ស្វែងរកពួកយើង:

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ

Koun Jab Luffy

07 តុលា 2025 09:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Denza ដែលជាម៉ាករថយន្តប្រណិតរបស់ BYD បានធ្វើការប្រកាសចេញលក់ Pre-sale រថយន្ត flagship Hybrid SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល N8L នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពី $44,820 ដល់ $49,147។ Denza N8L គឺជាប្រភេទរថយន្តគ្រួសារដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្ត Large-size PHEV SUV 6-កៅអីមួយនេះ មានប្រវែងតួរខ្លួន 5,200mm/ ទទឹង 1,999mm/ កំពស់ 1,820 និងគម្លាតកង់មុខទៅកង់ក្រោយ 3,075mm។
Denza N8L ដំណើរការជាមួយប្រព័ន្ធ e3 technology របស់ BYD រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីឯករាជ្យចំនួន 3 និងប្រព័ន្ធកង់ខាងក្រោយរេបត់តាមចង្កូត។ សម្រាប់ម៉ូទ័រខាងមុខមានកម្លាំង 200kW ខណៈម៉ូទ័រខាងក្រោយទាំងពីរមានកម្លាំង 180kW ក្នុងម៉ូទ័រនីមួយៗ។ ចំនែកម៉ាស៊ីន Hybrid វិញ គឺមានកម្លាំង  152kW ដែលធ្វើឲ្យរថយន្ត SUV 6-កៅអីមួយនេះ មានសមត្ថភាពជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 3.9 វិនាទី។ N8L បំពាក់កញ្ចប់ថ្មប្រភេទ Blad Battery របស់ BYD ដែលឌីស្សាញផលិតឡើងសម្រាប់រថយន្ត PHEV ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 230km ដោយប្រើថាមពលអគ្គិសនីសុទ្ធ តាមស្តង់ដារ CLTC និងជិះបានដល់ 1,300km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។
Article image
សម្រាប់ផ្នែកខាងក្នុងរបស់ Denza N8L មានភាពទូលាយល្អផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ ដោយក្នុងនោះមានការរៀបចំកៅអី 3 ជួរ រៀបជា 2x2x2 Layout, មានទូរទឹកកក, មានអេក្រង់កម្សាន្តទំហំធំសម្រាប់អ្នកអង្គុយកៅអីជួរក្រោយ, នៅលើតាឡូមានអេក្រង់កម្សាន្តធំនៅកណ្តាល ដែលដំណើរការជាមួយមុខងារ DeepSeek AI large model, អេក្រង់សម្រាប់អ្នករួមដំណើរការកៅអីខាងមុខជាដើម។ បន្ថែមពីនេះ N8L ក៏បំពាក់នូវប្រព័ន្ធជើងក្រោមទំនើប DiSus-A chassis control system របស់ BYD និងសម្បកកង់ប្រភេទ high-speed flat tire stability system។
Article image
សូមបញ្ជាក់ថា ក្នុងខែសីហា ការលក់រថយន្តម៉ាក Denza របស់ BYD មានចំនួន 11,993 គ្រឿង កើនឡើងប្រមាណ 20.06% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ និងប្រមាណ 5.43% បើធៀបនឹងខែកក្តដា។ ក្នុងខែសីហា ឆ្នាំ 2025 ក្រុមហ៊ុន Denza លក់រថយន្តម៉ាក D9 MPV បានចំនួន 8,712 គ្រឿង, ម៉ាក Z9 Series បានចំនួន 1,102 គ្រឿង, ម៉ាក N9 បានចំនួន 2,021 គ្រឿង និងម៉ាក N7 បានចំនួន 158 គ្រឿង៕
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km