
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនដែលកំពុងឈានមុខគេនៅលើពិភពលោក BYD គឺបាននឹងកំពុងរៀបចំផែនការក្នុងការចូលប្រឡូកនៅក្នុងទីផ្សាររថយន្តអគ្គិសនីអាមេរិកខាងជើង ដោយត្រៀមចាប់ផ្តើមបោះជំហានឈានចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសកាណាដាក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះបានឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសម៉ិចស៊ីកូរួចរាល់ហើយ។ BYD បានចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងក្រុមហ៊ុន Uber ដែលបានប្រកាសពីភាពជាដៃគូថ្មីរវាងក្រុមហ៊ុនទាំងពីរ។ ភាពជាដៃគូនេះ គឺផ្តល់ជូនការបញ្ចុះតម្លៃសម្រាប់អ្នកបើកបររថយន្តក្រុមហ៊ុន Uber និងជម្រើសហិរញ្ញប្បទានពិសេសលើរថយន្ត BYD EV។
ហើយគោលដៅនៃភាពជាដៃគូថ្មី គឺដើម្បីចែកចាយរថយន្តម៉ាក BYD ចំនួន 100,000 គ្រឿងទៅដល់បណ្តាញក្រុមហ៊ុន Uber។ ដែលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ខណៈដែលក្រុមហ៊ុននៅតែបន្តដោះស្រាយជាមួយនឹងការអះអាងពីសហរដ្ឋអាមេរិក និងអឺរ៉ុបថាផលិតផលរបស់ខ្លួនត្រូវបានឧបត្ថម្ភធនលើសលប់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ដូច្នេះក្រុមហ៊ុនផលិតអគ្គិសនីនៅសហរដ្ឋអាមេរិក និងអឺរ៉ុបមានអារម្មណ៍ថា មានការគំរាមកំហែងដោយការផ្តល់ជូនតម្លៃសមរម្យបំផុតដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនទាំងមូល ដែល BYD គឺជាអ្នកដឹកនាំ។
ក្រុមហ៊ុនចិនផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុត ជាមួយគុណសម្បត្តិកម្រិតខ្ពស់ និងរយៈពេលវែងសម្រាប់ការប្រើប្រាស់។ ក្រុមហ៊ុន BYD មានវត្តមានលើទីផ្សារជាសកលរួចហើយដូចជានៅបណ្តាទីផ្សារមជ្ឈិមបូព៌ា និងអូសេអានី។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មិនទាន់មានគម្រោងក្នុងការលក់រថយន្តដឹកអ្នកដំណើរ ឬរថយន្តគ្រួសារនៅក្នុងប្រទេសកាណាដាទេ។ ផ្ទុយទៅវិញ BYD គ្រោងចេញលក់រថយន្តជាប្រភេទរថយន្តក្រុងនៅកាណាដា ដូចនៅអាមេរិកដែរ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានប្រកាសបង្កើនពន្ធនាំចូល 100% ដើម្បីធ្វើការរិតបន្តឹងសម្រាប់ការនាំចូលរថយន្តអគ្គិសនីរបស់ចិន ចូលទៅកាន់ទីផ្សាររបស់អាមេរិក។ ទោះជាបែបនេះក្តី BYD បច្ចុប្បន្នក៏បានធ្វើការចេញលក់រថយន្តរបស់ខ្លួនរួចហើយនៅម៉ិកស៊ិក ហើយទីផ្សារកាណាដា គឺក៏នឹងមានលទ្ធភាពក្នុងការចេញលក់នាពេលឆាប់ៗនេះផងដែរ៕
