ស្វែងរកពួកយើង:

BYD នឹងប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មី Haibao 07 EV ដែលមានតម្លៃជាង 2 ម៉ឺនដុល្លារ នៅដើមខែសីហាខាងមុខនេះ

ដោយ

Koun Jab Luffy

15 កក្កដា 2024 12:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើតាមការបង្ហើបពីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុននឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Haibao 07 EV នៅដើមខែសីហាខាងមុខនេះ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺជាម៉ូដែលធ្វើការ Upgrade ថ្មីពីម៉ូដែល Haibao បច្ចុប្បន្ន។ Haibao 07 EV នឹងមានបំពាក់នូវបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ និងសមត្ថភាពបើកបរដ៏អស្ចារ្យជាងជំនាន់មុន។ សម្រាប់តម្លៃរថយន្តម៉ូដែល Haibao បច្ចុប្បន្ន គឺចាប់ពីខ្ទង់ប្រហែល $24,758 ដល់ $43,397។
BYD Haibao 07 EV ស៊េរីថ្មីនេះ ត្រូវបានគេដឹងថានឹងរក្សាទម្រង់នៃការឌីស្សាញដូចគ្នានឹងម៉ូដែលបច្ចុប្បន្ន។ រថយន្តស៊េរីថ្មីនេះជាប្រភេទរថយន្ត Sedan EV ដែលមានបណ្តោយប្រវែង 4,800mm/ ទទឹង 1,875mm/ កម្ពស់ 1,460 និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 2,920mm។
Haibao 07 ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពទៅលើមុខងារជំនួយការបើកបរកាន់តែមានភាពឆ្លាតវៃជាងមុនដែលក្នុងនោះរួមមានប្រព័ន្ធចាប់សញ្ញាឆ្លាតវៃ LiDAR  System និងប្រើប្រាស់ទម្រង់ផលិត platform 3.0 Evo របស់ BYD ផ្ទាល់តែម្តង។ បន្ថែមពីនេះ Haibao 07 គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 800-volt high-voltage system ដែលជួយបង្កើនថាមពលដល់ប្រព័ន្ធម៉ូទ័រអគ្គិសនី និងប្រសិទ្ធិភាពខ្ពស់ក្នុងការសាកភ្លើងថែមទៀតផង។
Article image
ទៅលើប្រព័ន្ធជំនួយក្នុងការបើកបររបស់ Haibao 07 គឺដូចគ្នានឹងម៉ូដែលមុខដែរ គឺមានជម្រើសប្រើប្រព័ន្ធបើកបរ rear-wheel-drive និង four-wheel-drive ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីជាច្រើនជម្រើសផ្សេងៗគ្នា។ សម្រាប់សមត្ថភាពកញ្ចប់អាគុយវិញ គឺនឹងមានថាមពលប្រសើរជាងម៉ូដែលបច្ចុប្បន្ន ហើយអាចនឹងមានជម្រើសទំហំពីរផ្សេងគ្នាជាមួយប្រភេទកញ្ចប់អាគុយ lithium iron phosphate blade battery។ សូមបញ្ជាក់ថារថយន្តអគ្គិសនីម៉ាក Haibao Series របស់ BYD គឺទទួលបានភាពជោគជ័យនៅពេលចេញលក់ជាលើកដំបូង ប៉ុន្តែការលក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយរថយន្តម៉ាកនេះលក់បានចំនួនតែ 813 គ្រឿងប៉ុណ្ណោះនៅក្នុងខែមិថុនា។
Article image
BYD Haibao 07 Sedan EV នឹងមានទីផ្សារប្រឈមការប្រកួតប្រជែងខ្លាំងពីរថយន្តអគ្គិសនីសុទ្ធដែលពេញនិយមក្នុងពេលបច្ចុប្បន្នដូចជា Tesla Model 3, Xiaopeng P7 និង Zeekr 007 ក៏ដូចជាម៉ូដែលរថយន្តប្រើម៉ាស៊ីនសាំងដូចជា Honda Accord, Toyota Camry, Passat, Sagitar និង Teana ជាដើម៕