ស្វែងរកពួកយើង:

CEO របស់ Honor និយាយថា ស្មាតហ្វូនបត់បានរបស់ Apple មិនទាន់អាចប្រកាសចេញបានទេដោយសារតែបញ្ហាអេក្រង់បត់

ដោយ

Koun Jab Luffy

15 កក្កដា 2024 08:37 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Android ពិតជាមានភាពរីករាយ និងមានជម្រើសច្រើននៅក្នុងការជ្រើសរើសនូវម៉ាកយីហោស្មាតហ្វូនអេក្រង់បត់បាន នៅពេលដែលពួកគេចង់ផ្លាស់ប្តូរមកប្រើប្រាស់នូវនិន្នាការថ្មីស្មាតហ្វូនបត់បាននោះ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple គឺនៅមិនទាន់អាចប្រើប្រាស់នៅឡើយទេ។ នៅថ្ងៃនេះ លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បានចែករំលែកនូវគំនិតរបស់គាត់មួយទាក់ទងទៅលើរឿងស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple នេះ។
នៅក្នុងព្រឹត្តិការណ៍សន្និសីទនៃការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V3 និង Magic Vs3 នាពេលថ្មីៗនេះ លោក Zhao Ming បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុន Honor បានព្យាយាមក្នុងការបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ទៅលើស្មាតហ្វូនបត់បាន។ ជាធម្មតា កម្រាស់ ទម្ងន់ និងភាពធន់របស់ស្មាតហ្វូនបត់បាន និងអេក្រង់បត់បាននេះ គឺជាបញ្ហាប្រឈមរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ខ្លួនក៏ធ្វើការដើម្បីដោះស្រាយទៅលើបញ្ហាទាំងនេះផងដែរ។
Article image
នៅពេលដែលសួរថា ហេតុអ្វីបានជាក្រុមហ៊ុន Apple មិនទាន់បង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននោះ លោក Zhao Ming បាននិយាយថា ក្រុមហ៊ុននេះ អាចនឹងព្យាយាមក្នុងការដោះស្រាយទៅលើបញ្ហាជាច្រើនជាពិសេសទៅលើទម្រង់នៃការបត់របស់វា។ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បាននិយាយទៀតថា “ប្រសិនបើក្រុមហ៊ុន Apple ចង់បង្ហាញនូវស្មាតហ្វូនទម្រង់ថ្មីនេះនៅក្នុងពេលជិត 26 ឆ្នាំនេះ មានន័យថា ពួកគេមានសុទិដ្ឋិនិយមអំពីរឿងនេះ ប៉ុន្តែហេតុអ្វីមិនប្រកាសនៅក្នុងពេលនេះ? នេះមានន័យថា ក្រុមហ៊ុន Apple នៅមិនទាន់អាចផលិតអេក្រង់បត់បានដែលល្អឥតខ្ចោះបាននោះទេ។ នេះគឺជាតកវិជ្ជាជាក់ស្តែង!”
Article image
នៅក្នុងការអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុននេះ ពាក់ព័ន្ធទៅនឹងកម្រាស់ និងទម្ងន់របស់ស្មាតហ្វូនបត់បាននេះ គឺជាអ្វីដែលក្រុមហ៊ុននេះ ត្រូវគិតគូរធៀបជាមួយនឹងស្មាតហ្វូនបត់បានជាច្រើនទៀត ដែលមាននៅលើទីផ្សារ ហើយអតិថិជនក៏នឹងធ្វើការសម្រេចចិត្តទៅលើរឿងនេះ។ លោក Zhao Ming បន្ថែមថា គោលដៅមិនមែនត្រឹមតែផលិតស្មាតហ្វូនបត់បានដែលមានកម្រាស់ស្តើង និងស្រាលក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏នឹងត្រូវផ្តល់នូវគុណតម្លៃបន្ថែមទៅកាន់អ្នកប្រើប្រាស់ផងដែរ។ បច្ចេកវិទ្យា AI ក៏អាចនឹងក្លាយជាគុណតម្លៃបន្ថែមសម្រាប់បទពិសោធន៍ multitasking ដ៏អស្ចារ្យសម្រាប់ស្មាតហ្វូនបត់បាននេះដូចគ្នា៕