ក្រុមហ៊ុន Chery បានបណ្តាក់ទុនរួមឡគ្នាជាមួយក្រុមហ៊ុន EMT ត្រៀមផលិតឡានអគ្គិសនីម៉ាកថ្មី Emta K-car ដែលជា Kei-car ដំបូងរបស់ខ្លួននៅឆ្នាំ 2027 ដើម្បីប្រកួតប្រជែងជាមួយ BYD Racco។ ឡានអគ្គិសនីថ្មីនេះ នឹងប្រើប្រាស់ថ្មផលិតដោយក្រុមហ៊ុន Gotion។ ម៉ាកយីហោរថយន្ត Emta នឹងមានការប្រកាសចេញរថយន្តចំនួនបួនម៉ូដែលនៅចុងឆ្នាំ 2029 ខាងមុខទៀតនេះ។ Emta គឺជាម៉ាករថយន្តមួយស្ថិតនៅក្រោមក្រុមហ៊ុន Electric Mobility Technologies (EMT) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
Emta គឺជាការបណ្តាក់ទុនរួមគ្នារវាង Chery Automobile ដែលកាន់កាប់ភាគហ៊ុន 27.27%), Jiangsu Yueda Automobile Group មាន 27.27%, Autobacs Seven មាន 18.18%, Gotion មាន 18.18 និង Anest មាន 9.09%។ យោងតាមព័ត៌មានផ្លូវការ Chery នឹងដើរតួជាអ្នកផ្តល់បច្ចេកវិទ្យាសម្រាប់ការផលិតរយន្ត។ រថយន្ត Emta នឹងទទួលបានការប្រើប្រាស់ស្ថាបត្យកម្មផលិត, ប្រព័ន្ធបើកបរអគ្គិសនី និងបច្ចេកវិទ្យាជំនួយបើកបរពីក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅខេត្ត Wuhu ប្រទេសចិន។ ហើយរោងចក្រ Yancheng របស់ Yueda នឹងទទួលបន្ទុកលើការផលិតរថយន្តរបស់ម៉ាកថ្មីនេះ។ រោងចក្រផលិតនេះទទួលខុសត្រូវក្នុងការផលិតរថយន្ត Kia និង HiPhi។ កន្លងមកក៏មានលេចលឺព័ត៌មានចចាមអារ៉ាមថា Chery ហៀបនឹងទិញយករោងចក្រនេះថែមទៀតផង។
ចំពោះដៃគូរយៈពេលវែងរបស់ Chery គឺ Gotion ដែលនឹងទទួលរ៉ាប់រងលើការផ្គត់ផ្គង់ថ្មសម្រាប់រថយន្តម៉ាក Emta។ រីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តជប៉ុន Autobacs Seven នឹងទទួលខុសត្រូវចំពោះបណ្តាញលក់។ ចំនែក Anest វិញ នឹងទទួលរ៉ាប់រងលើការគាំទ្រត្រួតពិនិត្យផ្នែកគុណភាពផលិត។ តំណាងក្រុមហ៊ុន Emta បានចែករំលែកថា គំនិតផលិតផល និងការសម្រេចចិត្តផ្នែករចនាត្រូវបានដឹកនាំដោយក្រុមវិស្វករជប៉ុនដែលមានបទពិសោធន៍ធ្វើការនៅក្រុមហ៊ុន Honda និង Mazda។ ប្រធានផ្នែកទីផ្សាររបស់ម៉ាកយីហោ Emta គឺលោក Susumu Uchikoshi គឺជាអតីតអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Nissan ប្រចាំនៅប្រទេសចិន។ ហើយនាយកប្រតិបត្តិ គឺលោក He Xiaoqing ជាអតីតប្រធានក្រុមហ៊ុន Changan Ford។
ក្រុមហ៊ុន Emta មានគម្រោងចេញលក់រថយន្តដំបូងរបស់ខ្លួននៅប្រទេសជប៉ុនក្នុងឆ្នាំ 2027។ ក្រុមហ៊ុនក៏មានគោលដៅណែនាំម៉ូដែលចំនួនបីបន្ថែមទៀតទៅកាន់ទីផ្សារក្នុងស្រុកផងដែរ។ ក្នុងករណីទទួលបានជោគជ័យ Emta នឹងពិចារណាក្នុងការបង្កើតរោងចក្រផលិតនៅប្រទេសជប៉ុនផ្ទាល់តែម្តងបន្ទាប់ពីឆ្នាំ 2030។ ទោះជាយ៉ាងណាសម្រាប់ឈ្មោះរថយន្តផ្លូវការណ៍ស្ថិតក្រោមម៉ាក Emta មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ បើតាមរូបភាពគំរូនៃរថយន្ត K-Car ដំបូង បានបង្ហាញពីស្លាកនៅលើទ្វារថា #01 ដូចនេះត្រូវបានគេសង្ស័យថា អាចមានឈ្មោះថា Emta #01។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ K-Car ថ្មីនេះ គឺមានទ្វារ 5 ប្រហាក់ប្រហែលគ្នានឹងរថយន្ត Chery QQ Ice Cream ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2021 ដែរ។ Emta K-Car អាចនឹងមានប្រវែងតួរខ្លួន 3.4m និងទទឹង 1.48m។
Emta K-Car នឹងក្លាយជាគូប្រកូតប្រជែងទីផ្សារជាមួយ BYD Racco ដែលជា K-Car ដំបូងរបស់ BYD ដែលត្រៀមចេញលក់នៅទីផ្សារប្រទេសជប៉ុនឆាប់ៗនេះជាមួយតម្លៃប៉ាន់ប្រមាណខ្ទង់ $15.670៕


