
ក្រុមហ៊ុន BYD ក្នុងប្រទេសជប៉ុនថ្មីៗនេះបានធ្វើការដាក់តាំងបង្ហាញឡានដឹកទំនិញដំណើរការដោយថាមពលអគ្គិសនីសុទ្ធស៊េរីថ្មីម៉ូដែល BYD T35 Ev Truck នៅក្នុងព្រឹត្តិការណ៍ Japan Mobility Show 2025។ BYD T35 ត្រូវបានគេព្យាករណ៍ថានឹងប្រកាសចេញនៅលើទីផ្សារប្រទេសជប៉ុននារដូវក្តៅក្នុងឆ្នាំ 2026 ជាមួយជម្រើសប្រភេទ aluminium van និង flatbed ហើយអាចនឹងមានតម្លៃចាប់ពីខ្ទង់ 8 លានយ៉េនឬប្រហែល $52,500។
BYD T35 ថ្មីនេះបានបំពាក់មកជាមួយកញ្ចប់ថ្មប្រភេទ LFP Blade Battery របស់ BYD ដែលត្រូវបានធ្វើការឌីស្សាញភ្ជាប់ជាមួយគ្រោងឆ្អឹងសាក់ស៊ីប្រភេទ Cell-to-Chassis (CTC) ដែលការឌីស្សាញបែបនេះគឺជួយរក្សាតុល្យលំនឹងរថយន្តក៏ដូចជាមានសុទ្ធភាពខ្ពស់ផងដែរ។ឡានដឹកទំនិញនេះមានបណ្តោយប្រវែង 4,990mm/ ទទឹង 1,885mm កំពស់ 2,830mm និងគម្លាងកង់មុខទៅកង់ក្រោយ 2,525mm សម្រាប់ម៉ូដែល T35 Alum Van រីម៉ូដែល T35 Flat Body មានបណ្តោយប្រវែង 4,690mm/ ទទឹង 1,695mm/ កំពស់ 1,990mm គម្លាងកង់មុខទៅកង់ក្រោយ 2,525mm។

បើតាមការបញ្ជាក់ពីស្ថាប័ន WLTC បានប្រាប់ឲ្យដឹងថាថាមពលថ្មដែលបំពាក់នៅលើ T35 គឺកាន់ថាមពលក្នុងការបើកបរបានចម្ងាយផ្លូវ 250km នៅពេលសាកពេញម្តង។ឡានដឹកទំនិញអគ្គិសនីថ្មីនេះពឹកផ្អែកទៅលើម៉ូទ័រអគ្គិសនីមួយគ្រាប់កម្លាំង 150kW(201hp) និងកម្លាំងរមួល 340Nm ក្នុងការអូសដឹកទំនិញ។ទោះបីជា BYD T35 ជាប្រភេទឡានដឹកទំនិញក៏ពិតមែនប៉ុន្តែ BYD ក៏បានញាត់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ADAS ផងដែរក្នុងរួមមានដូចជាប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ Forwarding Collision Warning (FCW), ប្រព័ន្ធកំណត់ល្បឿនបើកបរថេរ Adaptive Cruise Control (ACC) និងប្រព័ន្ធប្រមានពីការចាកចេញពីគន្លងផ្លូវរត់ Lane Departure Warning (LDW) ជាដើម។
ចូលមកផ្នែកកាប៊ីនខាងក្នុងក៏មានភាពទំនើបមិចចាញ់រថយន្ត Sedan និង SUV ប៉ុន្មានដែរដោយក្នុងនោះឃើញមានការបំពាក់នូវអេក្រង់ Touchscreen ទំហំ 12.8-inch មានមុខងារបញ្ជាដោយសំឡេង voice recognition កៅអីអ្នកបើកមានមុខងារម៉ាស្សានិងកម្តៅហើយនិងមានកន្លែងសាកថ្មទូរស័ព្ទមិនប្រើខ្សែអាចឲ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមរយះមុខងារ OTA ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពនិងមុខងារប្រើប្រាស់ក្នុងរថយន្តកាន់តែប្រសើរ។ BYD T35 ក៏មានមុខងារ V2L (Vehicle-to-Load) កម្លាំង 10kW សម្រាប់យកភ្លើងមកប្រើជាមួយឧបករណ៍ប្រើប្រាស់ខាងក្រៅ។

លោក Liu Xueliang ប្រធានក្រុមហ៊ុន BYD Japan បានមានប្រសាសន៍ថា “T35 គឺជាតំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងចំពោះទីផ្សារប្រទេសជប៉ុនជាមួយនឹងយានយន្តដែលបំពេញតម្រូវការផ្នែកពាណិជ្ជកម្មនិងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ”។ “ការរួមបញ្ចូលគ្នានៃឧបករណ៍ប្រើប្រាស់ជាក់ស្តែងនិងលក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិតរបស់វាបានកំណត់ស្តង់ដារថ្មីមួយនៅក្នុងផ្នែកយានយន្តពាណិជ្ជកម្មដំណើរការដោយអគ្គិសនីសុទ្ធ”៕
