ស្វែងរកពួកយើង:

BYD នាំមុខ Volkswagen ក្លាយជាក្រុមហ៊ុនលក់រថយន្តឈានមុខគេនៅក្នុងប្រទេសចិនក្នុងឆ្នាំ 2023

ដោយ

Koun Jab Luffy

25 មករា 2024 03:46 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានយកឈ្នះក្រុមហ៊ុន Volkswagen Group និងបានឡើងមកកាន់តំណែងកំពូលសម្រាប់ការលក់រថយន្តនៅក្នុងប្រទេសចិននៅឆ្នាំ 2023។ ភាពជោគជ័យរបស់ BYD ដែលទទួលបាននេះ គឺជាការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនដែលកំពុងមានការកើនឡើងខ្លាំងយ៉ាងឆាប់រហ័សទាំងនៅទីផ្សារប្រទេសចិន និងទីផ្សារជាច្រើនទៀតនៅលើពិភពលោក។
ក្រុមហ៊ុន Build Your Dreams ឬ BYD បាននាំចេញរថយន្តបានចំនួន 2.4 លានគ្រឿងនៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ 2023 ដែលកាន់កាប់ទីផ្សារសរុបបាន 11% ដែលបានកើនយ៉ាងឆាប់រហ័សឡើងពី 3.2%។ ការដែល BYD ប្រជាប្រិយភាពមានការកើនឡើងខ្លាំង និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្ត គឺដោយសារតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយនេះ បានផលិតរថយន្តដែលមានតម្លៃសមរម្យ និងមានភាពទំនើបទាន់សម័យក្នុងការប្រើប្រាស់ ហើយក៏ស្របទៅនឹងនិន្នាការពិភពលោកដែលកំពុងតម្រង់ទៅរកបរិស្ថានបៃតងក្នុងពេលអនាគតដ៏ខ្លាំងខាងមុខ ពោល គឺមិនមានការបំពុលបរិស្ថានដោយសារចំហាយសារធាតុកាបោនអុកស៊ីតពីការរថយន្តប្រើចំហេះឥន្ធនៈទៅក្នុងបរិយាកាស។
Article image
ហើយបច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Stellantis និង VW បាននឹងកំពុងងាកទៅរកការចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិនដើម្បីទទួលបានជំនួយសម្រាប់ការផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ ហើយការនាំមុខក្រុមហ៊ុន Volkswagen ក្លាយជាម៉ាករថយន្តពេញនិយមបំផុតនទីផ្សារប្រទេសចិនរបស់ BYD លើកនេះ ត្រូវបានអ្នកវិភាគព្យាករណ៍ថា ក្រុមហ៊ុននេះនឹងកាន់កាប់ចំនែកទីផ្សាររថយន្តឈានមុខគេបន្តទៀតក្នុងរយះពេលពេញមួយឆ្នាំនៅឆ្នាំ 2024។
យោងតាមរបាយការណ៍របស់ CATRC បានឲ្យដឹងថា ក្រុមហ៊ុន Volkswagen Group បានកាន់កាប់ដំណែងជាម៉ាករថយន្តពេញនិយមបំផុតរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ 2008 មកម្ល៉េះ។ ស្របពេលដែលក្រុមហ៊ុន Toyota និង Honda មានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់រថយន្តដំណើការដោយថាមពលអគ្គិសនី ដែលហេតុធ្វើឲ្យចំនែកទីផ្សារ និងការលក់រថយន្តរបប់ពួកគេមានការធ្លាក់ចុះ។
Article image
ហើយអ្វីដែលជាទីចាប់អារម្មណ៍បំផុតនោះ គឺថាការនាំចេញរថយន្តរបស់ BYD ទៅកាន់ទីផ្សារសកលមានសម្រាប់ពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណជា 3 លានគ្រឿង ដែលធ្វើឲ្យម៉ាករថយន្តរបស់ប្រទេសចិនមួយក្លាយជាក្រុមហ៊ុនដំបូងដែលបានជាប់ក្នុងបញ្ចីនៃម៉ាករថយន្តដែលលក់ដាច់បំផុតទាំង 10 របស់ពិភពលោក (Top 10 rankings of global auto sales)។ ហើយអ្វីដែលកាន់តែពិសេស គឺការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD បានវ៉ាដាច់ក្រុមហ៊ុនម៉ាករថយន្ត Tesla ដែលជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីសុទ្ធដែលមានឥទ្ធិពល និងធំបំផុតតែមួយគត់របស់ពិភពលោក កាលពីអំឡុងត្រីមាសទី 4 ក្នុងឆ្នាំ 2023៕
BYD នាំមុខ Volkswagen ក្លាយជាក្រុមហ៊ុនលក់រថយន្តឈានមុខគេនៅក្នុងប្រទេសចិនក្នុងឆ្នាំ 2023