ស្វែងរកពួកយើង:

BYD Xia minivan នឹងប្រកាសចេញលក់នៅទីផ្សារម៉ិកស៊ិកក្រោមស្លាកឈ្មោះថ្មីថា “BYD M9”

ដោយ

Koun Jab Luffy

17 មិថុនា 2025 03:17 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន BYD នឹងមានការប្រកាសចេញលក់ឡាន minivan ឬ MPV ស៊េរីថ្មីម៉ូដែល Xia នៅទីផ្សារប្រទេសម៉ិកស៊ិកនាថ្ងៃទី 26 ខែមិថុនា ត្រូវនឹងសប្តាហ៍ក្រោយនេះ ជាមួយការប្រើប្រាស់ស្លាកឈ្មោះថ្មីថា BYD M9។ បើតាមរបាយការណ៍ចេញពីប្រទេសចិនបាននិយាយថា BYD បានធ្វើការនាំចេញ BYD M9 ទៅកាន់ទីផ្សារម៉ិកស៊ិកជើងដំបូងក្នុងចំនួន 500 គ្រឿង។ BYD Xia minivan ឬ BYD M9 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារប្រទេសចិនជាផ្លូវការណ៍កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2025។
ឡាន MPV ដំណើរការដោយប្រព័ន្ធ Plug-in-hybrid ស៊េរីថ្មីនេះ មានតម្លៃខ្ទង់ $34,750 នៅទីផ្សារប្រទេសចិន ហើយបានក្លាយជាឡាន MPV ដែលលក់ដាច់បំផុតផងដែរ។ បើគិតចាប់ពីខែមករា ដល់ខែឧសភា BYD Xia ឬ M9 លក់បានចំនួន 14,962 គ្រឿងនៅទីផ្សារប្រទេសចិន។ ស្របពេលដែលម៉ូដែល MPV ប្រណិត គឺ BYD Denza D9 minivan លក់បានចំនួនសរុបដល់ 44,676 គ្រឿង នៅក្នុងរយះពេលដូចគ្នា នេះបើតាមរបាយការណ៍ពី China EV DataTracker។
Article image
BYD M9 បានលេចវត្តមានឡើងនៅលើគេហទំព័រក្រុមហ៊ុន BYD ក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី 15 ខែមិថុនា ថ្មីៗនេះ។ BYD Auto Mexico បានធ្វើការចែកចាយផ្ទាំងផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលបានបង្ហាញថា BYD M9 minivan នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារម៉ិកស៊ិកនាថ្ងៃទី 26 ខែមិថុនា នេះ។ នៅលើគេហទំព័រក្រុមហ៊ុន BYD ក្នុងប្រទេសម៉ិកស៊ិកបានបញ្ជាក់ថា BYD M9 minivan គឺជាម៉ូដែលជិះបានចម្ងាយ 945km មានកម្រិតស៊ីសាំងប្រមាណ 17.8km/1L ឬ 5.9L ក្នុង 100km។
ឡាន MPV ស៊េរីថ្មីនេះអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 8.1 វិនាទី និងគាំទ្រការសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 18 នាទីប៉ុណ្ណោះ។ BYD M9 Minivan មានតួរខ្លួនប្រវែង 5,145/ ទទឹង 1,970mm/ កំពស់ 1,805mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,045mm។
Article image
ឡាន MPV នេះ មានកៅអីចំនួន 7 រៀបជា 2+2+3 ហើយនៅផ្នែកកណ្តាលក្នុងកាប៊ីនមានអេក្រង់ចំនួន 3 ដោយក្នុងនោះមានអេក្រង់សម្រាប់កម្សាន្តទំហំធំដល់ 15.6-inch ជាមួយនឹងអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូត និងអេក្រង់សម្រាប់អ្នករួមដំណើរខាងមុខមានទំហំ 12.3-inch ដូចគ្នា។ បន្ថែមពីនេះ BYD M9 ក៏មានទូរទឹកកកដែលមានមុខងារកម្តៅ និងត្រជាក់ កូនតុបត់ និងទូរទស្សន៍ដែលភ្ជាប់នូវលើដំបូលសម្រាប់អ្នកអង្គុយកៅអីជួរទីពីរ និងទីបីទស្សនាផងដែរ។
Article image
BYD Xia minivan ឬ M9 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា 5.0 DM system ដែលដំណើរការនៅលើម៉ាស៊ីន 1.5-liter turbocharged engine មានកម្លាំង 115kW ឬ 154 សេះ គូបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីមួយកម្លាំង 200kW ឬ 268 សេះ។ BYD Xia ឬ M9 មានជម្រើសកញ្ចប់ថ្មទំហំ 20.4kWh និង 36.6kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km ទៅ 180km ទៅតាមជម្រើសទំហំថ្ម។ BYD Xia minivan ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សរប្រទេសចិនមានតម្លៃចាប់ពីខ្ទង់ $34,750 ដល់ $43,100 ដែលជាតម្លៃធូរថ្លៃជាងម៉ូដែល Denza D9 ដែលមានតម្លៃចាប់ពីខ្ទង់ $47,260 រហូតដល់ $65,350៕
BYD Xia minivan នឹងប្រកាសចេញលក់នៅទីផ្សារម៉ិកស៊ិកក្រោមស្លាកឈ្មោះថ្មីថា “BYD M9”