ស្វែងរកពួកយើង:

BYD Shark រថយន្ត Hybrid Pickup Truck បង្ហាញវត្តមានជាផ្លូវការ ជាមួយសមត្ថភាពបើកបរបានចម្ងាយ 840 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

15 ឧសភា 2024 01:54 រសៀល

អាន 2 នាទី

Article image
នៅទីបំផុតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញចេញរថយន្ត Pickup Truck របស់ខ្លួនម៉ូដែល BYD Shark ជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍សន្និសិទ្ធមួយដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសម៉ិកស៊ិកនៅថ្ងៃទី 15 ខែឧសភានេះតែម្តង។ BYD Shark ដែលជារថយន្ត Hybrid Pickup Truck ត្រូវបានក្រុមហ៊ុនកំនត់គោលដៅក្នុងការចេញលក់នៅទីផ្សារអាមេរិក និងអូស្ត្រាលី ខណៈការចេញលក់នៅទីផ្សារប្រទេសចិនមិនទាន់ច្បាស់នៅឡើយទេ។
BYD Shark មានជម្រើសពី Options គឺ GL និង GS ដោយម៉ូដែល BYD Shark-GL Variant មានតម្លៃខ្ទង់ប្រហែល $58,000 ខណៈម៉ូដែល GS មានតម្លៃខ្ទង់ប្រហែល $62,500។ រថយន្ត Hybrid Pickup Truck ដំបូងរបស់ BYD នេះ គឺមានជម្រើសបីពណ៌ដូចជាពណ៌ស Pallas White, ពណ៌ខ្មៅ Marmara Black និងពណ៌ប្រផេះ Atlantis Gray។ រថយន្តនេះមានប្រវែងបណ្តោយ 5,457mm, ទទឹង 1,971mm, កម្ពស់ 1,925mm និងគម្លាតកងមុខទៅកង់ក្រោយប្រវែង 3,260mm។ BYD Shark ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ជាមួយការបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ (Dual-motor)។
Article image
ក្នុងនោះម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 170kW និងកំលាំងរមូល 310Nm ខណៈដែរម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 150kW និងកំលាំងរមូល 340Nm ដែលមានសមត្ថភាពគ្រប់គ្រាន់អាចឲ្យ BYD Shark ជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.7 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 160km/h។
Article image
សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលបំពាក់នៅលើ BYD Shark វិញ គឺមានទំហំ 29.58kWh ដែលសាកមួយពេញអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានដល់ 100km នេះ បើតាមការបញ្ជាក់ពីស្ថាប័ន NEDC។ បន្ថែមពីនេះ បើតាមការបញ្ជាក់ពី NEDC ការប្រើបរដោយប្រើប្រព័ន្ធម៉ាស៊ីនសាំង Hybrid និងថាមពលអាគុយ គឺអនុញ្ញាតិឲ្យ BYD Shark អាចបើកបរបានចម្ងាយផ្លូវដល់ទៅ 840km។ ហើយចំពោះកម្រិតស៊ីសាំងវិញ គឺ 6.7 លីត្រ សម្រាប់រយះចម្ងាយផ្លូវ 100km។
Article image
ចូលមកផ្នែកខាងក្នុងវិញ ឃើញមានបំពាក់នូវអេក្រង់ LCD Instrument Panel ទំហំ 10.25-inch ជាមួយអេក្រង់កម្រាន្តស្ត្រីនទំហំ 12.8-inch អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ព្រមទាំងមានមុខងារបង្ហាញនៅលើកញ្ចក់ខាងមុខ Head-up-display អាចបង្ហាញបានក្នុងទំហំ 12-inch ថែមទៀតផង។
Article image
អ្វីដែលពិសេសនោះ គឺនៅលើ BYD Shark គឺមានបំពាក់នូវប្រព័ន្ធកាមេរ៉ា 360° panoramic view camera system និង 180° chassis camera ដែលសរុបបញ្ចូលគ្នាអាចធ្វើការបង្ហាញបានក្នុងកម្រិត 540° ultra-wide transparent panoramic image ព្រមទាំងមានមុខងារ Blind spots ផងដែរ។ BYD Shark គឺជារថយន្តប្រភេទ mid-side pickup truck របស់ក្រុមហ៊ុនដែលត្រៀមសម្រាប់ការប្រគូតប្រជែងនៅលើទីផ្សារសកលជាជាងទីផ្សារប្រទេសចិន៕