
ក្រុមហ៊ុន BYD នឹងធ្វើការប្រកាសចេញរថយន្តជំនាន់ថ្មីនៅទីផ្សារអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ 2025 នេះ។ រថយន្តដែល BYD ត្រៀមធ្វើការប្រកាសចេញនៅទឹកដីអាហ្វិ្រកខាងត្បូងរួមមានម៉ូដែល Shark 6 ដែលជារថយន្តប្រភេទ Plug-in-hybrid Pickup truck។ ក្រុមហ៊ុន BYD មានគោលបំណងពង្រឹងទីតាំងទីផ្សាររបស់ខ្លួនទាំងក្នុងទីផ្សាររថយន្តប្រភេទដឹកអ្នកដំណើរ និងប្រភេទពាណិជ្ជកម្មផងដែរ។
BYD បានឈានជើងចូលទីផ្សាររថយន្តប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ 2023 ជាមួយនឹងការបង្ហាញចេញម៉ូដែល Atto 3 (ឬ Yuan Plus នៅទីផ្សារប្រទេសចិន)។ កាលពីឆ្នាំ 2024 ក្រុមហ៊ុនផលិតរថយន្តដ៏មានឥទ្ធិពលរបស់ចិនមួយបានធ្វើការបង្ហាញចេញបន្ថែមនូវម៉ូដែល Dolphin និង Seal ទៅកាន់ទីផ្សារអាហ្វ្រិកត្បូង។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនអាហ្វ្រិកខាងត្បូងមានការពេញចិត្តក្នុងការប្រើប្រាស់រថយន្តប្រភេទ HEVs និង PHEVs ជាជាង BEVs។
ដូច្នេះ BYD នឹងដាក់លក់ម៉ូដែលជាច្រើនទៀតនៅលើទីផ្សារប្រទេសមួយនេះដោយក្នុងនោះរួមទាំងម៉ូដែល plug-in hybrid ផងដែរ។ មួយក្នុងចំណោមរថយន្តដែល BYD ត្រៀមធ្វើការប្រកាសចេញលក់នៅទីផ្សារអាហ្វ្រិកខាងត្បូងក្នុងឆ្នាំនេះ គឺជារថយន្តភីកអាប់ស៊េរីថ្មីម៉ូដែល BYD Shark 6 ដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារក្រៅប្រទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Bitauto បានឱ្យដឹងថា BYD នឹងបញ្ចេញរថយន្តភីកអាប់ Shark 6 នៅអាហ្វ្រិកខាងត្បូងនៅដើមឆ្នាំ 2025 នេះ។ រថយន្តភីកអាប់ BYD Shark ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់លើកដំបូងនៅក្នុងទីផ្សារម៉ិកស៊ិកក្នុងឆ្នាំ 2024។ ក្រោយមករថយន្ត Pickup Truck-PHEV នេះបានចូលទៅកាន់ទីផ្សារប្រទេសផ្សេងទៀតដូចជាប្រេស៊ីល កម្ពុជា និងអូស្ត្រាលី។ គួរបញ្ជាក់ផងដែរថា BYD Shark ត្រូវបានគេវាយតម្លៃឲ្យថាជា Australia's Car of the Year 2024 ដោយ News Corp បើទោះបីជាការដឹកជញ្ជូនមិនបានចាប់ផ្តើមកាលពីឆ្នាំមុនក៏ដោយ។
BYD Shark Pickup ឬ Shark 6 ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹងស្តង់ដារ DMO Platform របស់ BYD ដោយមានបណ្តោយ 5,457mm/ ទទឹង1,971mm/កំពស់ 1,925mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,260mm។ រថយន្ត PHEV-Pickup Truck របស់ចិនមួយនេះអាចអូសសណ្តោងទម្ងន់បាន 2,500kg។ Shark 6 ភ្ជាប់ដំណើរការដោយម៉ាស៊ីន Hybrid ចំនុះ 1.5-liter ICE ដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រអេឡិចត្រូនិចចំនួនពីរដែលសរុបកំលាំងបញ្ចូលគ្នាស្មើរនឹង 320kW ឬ 429 សេះ និងកំលាំងរមូល 650Nm ដែលអាចជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ប្រើពេលប្រមាណ 5.7 វិនាទី។ សម្រាប់កញ្ចប់ថ្មអគ្គិសនីវិញ BYD Shark 6 ភ្ជាប់មកជាមួយកញ្ចប់ថ្មប្រភេទ LFP ទំហំ 29.6kWh ដែលការសាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 100km។

រថយន្ត PHEV-Pickup Truck មួយនេះអាចបើកបរបានចម្ងាយផ្លូវ 840km ដោយប្រើម៉ាស៊ីនចាក់សាំង និងសាកថ្មពេញម្តង។ ហើយកម្រិតស៊ីសាំងរបស់ម៉ាស៊ីន Hybrid របស់ Shark 6 គឺប្រមាណ 7.5L/100km។ សម្រាប់តម្លៃរបស់ BYD Shark 6 សម្រាប់ទីផ្សារអាហ្វ្រិចខាងត្បូងមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ចេញនៅឡើយទេ។ BYD Shark 6 មានតម្លៃខ្ទង់ប្រហែល $43,800 នៅទីផ្សារម៉ិកស៊ិកូ, ខ្ទង់ប្រហែល $60,800 នៅទីផ្សារប្រេស៊ីល, $36,250 នៅទីផ្សារអូស្រ្តាលី និងជាង $55,000 នៅទីផ្សារប្រទេសកម្ពុជា៕
