
កាលពីថ្ងៃទី 9 ម្សិលមិញនេះ ក្រុមហ៊ុន Changan បានបញ្ចេញរថយន្តទី 30 លានគ្រឿងក្នុងប្រទេសចិន ចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សក្នុងប្រទេសចិនមួយនេះ ចាប់ផ្តើមចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តដំបូងក្នុងឆ្នាំ 1983ដែលមានរយះពេលជិត 40 ឆ្នាំ ដែលធ្វើឲ្យ Changan ក្លាយជាក្រុមហ៊ុនផលរថយន្តឯករាជ្យដំបូងគេរបស់ប្រទេចិនដែលសម្រេចបានសមិត្ថផលដ៏អស្ចារ្យមួយនេះ។ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះ ត្រង់ថាគិតចាប់ពីរថយន្តទី 20 លានគ្រឿង ដល់ទី 30 លានគ្រឿង Changan ប្រើរយះពេលផលិតត្រឹមតែ 4 ឆ្នាំប៉ុណ្ណោះ។
ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Changan មានម៉ាកយីហោរថយន្តរងចំនួនប្រាំដែលក្នុងនោះរួមមាន Avatr, Nevo, Deepal, Changan និង Kaicheng។ នៅថ្ងៃទី 29 ខែកក្កដា ការរៀបចំឡើងវិញមួយបានកើតឡើង ដែលក្រុមហ៊ុន China Changan Automobile Group Co., Ltd. ត្រូវបានបង្កើតឡើងជាផ្លូវការជាសហគ្រាសរដ្ឋថ្មីមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលចិន រួមជាមួយ FAW និង Dongfeng។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង លោកប្រធាន Zhu Huarong បានថ្លែងថា ក្រុមហ៊ុនមានគោលបំណងសម្រេចបានបរិមាណផលិតកម្ម និងការលក់រថយន្តចំនួន 5 លានគ្រឿង នៅឆ្នាំ 2030 ដោយរថយន្តថាមពលថ្មី (NEV) មានចំនួនជាង 60% នៃការលក់ និងការលក់នៅបរទេសមានចំនួនជាង 30%។
នៅក្នុងខែវិច្ឆិកា Changan បានលក់រថយន្តចំនួន 283,000 គ្រឿង មានការកើនឡើង 2.3% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដែលទិន្នន័យលក់នេះរួមបញ្ចូលទាំងរថយន្ត NEV មានចំនួន 125,000 គ្រឿង កើនឡើង 23% ពីមួយឆ្នាំទៅមួយឆ្នាំ និងការលក់នៅទីផ្សារក្រៅប្រទេសមានចំនួន 55,000 គ្រឿង មានការកើនឡើង 47% ពីមួយឆ្នាំទៅមួយឆ្នាំ។ Changan បានជាប់ចំណាត់ថ្នាក់ទី 11 ក្នុងការនាំចេញរថយន្តប្រភេទ NEV កាលពីខែវិច្ឆិកា ដោយបាននាំចេញសរុបចំនួន 4,189 គ្រឿង នៅពីក្រោយការនាំចេញរបស់ក្រុមហ៊ុន Xpeng និង Leapmotor។

សម្រាប់ការលក់រថយន្ត Sub-brand របស់ខ្លួនកាលពីខែមុន នេះ ក្នុងនោះរួមមានការលក់ម៉ូដែល Avatr គឺមានចំនួន 14,057 គ្រឿង, Deepal លក់បានចំនួន 33,060 គ្រឿង និង Nevo លក់បានចំនួន 46,909 គ្រឿង។ ក្នុងពេលជាមួយគ្នានេះ ការដឹកជញ្ជូនសរុបរបស់ ម៉ាករថយន្ត Deepal បានឈានដល់ 700,000 គ្រឿង។

នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show 2025 កាលពីខែមុននេះ Changan បានប្រកាសថាខ្លួនមានគម្រោងដាក់ឱ្យដំណើរការម៉ូដែលរថយន្ត NEV ជាង 50 ម៉ូដែលនៅឆ្នាំ 2030 ដែលរថយន្តថ្មីទាំងអស់នឹងត្រូវបានបំពាក់ដោយស្ថាបត្យកម្មឆ្លាតវៃថ្មី Tianshu intelligent architecture របស់ Changan ដែលត្រូវប្រើប្រាស់នៅលើរថយន្ត SUV កម្រិតថ្នាក់មធ្យម, រថយន្ត mid-to-large MPVs និងរថយន្ត off-road ជាដើម៕
