ស្វែងរកពួកយើង:

Chery នឹងមានការប្រកាសចេញឡានហោះ ឬ Flying Car ដំបូងរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំនេះ

ដោយ

Koun Jab Luffy

13 មិថុនា 2025 09:38 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Chery ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញផ្លូវការណ៍នូវឡានហោះដំបូង ឬ Flying Car ដែលមានឈ្មោះថា eVTOL ឬ Electric Vertical Takeoff and Landing របស់ខ្លួននៅក្នុងខែតុលា ឆ្នាំ 2025 នេះ។ ដែលនេះ គឺបានធ្វើឲ្យ Cheryក្លាយក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេដែលស្ថិតក្នុងគម្រោងការដែលត្រូវបានគេហៅថា “low-altitude economy”។ លោក Wang Junjie ដែលជានាយកមន្ទីរពិសោធន៍ឡានហោះរបស់ Chery បានបង្ហាញផែនការនៅក្នុងវេទិកាមួយដែលធ្វើឡើងកាលពីថ្ងៃទី 6 ខែមិថុនា នៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន ដោយលោកបាននិយាយថា Chery នឹងចាប់ផ្តើមដាក់ឲ្យដំណើរការឡាន់ហោះដំបូងរបស់ខ្លួន eVTOL ឆាប់ៗនេះ។
លោក Wang បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឡានហោះហើរបានជាសាកលបានចាប់ផ្តើមមានរូបរាង ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ផលិតកម្មដ៏ធំ និងការអនុវត្តពាណិជ្ជកម្ម។ យោងតាមលោក Wang បានបញ្ជាក់ថា មានប្រមាណជា 70 ទៅ 80 ភាគរយនៃសមាសធាតុនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ការផលិតឡានហោះ eVTOL របស់ Chery ដែលត្រួតស៊ីគ្នាជាមួយនឹងឧស្សាហកម្មផលិតឡានដំណើរការដោយថាមពលថ្មី (NEV) ជាពិសេសនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា ម៉ូទ័រអគ្គិសនី ប្រព័ន្ធគ្រប់គ្រងអគ្គិសនី និងប្រព័ន្ធថ្ម ជាដើម។
នៅក្នុងខែតុលា ឆ្នាំ 2024 ក្រុមហ៊ុន Chery បានធ្វើការដាក់បង្ហាញឡានហោះ ឬ Flying Car ដំបូងរបស់ខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍បច្ចេកវិទ្យាមួយ។ ក្រុមហ៊ុនផលិតឡានរថយន្តដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ បាននិយាយនៅអំឡុងពេលព្រឹត្តិការណ៍នោះថា ឡានហោះ ឬ Flying Car របស់ Chery បានបញ្ចប់ដោយជោគជ័យក្នុងការហោះហើរសាកល្បងលើចម្ងាយផ្លូវប្រហែល 80 គីឡូម៉ែត្រ។ ដោយឡែកកាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2025 ក្រុមហ៊ុន Chery បានចែករំលែកវីដេអូដែលបង្ហាញពីគំរូឡានហោះហើរដំបូងរបស់ខ្លួនផងដែរ។
Article image
គួរឲ្យកត់សំគាល់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ប្រព័ន្ធសេដ្ឋកិច្ច “low-altitude economy” ដោយបន្ធូរបន្ថយការគ្រប់គ្រងលើលំហអាកាសកម្ពស់ទាប ដែលអាចឱ្យឧស្សាហកម្មឡានហោះ eVTOL បានធ្វើការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ នៅឆ្នាំ 2030 ប្រទេសចិនអាចមានឡានហោះ Chery eVTOLs ប្រើប្រាស់លក្ខណៈគ្រួសារប្រមាណ 100,000 គ្រឿង ឬជារថយន្តតាក់ស៊ីតាមអាកាស នេះបើយោងតាមរបាយការណ៍របស់សម្ព័ន្ធសេដ្ឋកិច្ចកម្រិតទាបរបស់ចិននៅក្នុងខែវិច្ឆិកា ឆ្នាំ 2024។ របាយការណ៍បាននិយាយថា ក្នុងរយៈពេល 2 ទៅ 3 ឆ្នាំខាងមុខ បណ្តាញដឹកជញ្ជូនតាមអាកាស និងកន្លែងផ្តល់សេវាហោះហើរលើដីនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិននឹងត្រូវបានបញ្ចប់យ៉ាងទូលំទូលាយ ហើយ eVTOLs នឹងសម្រេចបាននូវពាណិជ្ជកម្មទ្រង់ទ្រាយធំ។
បច្ចុប្បន្ន ក្រុមហ៊ុនចិនតែមួយគត់ដែលបានចុះបញ្ជីក្នុងវិស័យនេះគឺ Ehang ដែលបានចែកចាយជាមួយឡានហោះហើរបានប្រភេទ EH2016-S eVTOLs។ ចំនែកសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត Xpeng ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ឲ្យដំណើរការឡានហោះហើរបានដំបូងរបស់ខ្លួនម៉ូដែល Aeroht ផងដែរ ដោយក្រុមហ៊ុននេះ បានចាប់ផ្តើមសាងសង់មូលដ្ឋានផលិតរថយន្តហោះហើររបស់ខ្លួន ជាមួយនឹងគោលដៅសម្រេចបាននូវការផលិត និងការចែកចាយដ៏ធំនៅឆ្នាំ 2026។ នៅខែធ្នូ ឆ្នាំ 2024  ក្រុមហ៊ុន GAC Group បានចាប់ផ្តើមម៉ាកឡានហោះ eVTOL ថ្មីដំបូងរបស់ខ្លួន ឈ្មោះ Govy ដែលរួមសហការផលិតផល eVTOL គឺ Govy Airjet។ រីឯក្រុមហ៊ុន Changan Automobile បានបញ្ជាក់កាលពីខែមីនាថា ឡានហោះ ឬ Flying Car ដំបូងរបស់ខ្លួន នឹងបញ្ចប់ការហោះហើរសាកល្បងនៅចុងឆ្នាំនេះផងដែរ៕