ស្វែងរកពួកយើង:

BYD នឹងចាប់ផ្តើមសង្វាក់ផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងរោងចក្រប្រទេសថៃ នៅខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

20 មីនា 2024 04:44 ល្ងាច

អាន 3 នាទី

Article image
តាមប្រភពព័ត៌មានផ្លូវការណ៍មួយចេញពីកណនី Weibo ក្នុងប្រទេសចិន បាននិយាយថា BYD បានចាប់ផ្តើមសង្វាក់ផលិតរថយន្តសាកល្បងជាលើកដំបូងក្នុងរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ “Thailand Plant”។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់សង្វាក់ទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅខែក្រោយនេះ (មេសា)។
សម្រាប់រោងចក្រផលិតរថយន្តរបស់ BYD ក្នុងប្រទេសថៃ (Thai Factory) គ្រោងនឹងផលិតរថយន្តចំនួន 150,000 គ្រឿងក្នុងមួយឆ្នាំ។ ជាមួយគ្នានេះក្នុងខែមេសា ឆ្នាំ 2024 ក្រុមហ៊ុន BYD គ្រោងនឹងសាងសងរោងចក្រថ្មីមួយទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ សូមបញ្ជាក់ថា BYD បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសថៃនៅថ្ងៃទី 10 ខែមីនា ដោយមានប្រារព្ធពិធីបើកការដ្ឋានសាងសង់ដ៏ធំផងដែរ។ យោងតាមមន្ត្រីនាំពាក្យរបស់ BYD បានឲ្យដឹងថា រោងចក្រនេះនឹងពន្លឿនការលក់របស់ BYD នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក។ រោងចក្រនេះបានដណ្តប់លើផ្ទៃដី 960,000 ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតកម្មប្រចាំឆ្នាំបានប្រមាណ 150,000 គ្រឿង។
បើតាមប្រភពរូបភាពដែលបានធ្វើការចែកចាយដោយគណនីទម្លាយព័ត៌មានខាងលើនេះ គឺបានបង្ហាញពីសកម្មភាពក្នុងការសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ Thai Factory ដែលរូបភាពគ្រោងនៃរថយន្តក្នុងរូបភាពនេះត្រូវបានគេស្គាល់ថា ជាម៉ូដែល BYD Atto 3 សម្រាប់ទីផ្សារសកល ឬហៅថា Yaun Plus សម្រាប់ទីផ្សារប្រទេសចិន។ ហើយវាក៏ជាខ្សែសង្វាក់ផលិតកម្មទីមួយដំបូង ដែលមានឈរជុំវិញដោយក្រុមការងារបុគ្គលិកចាំធ្វើការដំឡើងផ្នែកផ្សេងៗរបស់រថយន្ត។ ក្នុងរូបភាពក៏បានបង្ហាញឲ្យឃើញថា មានចង្កូតស្ថិតនៅផ្នែកខាងស្តាំ។ ដែលនេះបានបង្ហាញច្បាស់ថា BYD បានធ្វើការផលិតរថយន្តអគ្គិសនីម៉ាក Atto 3 របស់ខ្លួននៅក្នុងរោងចក្រប្រទេសថៃ។
ហើយតាមការបញ្ជាក់ពីគណនី Weibo ខាងលើបានបញ្ជាក់ថា BYD នឹងចាប់ផ្តើមសង្វាក់ផលិតទ្រង់ទ្រាយធំក្នុងរោងចក្រ Thai Factory នៅក្នុងខែមេសា ឆ្នាំ 2024 ខាងមុខនេះ។ នៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 30 ម៉ឺនគ្រឿង នៅក្នុងទីផ្សារប្រទេសថៃ។ ហើយសម្រាប់សង្វាក់ផលិតទ្រង់ទ្រាយធំនៅខែក្រោយនេះ នឹងធ្វើឲ្យ BYD ពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសថៃ ក៏ដូចជានៅតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។
BYD Atto 3 គឺជារថយន្តអគ្គិសនីប្រភេទ Compact SUV ដែលមានទំហំវិមាត្ររួម 4,455mm X 1,875mm X 1,615mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,720mm។ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីមួយជាប្រភេទ e-Motor កំលាំង 150kW ជាមួយកញ្ចប់អាគុយអគ្គិសនី LFP ចំនួនពីរជម្រើសទំហំ គឺ 49.9kWh និង 60.5kWh។ សមត្ថភាពអាគុយអគ្គិសនីរបស់ Atto 3 អាចបើកបរបានចំងាយផ្លូវបានចំងាយផ្លូវចាប់ពី 410km ទៅ 480km នៅពេលសាកភ្លើងមួយពេញម្តង នេះបើតាមការបញ្ជាក់ពីស្ថាប័ន NEDC។ BYD Atto 3 មានតម្លៃចាប់ពីខ្ទង់ $25,000 ឡើងទៅ នៅក្នុងទីផ្សារប្រទេសថៃ។
Article image
ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី លោក Bahlil Lahadalia បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រក្រុមហ៊ុន BYD នៅខែមេសា ឆ្នាំ 2024។ ការវិនិយោគរបស់ BYD នៅក្នុងគម្រោងនេះ គឺមានចំនួនទឹកប្រាស់ប្រមាណ 1.3 ពាន់លានដុល្លារ។ ដូចរោងចក្រ Thail ដែរ រោងចក្រឥណ្ឌូណេស៊ីនឹងមានសមត្ថភាពផលិតរថយន្តរហូតដល់ 15 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ហើយរថយន្តចំនួនបីម៉ូដែលនឹងត្រូវបានផ្គុំនៅក្នុងរោងចក្រថ្មីក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមមាន BYD Dolphin, Atto 3 និង Seal ជាដើម៕