ស្វែងរកពួកយើង:

BYD បានឈរនៅលំដាប់ឈានមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក ជាមួយកំណើនប្រាក់ចំណេញកើនឡើងដល់ 86.5% ក្នុងឆ្នាំ 2023

ដោយ

Koun Jab Luffy

30 មករា 2024 03:51 រសៀល

អាន 2 នាទី

Article image
បច្ចុប្បន្ន BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលឈានមុខគេរបស់ចិន។ ក្រុមហ៊ុនផលិតរថយន្ត EV ដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ ទើបតែបានប្រកាសពីការកើនឡើងដ៏គួរឱ្យចាប់អារម្មណ៍នៃប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ 2023 ជាមួយអត្រាកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ 86.5% បើធៀបនឹងប្រាក់ចំណេញឆ្នាំមុន។ បន្ថែមពីនេះជាមួយនឹងប្រាក់ចំណេញដ៏ខ្ពស់នេះបានធ្វើឱ្យ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏សំខាន់ និងមានឥទ្ធិពលបំផុតមួយនៅក្នុងទីផ្សាររថយន្ត EV ក្នុងពិភពលោក។
បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ BYD បានបញ្ជាក់ថា នៅក្នុងឆ្នាំ 2023 គឺជាឆ្នាំដ៏មានភាពជោគជ័យ និងជាឆ្នាំដ៏សំខាន់បំផុតសម្រាបក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនបានរកប្រាក់ចំណេញចន្លោះប្រមាណ 29 ទៅ 31 ពាន់លានយន់ ឬប្រហែល 4.04 ទៅ 4.32 ពាន់លានដុល្លារអាមេរិក ដែលជាកំណើនប្រាក់ចំណូលដ៏ល្អបំផុតប្រចាំឆ្នាំ។ យ៉ាងណាមិញកំណើននៃប្រាក់ចំណេញនេះ គឺទាបជាងកំណើនប្រាក់ចំនេញក្នុងឆ្នាំ 2022 ដែលបានកើនឡើងដល់ទៅ 446%។
យុទ្ធសាស្ត្រសំខាន់ និងធ្វើឲ្យក្រុមហ៊ុន BYD ជោគជ័យ នៅក្នុងទីផ្សាររថយន្តអគ្គិសនី គឺការពង្រីកវាតទីទីផ្សារលក់រថយន្តនៅលើទីផ្សារជាច្រើននៅលើពិភពលោក ក្រៅពីប្រទេសចិន។ ដោយនៅក្នុងខែមករាឆ្នាំ 2023 ក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីចំនួន 3 ម៉ូដែល នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាការផ្តោតទៅលើការពង្រីកសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Article image
សូមបញ្ជាក់ថា BYD បាននាំមុខគេក្នុងការលក់រថយន្តអគ្គិសនីនៅត្រីមាសចុងក្រោយនៃឆ្នាំ 2023 ដោយបានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់អាមេរិក Tesla។ ដោយនៅត្រីមាសចុងក្រោយនៃឆ្នាំ 2023, BYD លក់រថយន្តបានចំនួន 526,409 គ្រឿង ខណៈ Tesla លក់បានចំនួន 484,507 គ្រឿង។ ហើយសម្រាប់ការចេញលក់រថយន្តពេញមួយឆ្នាំរបស់ BYD គឺមានចំនួនប្រហែល 3.02 លានគ្រឿង កើនឡើង 61.9%៕