ស្វែងរកពួកយើង:

Chery ព្យាយាមបំបែកកំនត់ត្រា Range Rover Sport PHEV បើកឡើងជណ្តើរឋានសួគ៌ 999 កាំនៃភ្នំ Tianmen Mountain

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2025 07:24 ព្រឹក

អាន 3 នាទី

Article image
អ្នកទាំងអស់គ្នាច្បាស់ជានៅចាំពីអនុភាពដ៏អស្ចារ្យនៃរថយន្ត Range Rover Sport Plug-in-hybrid ដែលបានបំបែកកំណត់ត្រាពិភពលោកក្នុងការបើកឡើងជណ្តើរឋានសួគ៌ ឬ Heavenly Ladder ដែលមាន 999 កាំ នៃភ្នំ Tianmen Mountain ក្នុងប្រទេសចិន កាលពីជាង 7 ឆ្នាំមុន (ខែកុម្ភៈ ឆ្នាំ 2018) ដែលបើកឡើងដោយលោក Ho-Pin Tung អ្នកជំនាញបើកឡានប្រណាំងដ៏ល្បីឈ្មោះ ដែលព្រឹត្តិការណ៍នោះហៅថា Dragon Challenge។
ដោយឡែកថ្មីៗនេះក្រុមហ៊ុន Chery ក៏ចង់បំបែកកំណត់ត្រា Dragon Challenge របស់ Range Rover Sport ផងដែរ ដោយបានធ្វើការតេស្តសាកល្បងក្នុងការបើកឡើងជណ្តើរ Heavenly Ladder ជាមួយរថយន្តម៉ូដែលថ្មីរបស់ខ្លួន គឺ Chery Fulwin X3L។ ទោះជាយ៉ាងណា Fulwin X3L មិនមានវាសនាឡើងជណ្តើរទៅកាន់ឋានសួគ៌បានជោគជ័យដូច Range Rover Sport PHEV នោះឡើយ ដោយ X3L បានរអិលធ្លាក់មកវិញនៅជិតពាក់កណ្តាលជណ្តើរ និងបានប៉ះបង្កាន់ដៃជណ្តើរបណ្តាលឲ្យបាក់ផងដែរ។
Article image
បើតាមមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ Challenge ដែលធ្វើឡើងដោយក្រុមហ៊ុន Chery គឺមានការបិទឡើងជណ្តើឋានសួគ៌នៃភ្នំ Tianmen Mountain ចាប់ពីថ្ងៃទី 12 ដល់ ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2025 ផងដែរ។ នៅហេតុការណ៍នេះ Chery ក៏បានចេញលិខិតសុំអភ័យទោសចំពោះព្រឹត្តិការណ៍ Challenge របស់ខ្លួន ដែលធ្វើឲ្យមានការបិទការទេសចរណ៍ឡើងជណ្តើរភ្នំធានមិន និងធ្វើឲ្យខូចបង្កាន់ដៃជណ្តើរផងដែរ។
«ជណ្ដើរឋានសួគ៌» នៃភ្នំធានមិន គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយក្នុងប្រទេសចិន ដែលមានជណ្តើរចំនួន 999 កាំ លើប្រវែងជិត 300 ម៉ែត្រ និងមានជម្រាលបញ្ឈរប្រមាណ 150 ម៉ែត្រ ដែលនាំទៅដល់រូងភ្នំធានមិន។ វាត្រូវបានគេស្គាល់ដោយសារលក្ខខណ្ឌដ៏លំបាករបស់វា រួមទាំងជណ្តើរសើម និងតូចចង្អៀតទទឹង 30 សង់ទីម៉ែត្រ ដែលមានជម្រាលជាមធ្យម 45 ដឺក្រេ និងផ្នែកខ្លះលើសពី 60 ដឺក្រេ។
ហើយមុននឹងឡើងទៅដល់ជណ្តើរ Heavenly Ladder នៃភ្នំធានមិន ភ្ញៀវទេសចរណ៍ ត្រូវជិះឆ្លងកាត់ផ្លូវភ្នំដែលមានសភាពបត់បែនដូចអន្ទង់អាំងប្រមានជា 99 កន្លែង។ Chery Fulwin X3L ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 18 ក្នុងខែសីហា ឆ្នាំ 2025 ដែលមានតម្លៃខ្ទង់ $16,500 នៅទីផ្សារប្រទេសចិន។
រថយន្តស៊េរីថ្មីមួយនេះដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid 1.5T គាំទ្រដំណើរការដោយប្រព័ន្ធ Kunpeng Golden extended-range CEM-S system។ Fulwin X3L មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ។ ហើយសម្រាប់ម៉ាស៊ីន 1.5T អាចផលិតកម្លាំងបាន 115kW បូករួមនឹងម៉ូទ័រអគ្គិសនីកម្លាំង 185kW (248hp) និងកម្លាំងរមួល 300Nm។
Article image
ចំនែកម៉ូដែលប្រើម៉ូទ័រពីរដំណើរការដោយប្រព័ន្ធ 4WD មានកម្លាំងសរុប 315kW (422hp) និងកម្លាំងរមួល 505Nm អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.7 វិនាទី។ Fulwin X3L អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 135km និង215km ហើយអាចជិះបានដល់ 1,200km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ ជាមួយកម្រិតស៊ីសាំងត្រឹម 3.7L/100km៕