
ក្រុមហ៊ុនផលិតរថយន្តធំបំផុតលើពិភពលោករបស់ប្រទេសចិន BYD បានត្រៀមក្នុងការនាំយករថយន្តប្រភេទ Plug-in-hybrid ម៉ូដែល Sealion 6 ចូលទៅក្នុងទីផ្សារប្រទេសជប៉ុនក្នុងនាមជារថយន្ត PHEV ដំបូងគេក្នុងប្រទេសនេះ នៅខែមករា ឆ្នាំ 2026 នេះបើតាមការចេញផ្សាយដោយកាសែត Nikkei China។
ប្រភពដដែលបានបញ្ជាក់ថា BYD Sealion 6 ដែលមានឈ្មោះថា Song Plus នៅក្នុងទីផ្សារប្រទេសចិន ទំនងជានឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Japan Mobility Show in Tokyo ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ 2025 ខាងមុននេះ។ ប្រធានក្រុមហ៊ុន BYD Japan លោក Atsuki Tofukuji មានប្រសាសន៍លើកឡើងថា ការចេញលក់រថយន្ត PHEV នៅពេលខាងមុខក្នុងប្រទេសជប៉ុន គឺនឹងជួយដោះស្រាយកង្វល់ជាច្រើនរបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនី (BEV)។

BYD បានបញ្ជាក់ថា Sealion 6 នឹងមានតម្លៃធូរថ្លៃសម្រាប់ប្រជាជនជប៉ុនជាវយកទៅប្រើប្រាស់ ដែលវានឹងមានតម្លៃចាប់ពីខ្ទង់ $24,130។ យោងតាមរបាយការណ៍នៃការលក់ក្នុងទីផ្សារសកលបាន បង្ហាញថា ការលក់រថយន្តប្រភេទ Plug-in-hybrid ឬ PHEV របស់ BYD គឺមានចំនួនច្រើនជាងរថយន្តអគ្គិសនីសុទ្ធ (BEV)។

នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុន BYD លក់រថយន្តសរុបបានចំនួន 4.27 លានគ្រឿងនៅលើទីផ្សារសកល ដោយក្នុងនោះរថយន្ត PHEV មានចំនួន 2.48 លានគ្រឿង ស្មើរនឹង 58% នៃចំនួនលក់សរុប ធៀបនឹងរថយន្តអគ្គិសនីដែលលកបានចំនួន 1.76 គ្រឿង ឬស្មើរនឹង 41%។ BYD បានប្រកាសចេញលក់រថយន្ត PHEVs របស់ខ្លួននៅទីផ្សារអឺរ៉ុប និងអាស៊ីអាគ្នេយ៍ រួមទាំងទីផ្សារដូចជាប្រទេសថៃ ហ្វីលីពីន និងសិង្ហបុរី ជាដើម។

ការលក់រថយន្ត PHEVs បានចំនួន 7.6% នៃការលក់រថយន្តថ្មីទូទាំងពិភពលោកនៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 ដែលស្ទើរតែស្មើនឹងរថយន្ត Hybrid ដែលមាន 7.7%។ នៅក្នុងប្រទេសចិនរថយន្ត PHEVs កាន់កាប់ចំណែកទីផ្សារ 15.9% លើសរថយន្ត Hybrid ដែលមានតែ 3%។

ផ្ទុយទៅវិញ ប្រទេសជប៉ុនការលក់រថយន្ត Hybrid មានចំនួនជិត 30% នៃការលក់ បើធៀបនឹងរថយន្ត PHEV ដែលមានតែ 1% ប៉ុណ្ណោះ។ International Energy Agency (IEA) បានធ្វើការព្យាករថានៅឆ្នាំ 2030 រថយន្ត PHEVs នឹងមានចំនែកទីផ្សារលក់កើនឡើងដល់ 9% នៃទីផ្សាររថយន្តដឹកអ្នកដំណើររបស់ប្រទេសជប៉ុន ដែលជិតស្មើរនឹងរថយន្ត EV ដែលមានចំនួន 10.6%៕
