BYD Dolphin G DM-i គឺជារថយន្តប្រភេទ Plug-in-hybrid hatchback ដែលត្រូវបានធ្វើការឌីស្សាញរូបរាងឡើងសម្រាប់ទីផ្សារអ្នកប្រើប្រាស់ក្នុងតំបន់អឺរ៉ុប។ រថយន្ត PHEV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនគ្រោងធ្វើការប្រកាសចេញក្នុងខែមិថុនា ខាងមុខនេះ ហើយការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបអាចនឹងត្រូវធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ 2026 នេះ។ Dolphin G DM-i ថ្មីនេះ អាចបើកបរដោយប្រើអគ្គិសនីជាមួយម៉ាស៊ីនសាំងបានចម្ងាយ 1,000 គីឡូម៉ែត្រ។
ទៅលើការឌីស្សាញរបស់ BYD Dolphin G DM-i គឺមានភាពយូនីគជាមួយចង្កៀងខាងមុខឌីស្សាញរាងស្តើងស្លីម រន្ធលំហូរខ្យល់នៅជាប់កាងខាងក្រោមដំណើរការបែប Active air intake និងមានរន្ធលំហូរខ្យល់ពីរនៅជាប់សងខាងនៃកាងក្រោមដើម្បីជួយកាត់បន្ថយកំដៅកង់នៅពេលបើកល្បឿនលឿន។ រថយន្ត Plug-in-hybrid hatchback ថ្មីនេះ ប្រើប្រាស់យ៉ាន់កង់ពណ៌ខ្មៅ ដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden-door-handle និងគ្រោងតួររថយន្តឌីស្សាញបែប D-pillar ដែលបង្កើតបាននៅដំបូលបែបទាលជម្រាល floating roof effect។ Dolphin G DM-i មានបំពាក់នូវប្រព័ន្ធសែនស័រកាមេរ៉ាអាចមើលបានជុំវិញរថយន្ត “surround-view camera system” រួមនឹងសែនស័រជាប់កាងមុខក្រោយជំនួយដល់ការចូលចតផងដែរ។
BYD Dolphin G DM-i ថ្មីនេះ មានតួរខ្លួនប្រវែង 4,160mm និងទទឹង 1,825mm ជាមួយនឹងការផាត់ពណ៌ទឹកក្រូចដ៏ទាក់ទាញ។ ខាងមុខក្នុងរបស់ Dolphin G DM-i ឌីស្សាញឡើងជាមួយពណ៌ខ្មៅ មានបំពាក់អេក្រង់កម្សាន្តប្រភេទ floating touchscreen នៅកណ្តាល Dashboard និងមានប៉ាក់រំលេចដោយអក្សរ G នៅលើក្បាលកៅអីទៀតផង។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រព័ន្ធ Powertrain របស់ Dolphin G DM-i ថ្មីសម្រាប់ទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ។
ទោះជាយ៉ាងណាបើតាមប្រភពមួយចំនួនបាននិយាយថា ផ្នែក Powertrain របស់ Dolphin G DM-i ថ្មីនេះ គឺអាចនឹងប្រដាំប្រសងគ្នាជាមួយនឹងម៉ូដែល BYD Atto 2 DM-i ដែលចេញលក់នៅលើទីផ្សារសកលដែរ។ ដោយវាមានបំពាក់ម៉ាស៊ីនសាំង 1.5-litre ប្រភេទ Natural aspirated engine កម្លាំង 72kW (97hp) ជាមួយនិងម៉ូទ័រអគ្គិសនីមួយកម្លាំង 145kW (194hp)។ ហើយ Atto 2 DM-i មានជម្រើសកញ្ចប់ថ្មទំហំ 7.8kWh និង 18kWh ដែលការបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 40km និង 90km តាមស្តង់ដារ WLTP។ សម្រាប់លក្ខណៈសម្បូត្តិរបស់ BYD Dolphin G DM-i ស៊េរីថ្មីនេះ គឺនឹងត្រូវបង្ហាញលម្អិតផ្លូវការណ៍នៅខែក្រោយនេះហើយ (មិថុនា)។ Dolphin G DM-i គឺជាម៉ូដែលដំបូងគេដែលត្រូវបានធ្វើការឌីស្សាញឡើងសម្រាប់ទីផ្សារអឺរ៉ុប៕




