ស្វែងរកពួកយើង:

BYD YangWang U8 រថយន្តអគ្គិសនី SUV ស៊េរីថ្មី កៅអីបីជួរនឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ

Koun Jab Luffy

16 សីហា 2024 09:54 ព្រឹក

អាន 3 នាទី

Article image
រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីបំពាក់កៅអីបីជួរម៉ូដែល YangWang U8 ចេញពីក្រុមហ៊ុន BYD នឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ក្រោយពីការបង្ហាញវត្តមាននៅលើដងវិថីសម្រាប់ការបើកបរសាកល្បងកាលពីពេលថ្មីៗនេះ។ រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ នឹងត្រូវចូលខ្លួនមកប្រគូតប្រជែងទីផ្សាររថយន្តអគ្គិសនី SUV ប្រណិតបំពាក់កៅអីបីជួរ។
YangWang គឺជាម៉ាកយីហោរថយន្តប្រណិតស្ថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុនផលិតរថយន្ត BYD ដែលត្រូវបានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិននេះធ្វើការប្រកាសចេញកាលពីអំឡុងឆ្នាំ 2023។ បច្ចុប្បន្នរថយន្តដែលស្ថិតក្រោមស្លាកយីហោមួយនេះ គឺមានចំនួនពីរម៉ូដែលរួចហើយនៅលើទីផ្សារក្នុងនោះមានម៉ូដែល YangWang U8 ដែលជាប្រភេទរថយន្ត off-road និង YangWang U9 ដែលជារថយន្ត Supercar។ សម្រាប់ម៉ូដែល ចុងក្រោយត្រូវបានក្រុមហ៊ុនធ្វើការនាំចេញកាលពីអំឡុងខែកក្តដា កន្លងទៅ។
Article image
YangWang U8 off-road SUV គឺជារថយន្តដែលលក់ដាច់បំផុតរបស់ YangWang។ ដោយគិតចាប់ពីខែមករា ដល់ខែកក្តដា ឆ្នាំ 2024 រថយន្ត YangWang U8 លក់បានចំនួន 5,939 គ្រឿង ហើយការលក់សរុបរបស់ YangWang U8 បានឈានដល់ 7,940 គ្រឿងហើយក្នុងពេលនេះ។ ក្នុងពេលបច្ចុប្បន្នតម្លៃរបស់ YangWang U8 បានឈានដល់ខ្ទង់ $152,600 នៅក្នុងទីផ្សារប្រទេសចិន ដូច្នេះ ដើម្បីបង្កើនការលក់ និងតម្លៃក្រុមហ៊ុន BYD ត្រៀមបញ្ចេញម៉ូដែល U8 ស៊េរីថ្មីដែលបំពាក់កៅអីបីជួរមួយបន្ថែមទៀត។ បើតាមរូបភាពបែកធ្លាយបង្ហាញថា YangWang U8 3-row seats SUV ថ្មីនេះ គឺមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើសដំបូល និងមានដៃទ្វារលឹបចូលក្នុង “retractable door handles”។
រថយន្តស៊េរីថ្មីនេះ គឺនឹងមានប្រវែងគន្លាតកង់មុខក្រោយប្រមាណ 3,050mm ជាមួយគម្លារវាងភ្លៅមុខក្រោយប្រមាណ 3.2 ម៉ែត្រ ដែលធ្វើឲ្យរថយន្តម៉ូដែលថ្មីនេះមានតួរខ្លួនវែងជាងម៉ូដែល U8 បច្ចុប្បន្នបន្តិច។ សម្រាប់កៅអីបីជួររបស់ YangWang U8 ថ្មីនេះ គឺនឹងរៀបជា 2+2+2 ហើយកៅអីជួរទីពីរជាប្រភេទកៅអីអាចធ្វើកំនត់មុខងារផ្សេងបានដូចកៅអីខាងមុខដែរ ឬហៅថា Independent captain Chair។
Article image
YangWang U8 ផលិតឡើងដោយប្រើប្រព័ន្ធ e-Platform 4 architecture ដោយមានប្រវែងបណ្តោយ 5,319mm/ ទទឹង 2,050/ កម្ពស់ 1,930mm, គម្លាតកង់មុខក្រោយ 3,050mm និងកម្ពស់ពីផ្ទៃដីទៅបាតរថយន្ត 285mm នេះក៏ដោយសារតែការប្រើប្រាស់នូវប្រព័ន្ធបូមប្រភេទ hydraulic suspension system។ ផ្នែកខាងក្រោយរថយន្តអាចផ្ទុកទំងន់បាន 1,032 liter។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់ដែលជា main screen ទំហំ 12.8-inch រួមនឹងអេក្រង់បង្ហាញព័ត៌មានរថយន្ត LCD Instrument Panel ទំហំធំដល់ 23.6-inch ហើយនិងអេក្រង់នៅខាងមុខអ្នករួមដំណើរមានទំហំ 23.6-inch រួមទាំងអេក្រង់កម្រាន្តសម្រាប់អ្នករួមដំណើរការកៅអីខាងក្រោយទំហំ 12.8-inch ផងដែរ។
Article image
រថយន្ត off-road SUV ដ៏អំណាចរបស់ BYD មួយនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 (four e-motors) ដែលសរុបកំលាំងថាមពលបានដល់ 880kW ឬស្មើរនឹង 1,180 សេះ និងកំលាំងរមូល 1,280Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.6 វិនាទី។ YangWang U8 ប្រើកញ្ចប់អាគុយប្រភេទ LFP Battery ទំហំ 49-kWh ដែលផលិតដោយក្រុមហ៊ុន FinDream។ ដោយឡែកសម្រាប់ម៉ូដែល YangWang U8 EREV វិញបានមានជំនួយបន្ថែមពីម៉ាស៊ីនសាំង 2-liter turbocharged petrol engine កំលាំង 200kW ឬស្មើរនឹង 268 សេះ ជាមួយធុងសាកដែលអាចផ្ទុកបានចំនុះ 75 លីត្រ ដែលចាក់សាំងមួយពេញអាចបើកបានចំងាយផ្លូវដល់ 1,000km៕
Article image
BYD YangWang U8 រថយន្តអគ្គិសនី SUV ស៊េរីថ្មី កៅអីបីជួរនឹងមកដល់ក្នុងពេលឆាប់ៗនេះ