
ឡានអគ្គិសនីម៉ូដែលថ្មី Yangwang U7 BEV របស់ BYD នឹងទទួលបានការបំពាក់កញ្ចប់ថ្មទំហំធំដល់ 150.01kWh និង 135.5kWh Blade (LFP) battery។ បើតាមស្តង់ដារវ៉ាស់ចម្ងាយបើកបរពីស្ថាប័ន CLTC បានបញ្ជាក់ថា Yangwang U7 BEV ម៉ូដែលថ្មីអាចបើកបានចម្ងាយ 1,006km និង 800km នៅពេលសាកភ្លើងពេញម្តង។ រថយន្តអគ្គិសនី Sedan ថ្មីប្រណិតរបស់ BYD នឹងមានទំងន់ 3,120kg/3,195kg /3,290kg និង 3,095kg អាស្រ័យទៅលើជម្រើសម៉ូដែលរៀងៗគ្នា។
យោងទៅលើបញ្ចីរបស់ MIIT ដែលបានបង្ហាញកាលពីខែធ្នូកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា Yangwang U7 BEV គឺនឹងមាកជម្រើសម៉ូដែល 5-កៅអី និង 4-កៅអី ជាមួយការឌីស្សាញរូបរាងខាងក្រៅដូចគ្នានឹងម៉ូដែលមានវត្តមានលើទីផ្សារបច្ចុប្បន្នដែរ។ ឡានអគ្គិសនី sedan ថ្មីនេះ មានប្រវែងតួរខ្លួន 5,265mm/ទទឹង 1,998mm/ កំពស់ 1,517mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ សម្រាប់អនុភាពកម្លាំងរបស់ Yangwang U7 BEV វិញ គឺត្រូវបាន BYD បំពាក់មកជាមួយម៉ូទ័រអគ្គិសនីប្រភេទpermanent magnet synchronous motors ចំនួន 4 គ្រាប់ ដោយមួយគ្រាប់ៗអាចផលិតកម្លាំងបាន 240kW ដែលសរុបកម្លាំងចូលគ្នាគឺស្មើរនឹង 960kW ឬ 1,287hp។

ចំពោះ Yangwang U7 BEV បច្ចុប្បន្ន គឺបានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 135.5kW អាចបើកបានចម្ងាយផ្លូវ 720km (CLTC) នៅពេលសាកភ្លើងពេញម្តង ព្រមទាំងអាចជាន់ល្បឿនTop Speed បានដល់ 270km/h ជាមួយសន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 2.9 វិនាទី។ សម្រាប់ម៉ូដែលកញ្ចប់ថ្មទំហំ 150.01kWh គឺមានទំងន់សរុប 926kg ធៀបនឹងទំហំ 135.5kWh ដែលមានទំងន់ 903kg។ BYD Yangwang U7 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ដំបូងកាលពីខែមីនា ឆ្នាំ 2025 ហើយត្រូវបានចាត់ចូលជារថយន្ត sedan EV ប្រណិតមានតម្លៃថ្លៃ ឬ “million-dollar-class new energy flagship sedan” ដោយមានតម្លៃចាប់ពីខ្ទង់ $89,800 ឡើងទៅនៅទីផ្សារប្រទេសចិន ហើយនិងមានជម្រើសម៉ូដែល 4-កៅអី និង 5-កៅអី ជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid (PHEV)។
កំពូលរថយន្តអគ្គិសនី sedan ដ៏ប្រណិតខ្លាំងមួយនេះ គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរកម្រិតខ្ពស់បំផុតរបស់ BYD ស៊េរី “God’s Eye A” ឬ DiPilot 600 ដែលភ្ជាប់ដំណើរការដោយសែនស័រកម្រិតខ្ពស់ LiDAR ចំនួន 3 គ្រាប់, ប្រព័ន្ធជើងក្រោមទំនើបប្រភេទ DiSus-Z suspension system ដែលផលិតនៅលើទម្រង់ e4 (Yisifang) platform រួមជាមួយនឹងអនុភាពម៉ូទ័រអគ្គិសនីចំនួន 4 គ្រាប់ និងមានកម្រិតកកិតខ្យល់ទាបបំផុតត្រឹម 0.195 Cd ដែលធ្វើឲ្យ U7 មានកម្រិត aerodynamic ទាបជួយរក្សាលំនឹងរថយន្តបានល្អទោះបីជាជាន់ល្បឿនលឿនកប់ក៏ដោយ។ ហើយសម្រាប់ម៉ូដែល Yangwang U7 BEV ថ្មី 2026 ក៏នឹងទទួលបានការបំពាក់មុខងារទាំងអស់នេះដូចគ្នាផងដែរ៕
