
យោងតាមរបាយការណ៍ចេញពីក្រុមហ៊ុន Chery ក្រុមហ៊ុនរថយន្តម៉ាក iCar ត្រៀមធ្វើការប្រកាសចេញឡានម៉ូដែលថ្មី Retro Edition របស់ម៉ូដែល iCar V23 SUV នៅខែក្រោយនេះ។ ឡាន off-road SUV មួយនេះត្រូវបានក្រុមហ៊ុនចេញលក់ជាមួយតម្លៃចាប់ពីខ្ទង់ $15,000 ទៅ $20,500 នៅទីផ្សារប្រទេសចិន។ iCar V23 SUV ត្រូវបានឌីស្សាញឡើងបែបជ្រុងៗ ឬហៅថា Boxy Design ជាមួយចង្កៀងខាងមុខរចនារាងជារង្វង់ និងមានដៃទ្វាររចនាបែបលឹបចូលក្នុង hidden-door-handle។
iCar V23 SUV មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយមានកំលាំង 100kW និងប្រើកញ្ចប់ថ្មប្រភេទ lithium-ion phosphate។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរត្រូវបានប្រើនូវម៉ូទ័រកំលាំង 100kW និង 55kW ហើយប្រើកញ្ចប់ថ្មប្រភេទ ternary lithium battery។

ចំនែកម៉ូដែលពិសេសថ្មី iCar V23 Retro Edition Package ដែលចេញនៅខែក្រោយនេះ គឺមានការកែប្រែឌីស្សាញថ្មីដូចជាការកែប្រែសំណាញ់ប៉ាណាមុខ retro front grille, តួរខ្លួនមានភាពធន់ជាងមុន body anti-scratch strips ជាមួយពណ៌បៃតង់ matte green body wrap និងប្រើសម្បកកង់ទំហំ 19-inch AT Tire ជាដើម។ សម្រាប់តម្លៃរបស់ V23 Retro Edition Package អាចនឹងថ្លៃជាងម៉ូដែលស្តង់ដារ V23 SUV ប្រមាណ $550 ទៅ $1,450។

ក្រុមហ៊ុន Chery គ្រោងនឹងណែនាំម៉ាករថយន្ត iCar របស់ខ្លួនទៅកាន់ទីផ្សារចក្រភពអង់គ្លេស អូស្ត្រាលី និងម៉ាឡេស៊ីនៅឆ្នាំក្រោយ ដែលជាផ្នែកនៃយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តសកលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោនេះនឹងត្រូវប្តូរឈ្មោះទៅជា “iCaur” នៅក្នុងទីផ្សារទាំងនេះ ដើម្បីជៀសវាងជម្លោះពាណិជ្ជសញ្ញាជាមួយក្រុមហ៊ុន Apple ដែលកាន់យីហោ “iCar”។

នាយកប្រតិបត្តិ iCar លោក Su Jun បាននិយាយនៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំនេះថា ជាផ្នែកនៃយុទ្ធសាស្រ្តនាំចេញសកលរបស់ Chery iCar គ្រោងនឹងបើកបន្ទប់តាំងបង្ហាញរថយន្តចំនួន 2,000 កន្លែងនៅក្នុងប្រទេសចំនួន 100 ក្នុងរយៈពេលបីឆ្នាំខាងមុខ៕
