ក្រុមហ៊ុនម៉ាករថយន្ត Omoda ដែលជាម៉ាកយីហោរថយន្តរង ឬ Sub-brand របស់ Chery បានធ្វើការប្រកាសចេញលក់រថយន្តប្រភេទ SUV ស៊េរីថ្មីឆ្នាំ 2027 Omoda C9 នៅទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $18,400 ដល់ $20,600។ រថយន្តប្រភេទ mid-size SUV ស៊េរីថ្មីឆ្នាំ 2027 នេះមានជម្រើសម៉ូដែលប្រើម៉ាស៊ីនសាំងចំណុះ 2-litre turbo ICE ឬ 1.5-litre turbo Plug-in-hybrid (PHEV)។ សម្រាប់ម៉ូដែល Omoda C9 PHEV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ 120km ក្រោមស្តង់ដារ CLTC នៅពេលសាកថ្មពេញម្តង។
ម៉ាករថយន្ត Omoda C9 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងឆ្នាំ 2023 ជាមួយម៉ូដែលប្រើម៉ាស៊ីនសាំង និងម៉ូដែលប្រើម៉ាស៊ីន Plug-in-hybrid (PHEV) ឬ C9 C-DMបានប្រកាសចេញនៅក្នុងឆ្នាំ 2024។ ចំនែកម៉ូដែលថ្មីឆ្នាំ 2027 នេះ ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែការឌីស្សាញថ្មី បំពាក់បច្ចេកវិទ្យាថ្មី កាន់តែមានភាពទំនើបក្នុងការបើកបរប្រចាំថ្ងៃ ព្រមទាំងមានបន្ថែមជម្រើសម៉ូដែលពិសេសហៅថា C9 Night Edition សម្រាប់ម៉ូដែលប្រើម៉ាស៊ីនសាំង (ICE) ថែមទៀតផង។ ម៉ូដែល Night Edition គឺមានការបំពាក់មកជាមួយសម្បកកង់ម៉ាក Michelin, ដង្កៀបហ្វ្រាំងពណ៌ក្រហម, តួររថយន្តពណ៌ខ្មៅ និងយ៉ាន់កង់មានពណ៌ខ្មៅស្រអាប់ជះរាងបែបស្ព័រដ៏ទាក់ទាញ។
Chery បានបញ្ជាក់ថា សម្រាប់គ្រោងឆ្អឹងរបស់ Omoda C9 ឆ្នាំ 2027 ត្រូវបានពង្រឹងគុណភាពកាន់តែមានភាពរឹងមាំងជាងជំនាន់មុនជាមួយការប្រើប្រាស់ដែកប្រភេទ high-strength steel។ ក្រុមហ៊ុនបានអះអាងទៀតថា ដំបូលរបស់ Omoda C9 ឆ្នាំ 2027 អាចទ្រទម្ងន់បានរហូតដល់ 10 តោន និងអាចទប់ទល់នឹងការក្រឡាប់ ឬផលប៉ះពាល់ពីយានយន្តធុនធ្ងន់បានកាន់តែប្រសើរបំផុត។ នៅលើម៉ូដែល Omoda C9 C-DM PHEV 2027 មានភ្ជាប់មកជាមួយកញ្ចប់ថ្មប្រភេទ “Rhino Cleaver” LFP pack ដែលមានវដ្តនៃអាយុកាលនៃការសាកភ្លើងបានដល់ទៅជាង 5,000 ដង និងមានសុវត្ថិភាពខ្ពស់ទោះបីជាចូលទឹកក៏ដោយ។
រថយន្ត mid-size SUV ស៊េរីថ្មីឆ្នាំ 2027 នេះ មានតួរខ្លួនប្រវែង 4,781mm/ ទទឹង 1,920mm/ កំពស់ 1,671mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,815mm។ ប្រព័ន្ធជើងក្រោមរបស់ Omoda C9 Series 2027 មានភ្ជាប់មកជាមួយប្រព័ន្ធ McPherson នៅផ្នែកខាងមុខ និង multi-link suspension នៅផ្នែកខាងក្រោយ។ នៅលើម៉ូដែល Omoda C9 ប្រើម៉ាស៊ីនសាំងសុទ្ធ (ICE) បានបំពាក់នូវម៉ាស៊ីនសាំងចំណុះ 2-litre turbo four cylinder engine មានកម្លាំង 257 សេះ ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ dual clutch auto transmission (DCT) មាន 7-វគ្គ។
ដោយឡែកនៅម៉ូដែល Omoda C9 C-DM PHEV ប្រើម៉ាស៊ីនសាំងចំណុះ 1.5-litre turbo four cylinder engine មានកម្លាំង 154 សេះ ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 355 សេះ។ C9 C-DM មានកញ្ចប់ថ្មប្រភេទ LFP ទំហំ 19.5kWh សាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 120km ក្រោមស្តង់ដារ CLTC ហើយសម្រាប់ការសាកថ្មវិញ គឺមានល្បឿនលឿនតាមរយះ DC Fast Charging ដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ប្រហែល 17 នាទីប៉ុណ្ណោះ បើតាមការបញ្ជាក់ពី Chery។



