
Apple ទើបតែបានប្រកាសចេញ iPad Pro Series 2024 ដែលជា iPad Pro ដំបូងដែលបំពាក់បច្ចេកវិទ្យាអេក្រង់ OLED Display និងបន្ទះឈីប M4 កាលពីពេលថ្មីៗនេះ។ ដោយឡែកនៅពេលនេះក្រុមហ៊ុន Caviar ដែលជាក្រុមហ៊ុនជំនាញក្នុងការកែច្នៃផលិតផលថ្មីដែលមានតម្លៃថ្លៃកប់ពពក ដែលមានទីស្នាក់ការនៅទីក្រុង Dubai បានធ្វើការបង្ហាញចេញ iPad Pro Series 2024 ម៉ូដែលពិសេសឈ្មោះថា iPad Pro Criss-Cross Limited Edition។
Caviar iPad Pro Series 2024 Criss-Cross គឺជាផ្នែកមួយនៃម៉ាកយីហោ Desperado collection ដែលមានការឌីស្សាញផ្នែកខាងក្រោយរំលេចដោយកាំភ្លើងខ្លីម៉ាកពេញនិយម Desert Eagle Mark XIX ចំនួនពីរដែលមានការឌីស្សាញជារាងអក្សរ X ដែលទាញរចនាបថចេញពីតួអង្គ Deadpool និងអមរចនាបថដោយអាវុទ្ធនៃតួរអង្គ Wolverine ក្នុងរឿង 2013 superhero។ សម្រាប់ផ្ទៃខ្នងខាងក្រោយរបស់ម៉ូដែលពិសេស iPad Pro Series 2024 Criss-Cross ត្រូវបានស្រោបដោយមាសសុទ្ធ 24 ការ៉ាត់។ ចំនែកតួររបស់ iPad Pro ម៉ូដែលពិសេសនេះ គឺផលិតពីសារធាតុទីតានីមជាមួយបច្ចេកវិទ្យា PVD-plated tech ដែលជាសារធាតុត្រូវបានប្រើនៅលើនាឡិកាដៃប្រណិតរបស់ប្រទេស Swiss។

សម្រាប់ iPad Pro ម៉ូដែលពិសេសនេះ Caviar ផលិតត្រឹមតែ 99 គ្រឿងប៉ុណ្ណោះ ទាំងម៉ូដែល 11-inch និង 13-inch ជាមួយជម្រើសប្រើ Wi-Fi និង Cellular។ iPad Pro Series 2024 Criss-Cross limited Edition ទាំងពីរម៉ូដែល គឺមានជម្រើសម៉េមូរីចាប់ពី 256GB/512GB/1TB និង 2TB។ ដោយម៉ូដែល iPad Pro 11-inch Criss-Cross មានតម្លៃចាប់ពីខ្ទង់ $12,200 និងម៉ូដែល 13-inch មានតម្លៃចាប់ពីខ្ទង់ $12,610 ឡើងទៅ៕
