ស្វែងរកពួកយើង:

CEO របស់ក្រុមហ៊ុន Samsung បាននិយាយថា Galaxy S10 និងស្មាតហ្វូនអាចបត់បាន នឹងបំពេញបាននូវតម្រូវការចង់បានរបស់អ្នកប្រើប្រាស់

ដោយ

Koun Jab Luffy

30 មករា 2019 11:23 ថ្ងៃត្រង់

អាន 3 នាទី

ពេលនេះ នៅមិនដល់មួយខែទៀតនោះទេ ដែលក្រុមហ៊ុន Samsung Electronics រៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយក្នុងការសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ថ្មីៗនេះ លោក Koh Dong-jin ដែលប្រធានផ្នែកទូរស័ព្ទចល័ត បាននិយាយថា គាត់នឹងមិនធ្វើអោយអតិថិជនជាច្រើនខកចិត្តនោះទេ កំឡុងពេលដែលខំទន្ទឹងរង់ចាំស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បានជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើននោះ។ លោកបានប្រាប់ទៅកាន់ The Investor នៅថ្ងៃទី 29 ខែមករានេះថា “ខ្ញុំនឹងខិតខំអោយអស់ពីលទ្ធភាពក្នុងការបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ដែលទន្ទឹងរង់ចាំជាយូរមកហើយទៅលើផលិតផលរបស់យើង។”
Article image
លោក Koh គឺជាអ្នកដឹកនាំក្នុងការសម្ពោធព្រឹត្តិការណ៍ជាច្រើនសម្រាប់ស្មាតហ្វូន Samsung’s Galaxy S និង Note seriesតាំងពីឆ្នាំ 2016 មក ហើយលោកនឹងបង្ហាញខ្លួននៅលើឆាកជាថ្មីម្តងទៀត ដើម្បីបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 20 ខែកុម្ភៈនៅទីក្រុង San Francisco។ សម្រាប់ព្រឹត្តិការណ៍ “Unpacked,” event នេះ គាត់នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែលរបស់ត្រកូល Galaxy S10 និងស្មាតហ្វូនដែលមានអេក្រង់អាចបត់បានដែលមានឈ្មោះហៅថា Galaxy F នោះ។ លោក Koh នឹងបង្ហាញខ្លួនជាមួយនឹងថ្នាក់ដឹកនាំកំពូលៗជាច្រើននាក់ទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះដូចជាលោក Roh Tae-moon ផ្នែកអភិវឌ្ឍស្មាតហ្វូន និងលោក Choi Seung-eun ប្រធានផ្នែកទីផ្សារទូរស័ព្ទចល័តដែលចូលកាន់តួនាទីនេះបន្ទាប់ពីលោក Lee Young-hee តាំងពីឆ្នាំមុន។
Article image
ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននៅមិនទាន់អាចបញ្ជាក់ថា តើមានថ្នាក់ដឹកនាំកំពូលៗណាខ្លះទៀតនោះទេ ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះនោះ។ សម្រាប់អ្នកឃ្លាំមើលទីផ្សារប៉ាន់ស្មានថា ព្រឹត្តិការណ៍ Unpacked នេះ គឺជាលើកចុងក្រោយហើយសម្រាប់លោក Koh ដោយសារតែក្រុមហ៊ុនមិនសូវពេញចិត្តនឹងការដឹកនាំរបស់លោក ដែលបណ្តាលអោយមានការខាតបង់ប្រាក់ចំណូលយ៉ាងច្រើននៅក្នុងអាជីវកម្មស្មាតហ្វូនក្រោយពេលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Huawei នោះទេ។
Article image
កាលពីឆ្នាំមុននេះ ក៏មានពាក្យចចាមអារ៉ាមថា គាត់អាច នឹងចុះចេញពីដំណែងដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ ហើយនេះ គឺជាការទទួលខុសត្រូវរបស់គាត់។ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការធ្លាក់ចុះកាលពីឆ្នាំមុនពី 3.8 ពាន់ពាន់លានវ៉ុន (US$3.49 ពាន់លានដុល្លារអាមេរិក) នៅក្នុងរយៈពេលតែ 3 ខែប៉ុណ្ណោះធ្លាក់ចុះមកត្រឹម 2.2 ពាន់ពាន់លានវ៉ុនសម្រាប់ត្រីមាសទី 3។ ក្រុមហ៊ុននេះ ត្រូវបានគេទស្សន៍ទាយទៀតថា ប្រតិបត្តិការនៅក្នុងត្រីមាសទី 4 គឺមានប្រហែលជាត្រឹម 1.2 ពាន់ពាន់លានវ៉ុនតែប៉ុណ្ណោះ ដែលទាបបំផុតចាប់តាំងពីត្រីមាសទី 3 ឆ្នាំ 2016 នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung រកប្រាក់បានត្រឹមតែ 100 ពាន់លានវ៉ុនប៉ុណ្ណោះ ដោយសារតែការផ្អាកការលក់ Note 7។ ស្មាតហ្វូន Galaxy S10 នឹងដាក់លក់នៅក្នុងខែមីនា ស្របពេលដែលស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននឹងដាក់លក់តាមក្រោយប៉ុន្តែនៅក្នុងឆមាសទី 1 តែប៉ុណ្ណោះ៕
CEO របស់ក្រុមហ៊ុន Samsung បាននិយាយថា Galaxy S10 និងស្មាតហ្វូនអាចបត់បាន នឹងបំពេញបាននូវតម្រូវការចង់បានរបស់អ្នកប្រើប្រាស់