
Callum Skye គឺជារថយន្តអគ្គិសនីដែលត្រូវបានបំផុសគំនិតច្នៃប្រឌិតថ្មីពីអ្នករចនារថយន្ត Jaguar គឺលោក Ian Callum។ រថយន្តអគ្គិសនីដែលមានការឌីស្សាញរូបរាងឡើងបែបរថយន្តក្នុងពេលអនាគតមួយនេះ នឹងត្រូវនាំយកទៅប្រកាសចេញនៅក្នុងព្រឹត្តិការណ៍៍ Concours on Savile Row នៅទីក្រុងឡុងដ៍នាពេលខាងមុខនេះ។ Callum Skye មានការរចនារូបរាងឡើងដោយច្របាច់បញ្ចូលគ្នារវាងរថយន្ត Coupe និង SUV ក៏ដូចជារថយន្ត Beach Buggy ផងដែរ។
រថយន្តអគ្គិសនីបែប off-road មួយនេះ មានការឌីស្សាញកៅអីបែប 2+2 ដោយកៅអីផ្នែកខាងមុខមានការឌីស្សាញបែបកៅអីរថយន្តស្ព័រ និងកៅអីខាងក្រោយមានទំហំរាងតូចចង្អៀតបន្តិច ឬជាកន្លែងសម្រាប់ដាក់អីវ៉ាន់។ រថយន្តនេះ មានការឌីស្សាញដៃចង្កូតបែប three-spoke steering wheel ព្រមទាំងមានអេក្រង់ប្រភេទ Touchscreen ជាអេក្រង់កម្សាន្ត។ រួមនឹងការឌីស្សាញប៊ូតុងមូលធំៗចំនួនបីនៅកណ្តាល ជាមួយប្រអប់លេខបែប round touchscreen ចន្លោះកណ្តាល។

Callum Skye បំពាក់នៅកញ្ចប់អាគុយប្រភេទ lithium-ion battery pack ទំហំ 42 kWh ដែលការសាលកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយ 274km ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចនឹងសាកភ្លើងមួយពេញម្តងប្រើពេលមិនដល់ 10 នាទីទៀតផង។ រថយន្តនេះអាចជាន់ស្ទុះកុងទ័រពី 0 ទៅ 97km/h ប្រើពេលប្រមាណ 4 វិនាទី។ Callum Skye មានប្រវែងបណ្តោយ 4.04m និងទទឹង 1.9m ដែលប្រវែងខ្លួនរបស់វា គឺប្រហែលនឹងប្រវែងខ្លួនរបស់រថយន្តទ្វារពីរ Jeep Wrangler ដែរ គ្រាន់តែទទឹងរាងខ្លីជាងបន្តិច។ រថយន្តនេះមានទំងន់សរុប 1,150 គីឡូក្រាម ដែលធ្ងន់ជាង Mazda MX-5 Miata ប្រមាណជា 100 គីឡូក្រាម។ Callum Skye បំពាក់នូវសម្បកកង់ធំ ដែលបង្ហាញថា វាជាប្រភេទរថយន្ត off-road។

Callum Skye បានបើកទទួលការបញ្ជាទិញមុនជាមួយតម្លៃចាប់ពីខ្ទង់ €92,000 ដល់ €120,000 ទៅតាមជម្រើស Options របស់វា។ រថយន្តអគ្គិសនីបែប Compact Off-Road ដែលមានការឌីស្សាញបែបរថយន្តនាពេលអនាគតមួយនេះ គឺនឹងមានការផលិតក្នុងចំនួនមានកំនត់ជាមួយម៉ូដែលពិសេសមួយផ្សេងទៀត ដែលផ្តោតទៅលើការបើបបរបែប Off-road និងសមត្ថភាពដ៏ខ្លាំងក្លា។ ដោយម៉ូដែលនេះ អាចនឹងប្រកាសចេញនៅមុនដំណាច់ឆ្នាំ 2024៕
