ស្វែងរកពួកយើង:

Changan Nevo E07-EREV រថយន្តអគ្គិសនីកូនកាត់ SUV និង Pickup មានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

16 សីហា 2024 12:56 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីខែកន្លងទៅរថយន្តប្រើអគ្គិសនីសុទ្ធម៉ូដែល Nevo E07 របស់ក្រុមហ៊ុនផលិត Changan បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍។ ជាមួយគ្នានេះបើតាមការចុះបញ្ចីរបស់ស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិនម៉ូដែល E07 ថ្មីនេះ ក៏នឹងមានម៉ូដែលមួយបន្ថែមទៀត គឺជា EREV ឬ Extended-range EV version។ បើតាមប្រភពម៉ូដែលថ្មី Change Nevo E07-EREV នឹងបំពាក់កញ្ចប់អាគុយទំហំ 39.05kWh ដែលសាកភ្លើងមួយពេញអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវប្រមាណ 200km។
យ៉ាងណាមិញសម្រាប់ការរចនារូបរាង ការតុបតែងខាងក្នុង និងការបំពាក់នូវបច្ចេកវិទ្យាសំខាន់ៗនៅលើម៉ូដែល Nevo E07-EREV គឺនឹងរក្សាដូចគ្នាជាមួយម៉ូដែល all-electric ដែរ។ អ្វីដែលខុសគ្នានេះ គឺនៅត្រង់ប្រព័ន្ធបង្ហូរខ្យល់លើសំណាញ់ប៉ាណាមុខដោយនៅលើម៉ូដែលអគ្គិសនីសុទ្ធរចនាជា active air intake grille ខណៈនៅលើម៉ូដែល EREV រចនាជា traditional air vent។ ការឌីស្សាញរបស់ Changan Nevo E07 គឺមានតម្រង់ជារថយន្ត SUV ជាជាង Pickup ហើយអ្វីដែលពិសេសជាងរថយន្ត SUV ដទៃទៀតនោះ គឺត្រង់ផ្នែកខាងក្រោយរបស់វាអាចធ្វើការបើកទំលាក់បានដូចជារថយន្ត Pickup អីចឹង។ រថយន្តស៊េរីថ្មីនេះមានការរចនាដៃទ្វារលាក់ចូលក្នុង Hidden door handle។
Article image
នៅកន្ទុយខាងក្រោយរបស់ Changan Nevo E07 អាចផ្ទុកទំងន់បានដល់ 300kg។ រថយន្តSUV កូនកាត់ Pickup មួយនេះ មានប្រវែងបណ្តោយខ្លួន 5,045 mm, ទទឹង 1996 mm, កម្ពស់ចែកជាបីផ្សេងគ្នា គឺ 1,640mm, 1,665mm និង 1,695mm ជាមួយគម្លាតកង់មុខក្រោយប្រមាណ 2,325mm។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយមានទំងន់ប្រមាណ 2,325kg ខណៈម៉ូដែលប្រើម៉ូទ័រពីរមានទំងន់ 2,395kg។សម្រាប់ម៉ូដែល Nevo E07-EREV នឹងមានបំពាក់នូវម៉ាស៊ីនស៊េរី JL469ZQ1 ចំនុះ 1.5T អាចផលិតកំលាំងបាន 110kW។
សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គីសនីមួយ គឺមានបំពាក់នូវប្រព័ន្ធម៉ូទ័រនៅលើភ្លៅខាងក្រោយនៃរថយន្តប្រភេទ ATDM02-motor ដែលមានកំលាំង 231kW។ ខណៈម៉ូដែលម៉ូទ័រពីរ គឺមានបំពាក់បន្ថែមម៉ូទ័រអគ្គិសនីមួយទៀតនៅភ្លៅខាងមុខប្រភេទ AYDM01 electric motor មានកំលាំង 131kw។ ដោយឡែកសម្រាប់ម៉ូដែលប្រើអគ្គិសនីសុទ្ធ គឺប្រើម៉ូទ័រដែលមានកំលាំង 188kW និង 252kW។ រថយន្តអគ្គិសនីកូនកាត់នេះ អាចជាន់ល្បឿនលឿនបំផុត (Top Speed) ដល់ 190km/h។ ម៉ូដែល Changa Nevo E07-EREV បំពាក់នូវកញ្ចប់អាគុយប្រភេទ Lithium iron phosphate battery របស់ CATL ដែលសាកមួយពេញម្តងអាចបើកបានចំងាយផ្លូវ 200km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និង 180km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ។ ហើយកម្រិតស៊ីសាំងវិញ គឺចន្លោះពី 5.8-liter និង 6.1-liter ក្នុង 100km។
Changan Nevo 07 មានជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch និង 20-inch។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំ 15.4-inch រួមនឹងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងក្រោយដែលភ្ជាប់ជាមួយនឹងកៅអីខាងមុខ។ រថយន្តស៊េរីថ្មីទំនើបមួយនេះ ក៏មានបំពាក់នូវប្រព័ន្ធចាប់សញ្ញាគ្រោះថ្នាក់កម្រិត LiDAR Sensor ដែលធ្វើការជាមួយប្រព័ន្ធកាមេរ៉ាចំនួន 11 គ្រាប់, ប្រព័ន្ធ millimeter-wave radars ចំនួន 5 គ្រាប់ និង ultrasonic radars ចំនួន 12 គ្រាប់។
Article image
Changan ទំនងជានឹងចេញលក់ម៉ូដែល Nevo E07 ដែលប្រើអគ្គិសនីសុទ្ធនៅក្នុងខែតុលាខាងមុខនេះ ខណៈម៉ូដែល Nevo E07-EREV អាចត្រូវរង់ចាំនៅរយះពេលប្រមាណ 5 ខែបន្ទាប់ទៀត។ សម្រាប់ម៉ូដែល Nevo E07 EV អាចនឹងមានតម្លៃខ្ទង់ប្រហែល $41,800 រីម៉ូដែល EREV អាចនឹងមានតម្លៃចាប់ពីខ្ទង់ប្រហែល $37,600 ឡើងទៅ៕
Changan Nevo E07-EREV រថយន្តអគ្គិសនីកូនកាត់ SUV និង Pickup មានតម្លៃជាង 3 ម៉ឺនដុល្លារ