ស្វែងរកពួកយើង:

Chery បញ្ចេញរថយន្ត PHEV-SUV ថ្មីសាកភ្លើង និងចាក់សាំងពេញម្តងអាចបើកបានចម្ងាយដល់ 1,500 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

17 ធ្នូ 2024 03:10 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Chery បានធ្វើការសម្ភោធដាក់លក់ផ្លូវការណ៍នូវរថយន្ត Plug-in-Hybrid SUV ថ្មីម៉ូដែល Chery Exeed Exlantix ET ដែលនៅក្នុងប្រទេសចិនត្រូវបានគេស្គាល់ថាជាម៉ូដែល Sterra ET។ រថយន្ត SUV ស៊េរីថ្មីនេះដំណើរការបើកបរដោយប្រព័ន្ធប៉ុងពីរ ដែលភាសាបច្ចេកទេសហៅថា “Four-wheel-drive”។ Exeed Exlantix ET មានបីជម្រើស Option ដូចជា Max មានតម្លៃខ្ទង់ $33,000, Ultra មានតម្លៃខ្ទង់ $37,100 និង Premium មានតម្លៃខ្ទង់ $39,800។
រថយន្តស៊េរីថ្មីនេះ មានជម្រើសពីរពណ៌ គឺប្រផេះ និងស្វាយ។ ការរចនាផ្នែកខាងមុខ គឺបិតជិតដូចរថយន្តអគ្គិសនីអីចឹងដែរ ហើយរំលេចជាមួយនឹងចង្រ្កៀង Daytime running light ប្រភេទ LED រចនាតូចស្លីមមួយឆ្នូតអូសកាត់ក្បាលរថយន្ត ស្លាកសញ្ញានៃម៉ាក EXEED នៅកណ្តាល រួមជាមួយចង្កៀងបំភ្លឺពេលយប់ជាប្រភេទ LED Light នៅផ្នែកខាងក្រោម។ នៅផ្នែកខាងក្រោយមានការរចនារំលេចជាមួយចង្ក្រៀងបំភ្លឺអូសកាត់ពីម្ខាងទៅម្ខាង និងបណ្តុំចង្ក្រៀងស៊ីញ៉ូភ្លឺច្បាស់ប្រភេទ LED ផងដែរ។
Article image
នៅផ្នែកចំហៀងឃើញមានការរចនាដៃទ្វារលាក់ចូលក្នុងទ្វារ (Hidden door handle) ដែលបង្ហាញពីប្រណិតភាព និងភាពទំនើបទាន់សម័យនៃរថយន្ត។  Exeed Exlantix ET ប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ជាមួយការរចនាកាំកង់បែប Multi-spoke យ៉ាងទាក់ទាញ។ រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ E0X electric platform របស់ Chery ផ្ទាល់ ដែលធ្វើឲ្យរថយន្ត SUV មួយនេះមានប្រវែងបណ្តោយ 4,955mm/ ទទឹង 1,975mm/ កម្ពស់ 1,698mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm ជាមួយទំងន់រថយន្តសរុប 2,380kg។
Chery Exeed Exlantix ET ដំណើរការដោយប្រព័ន្ធបើកបរ Snow Leopard 4WD System ភ្ជាប់ដំណើរការដោយម៉ាស៊ីនសាំង 1.5T គូបផ្សំដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 ជាប្រភេទ permanent magnet synchronous motors និងមានកញ្ចប់ថ្មទំហំ 41.16kWh។ សម្រាប់ម៉ាស៊ីន 1.5T ដែលប្រើនៅលើ Exeed Exlantix ET អាចផលិតកំលាំងបាន 154 សេះ និងកំលាំងរមូល 220Nm ខណៈម៉ូទ័រអគ្គិសនីមុខ និងក្រោយរបស់វាអាចផលិតកំលាំងបាន 201 សេះ/កំលាំងរមូល 310Nm និង 261 សេះ/កំលាំងរមូល 324Nm។ Exeed Exlantix ET អាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.8 វិនាទី និងជាន់ល្បឿនលឿនបំផុតដល់ 195km/h។
សម្រាប់កញ្ចប់ថ្មរបស់ Chery Exeed Exlantix ET ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Gotion High-tech ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលថ្មសុទ្ធបាន 240km និងដល់ 1,500km នៅពេលគូបផ្សំជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ សម្រាប់ការសាកភ្លើងចូលវិញ គឺលឿនរហ័សជាមួយប្រព័ន្ធសាកភ្លើងកំលាំង 400V Fast Charging Platform ដោយសាកពី 20 ទៅ 80% ចាយពេលប្រមាណ 17.5 នាទីតែប៉ុណ្ណោះ។ Exeed Exlantix ET ជារថយន្តដំបូងរបស់ Chery ដែលគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ Chery’s Falcon Smart Driving system ដែលមានមកជាមួយកញ្ចប់សែនស័រចំនួន 30 គ្រាប់ ដែលគាំទ្រដំណើរការដោយបន្ទះឈីប NVIDIA Orin-X chips ចំនួនពីរ រួមជាមួយមុខងារ high-speed navigation, city navigation, និង smart parking functions ដែលដំណើរការមិនពឹងលើ high-definition map។
Article image
ចូលមកផ្នែកខាងក្នុងវិញមានការរចនាបែបប្រណិតទំនើបនិយមប្រកបដោយផាសុខភាព ក្នុងនោះមានដូចជាកៅអីស្បែក ចង្កូតស្បែករចនារាងជាអក្សរ D, មានមុខងារ smart electric glove box,និង new electric sunshade, អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch អេក្រង់បង្ហាញព័ត៌មាននៅលើ Dashboard ទំហំ 10.25-inch, ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P និងប្រតិបត្តិការថ្មី Exeed OS System។ សម្រាប់កៅអីមុខ-ក្រោយសុទ្ធតែគាំទ្រមុខងារកំដៅ ត្រជាក និងម៉ាស្សា។
បន្ថែមពីនេះ Chery Exeed Exlantix ET មានដំបូលបើកទំហំ 2.38㎡ panoramic sunroof, ប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ Lion AI voice assistant, ប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់, ប្រព័ន្ធភ្លើងតាមកាប៊ីន ambient lights ដែលអាចផ្លាស់ប្តូរបានចំនួន 256 ពណ៌,ប្រព័ន្ធបញ្ជាពីចម្ងាយ remote control, និងអាចធ្វើបច្ចុប្បន្នប្រព័ន្ធដំណើរការរថយន្តតាមរយះមុខងារ OTA updates ថែមទៀតផង៕