិត “Close-front fascia” រំលេចជាមួយចង្កៀង LED រចនាបែបស្លីមបញ្ឆិតចុះ ឬ Slender headlight។ រថយន្តអគ្គិសនី sedan ថ្មីនេះ មានបំពាក់នូវប្រព័ន្ធ LiDAR Sensor លើដំបូលខាងមុខ ដើម្បីគាំទ្រដល់ប្រព័ន្ធជំនួយសុវត្ថិភាពបើកបរក្នុងកម្រិត “God’s Eye B” intelligent driving assistance system។
BYD Seal 08 មានតួរខ្លួនប្រវែង 5,150mm/ ទទឹង 1,999mm/ កំពស់ 1,505mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,030mm។ ការឌីស្សាញរូបរាងខាងក្រៅរបស់ Seal 08 គឺមានលក្ខណៈបែប sleek fastback ជាមួយទ្វារបំពាក់ដៃទាញលាក់ពាក់កណ្តាល ឬ semi-concealed door handles និងបំពាក់ដោយយ៉ាន់កាំធំ ឬ Large multi-spoke wheel។ Seal 08 មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV)។ ដោយម៉ូដែល BEV គាំទ្រប្រព័ន្ធភ្លើងកម្លាំងខ្លាំងដល់ 800V high-voltage ជាមួយកញ្ចប់ថ្ម Blade Battery 2.0 ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 905km តាមស្តង់ដារ CLTC និងសាកភ្លើងតែ 5 នាទីអាចជិះបានចម្ងាយដល់ 400km។
ចំណែកម៉ូដែល Plug-in-hybrid (PHEV) វិញ មានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T និងភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងសរុបបានដល់ 400kW (536hp) និងបំពាក់កញ្ចប់ថ្មមានទំហំ 45.36kWh ដែលការបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយដល់ 400km (CLTC) និងដល់ 1,660km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ ជាពិសេសរថយន្តអគ្គិសនី Sedan ថ្មីនេះ ក៏មានមុខងាររេកង់ក្រោយតាមការកាច់ចង្កូត ឬ rear-wheel-steering និងប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តឆ្លាតវៃ (DiSus-A intelligent body control system) ថែមទៀតផង៕



