
BYD កំពុងស្វែងរកការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិកូ ដើម្បីបង្កើនប្រសិទ្ធភាពខ្សែរ សង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការចំណាយលើការនាំចេញទៅកាន់ទីផ្សារអាមេរិកខាងជើង។ នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី 14 ខែកុម្ភៈលោក Zhou Zou ប្រធានក្រុមហ៊ុន BYD ប្រចាំនៅប្រទេស Mexico បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃការផលិតរថយន្តរបស់ក្រុមហ៊ុន BYD នៅក្រៅប្រទេស ហើយបានកំណត់ថាម៉ិកស៊ិកូជាទីផ្សារដ៏សំខាន់ដែលមានសក្តានុពលខ្លាំង ។
គំនិតផ្តួចផ្តើមក្នុងការសាងសងរោងចក្រថ្មីនៅក្នុងប្រទេសម៉ិកស៊ិកូនេះ គឺស្របតាមយុទ្ធសាស្ត្ររបស់ BYD ដើម្បីបង្កើតមជ្ឈមណ្ឌលនាំចេញរថយន្តរបស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិកូ ដែលអាចបំពេញតម្រូវការនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិផ្សេងទៀត។
ក្រោមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ផ្តល់ទិន្នផលយ៉ាងហោចណាស់ 75% នៃគ្រឿងបន្លាស់រថយន្តត្រូវតែបានផលិតនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ទាំងបី ដើម្បីទទួលបានអត្ថប្រយោជន៍ពីពន្ធគយដ៏មានសក្តានុពល។ ជាងនេះទៅទៀត ច្បាប់នៃកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក បានកំណត់តម្រូវការទីតាំងដំឡើងជាក់លាក់ និងលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងសម្រាប់ប្រភពថ្មអគ្គិសនីដើម្បីឱ្យមានសិទ្ធិទទួលបានឥណទានពន្ធសរុបជាសាច់ប្រាក់មានប្រមាណ 7,500 ដុល្លារ។
ប្រទេសម៉ិកស៊ិកូបានក្លាយជាទិសដៅដ៏គួរឱ្យទាក់ទាញសម្រាប់ការផលិតរថយន្តអគ្គិសនី ដោយក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនរួមមានក្រុមហុន Kia, BMW និង Stellantis បានប្រកាសពីគម្រោងក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះផងដែរ។ ចំនែកក្រុមហ៊ុន Tesla ក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការកសាងរោងចក្រខ្នាតយក្សមួយនៅក្នុងរដ្ឋ Nuevo León របស់ប្រទេសម៉ិចស៊ីកូផងដែរ។
BYD បានណែនាំរថយន្តអគ្គិសនីជាច្រើនម៉ូដែលនៅក្នុងទីផ្សារម៉ិកស៊ិករួចហើយ ដែលក្នុងនោះរួមមានម៉ូដែលដូចជា BYD Han, Tang, Atto 3, Dolphin និង Seal រួមជាមួយនឹងរថយន្តអគ្គិសនីកូនកាត់ម៉ូដេល DM-i plug-in EV (PHEV) និង Song Plus DM-i និងម៉ូដែលថ្មីៗមួយចំនួនទៀត។ បន្ថែមពីនេះ ក៏មានរថយន្តក្រុងដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធផងដែរ។

ចំពោះការស្ថាបនាសាងសងរោងចក្រថ្មីរបស់ BYD នៅក្នុងប្រទេសម៉ិកស៊ិក គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តសកលរបស់ BYD ដែលរួមបញ្ចូលទាំងរោងចក្រផលិតនៅក្រៅប្រទេសរួចហើយក្នុងនោះមាននៅប្រទេសថៃ អ៊ូសបេគីស្ថាន ប្រេស៊ីល ហុងគ្រី និងឥណ្ឌូនេស៊ី។ BYD ចង់អនុវត្តយុទ្ធសាស្រ្ត dual-core នៅក្នុងទីផ្សារអាមេរិកខាងជើង និងអាមេរិកឡាទីន។ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ បានចាត់ទុកប្រទេសម៉ិកស៊ិកូជាទីផ្សារស្នូលនៃទីផ្សារអាមេរិកខាងជើង ហើយមានគម្រោងកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតរោងចក្រនៅម៉ិកស៊ិកូ។ លើសពីនេះ BYD បានទិញយករោងចក្រ Ford Motor ក្នុងប្រទេសប្រេស៊ីល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសប្រេស៊ីល និងតំបន់អាមេរិកឡាទីនផ្សេងទៀត៕
