ក្រុមហ៊ុន BYD ត្រូវបានគេរាយការណ៍ថា បានត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីស៊េរីថ្មីប្រភេទ Full-size SUV ម៉ូដែល Great Tang នៅក្នុងខែឧសភា ឆ្នាំ2026 ដែលមានជម្រើសអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid ឬ PHEV។ សម្រាប់ម៉ូដែល Great Tang BEV នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash Charging Technology របស់ BYD ហើយសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 950km។ សម្រាប់មុខងារពិសេសៗផ្សេងៗទៀតដែលនឹងមានប្រើនៅលើ Great Tang SUV មានដូចជាប្រព័ន្ធបត់កង់ក្រោយរេតាមចង្កូត “rear-wheel steering” និងប្រព័ន្ធប៊ូមខ្យល់ “Air suspension” ជាដើម។



BYD Great Tang SUV ឬគេស្គាល់ថា BYD Datang នៅក្នុងប្រទេសចិន ត្រូវបានបង្ហាញរូបរាងផ្លូវការណ៍កាលពីថ្ងៃទី 05 ខែមីនា កន្លងទៅ ដែលស្ថិតក្នុងអម្បូរឡាន Flagship SUV របស់ BYD។ ឡាន SUV ស៊េរីថ្មីនេះ នឹងចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំដោយប្រើនូវគំរូស៊េរី Dynasty-D Concept ដែល BYD បានបង្ហាញនៅក្នុងព្រឹត្តិការ 2025 Shanghai Auto Show។ BYD Great Tang SUV ក៏ត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ចីសម្រាប់ការលក់ជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិនរួចហើយ ដោយមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid (PHEV)។
BYD Great Tang SUV គឺស្ថិតក្នុងស្រឡាយរថយន្តប្រភេទ Flagship SUV ដែលមានតម្លៃចាប់ពីខ្ទង់ $58,090។ យ៉ាងណាមិញបើតាមប្រភពពី CarNewsChina បានធ្វើការព្យាករណ៍ថ Great Tang អាចនឹងមានតម្លៃចាប់ពីខ្ទង់ $43,570 ឡើងទៅ ដែលតម្លៃនេះ គឺប្រហាក់ប្រហែលគ្នានឹងតម្លៃរបស់ Denza N8L និង Denza N9 ដែលជាឡាន SUV ប្រណិតរបស់ BYD។ BYD Great Tang SUV ស៊េរីថ្មីនេះ គឺជាប្រភេទ Full-size SUV ដែលមាន 7-កៅអី។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,302mm/ ទទឹង 1,999mm/ កំពស់ 1,800mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,130mm។
ក្នុងកាប៊ីនរបស់ BYD Great Tang នឹងមានបំពាក់មកជាមួយអេក្រង់ចំនួន 3 នៅកណ្តាលតាប់ឡូ, មានកូនតុបត់សម្រាប់អ្នកអង្គុយកៅអីជួរទីពីរប្រើ, មានអេក្រង់ភ្ជាប់នៅពិដានដំបូល និងមានទូរទឹកកកថែមទៀតផង។ នៅលើម៉ូដែលប្រើអគ្គិសនីសុទ្ធ ឬ BEV នឹងគាំទ្រការដំឡើងជាមួយបច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ ជាមួយការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត “Megawatt-charging”។
Great Tang BEV មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រមួយ ឬ rear-wheel-drive (RWD) ប្រើប្រាស់ម៉ូទ័រដែលមានកម្លាំង 300kW (402hp) និងមានកញ្ចប់ថ្មទំហំ 130.15kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 950km (CLTC) ដែលស្ថិតនៅក្នុងបញ្ចីរថយន្តអគ្គិសនីប្រភេទ SUV ដែលមានរយះចម្ងាយបើកបរបានឆ្ងាយបំផុត។ ចំនែកម៉ូដែល BEV-4WD គឺដំណើរការដោយម៉ូទ័រអគ្គិសនីពីរ មានកម្លាំងសរុប 585kW(784hp) អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 3.9 វិនាទី ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 850km។
ដោយឡែកសម្រាប់ម៉ូដែល PHEV ឬ Great Tang DM-i វិញ គឺគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM-i Hybrid System ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 115kW(154hp) ជាមួយនឹងម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW (268hp) និងមានកញ្ចប់ថ្មទំហំ 66.48kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 342km (CLTC) ដោយប្រើអគ្គិសនីសុទ្ធ។ ជាមួយគ្នានេះ BYD ក៏នឹងផ្តល់ជូនជម្រើសម៉ូដែល Great Tang DM-p មួយផ្សេងទៀតផងដែរ ហើយម៉ូដែលនេះនឹងប្រើម៉ាស៊ីន 1.5-liter ICE ជាមួយប្រព័ន្ធម៉ូទ័រ e-Motor ចំនួនពីរ មានកម្លាំងសរុប 400kW (536hp)៕


