នៅថ្ងៃនេះ Chery ដែលជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រទេសចិន បានប្រកាថា ខ្លួននឹងមានការ ប្រកាសចេញនូវឡាន Off-Road ស៊េរីថ្មីរបស់ខ្លួននៅទីផ្សារនាថ្ងៃទី 13 ខែមីនាខាងមុខនេះហើយ។ សម្រាប់ម៉ូដែលនេះត្រូវបានចាត់ទុកថា គឺជាម៉ូដែល Flagship ដំបូងគេ ដែលប្រើប្រាស់នូវ ប្រព័ន្ធextended-range hybrid system។

iCar V27 មានជម្រើសចំនួន 5 ពណ៌មានដូចជា ទឹកប្រាក់ លឿង ទឹកមាសស្រាល ខ្មៅ និងខៀវ។ឡាន off-road SUV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងបែបប្រអប់ដែលភាសាឌីស្សាញហៅថា “Boxy body design” ជាមួយចង្កៀងខាងមុខរចនាបែបរង្វង់មូល និងទ្វារទីប្រាំខាងក្រោយបើកចំហៀងជាមួយកង់សាគួនៅជាប់ជាមួយ។ iCar V27 មានប្រវែងតួរខ្លួន 4,909/ ទទឹង 1,976mm/ កំពស់ 1,855mm (1,894mm) ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,910mm ដែលធ្វើឲ្យ V27 ក្លាយជាម៉ូដែលរថយន្តទំហំធំដំបូងគេក្នុងត្រកូលនៃម៉ាក iCar។

សម្រាប់ប្រព័ន្ធបើកបរ range-extender system របស់ iCar V27 ត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ដែលអាចផលិតកម្លាំងបាន 141 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 34.317kWh និង 20.638kWh។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកម្លាំង 248 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរអាចផលិតកម្លាំងសរុបបានដល់ 449 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចេញពេលខ្ទង់ 5.5 វិនាទី។
បើយោងទៅលើការបញ្ជាក់ពីការធ្វើតេស្តចម្ងាយបើកបរពី CLTC បានបង្ហាញថា iCar V27 (AWD) អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ យ៉ាងណាមិញសម្រាប់ទំហំថ្ម និងរយះចម្ងាយបើកបរសម្រាប់ម៉ូដែល iCaur V27 (RWD) មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។

ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ iCar V27 Series គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា Falcon 700 ADAS ពី Chery គាំទ្រដំណើរការដោយបន្ទះឈីប Journey J6P ពី Horizon Robotics មានសមត្ថភាពឆ្លាតវៃកម្រិត 560 TOPS ភ្ជាប់ដំណើរការដោយសែនស័រ 27 គ្រាប់។ ចូលមកផ្នែកកាប៊ីនរបស់ iCaur V27 មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.4-inch គាំទ្រកម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយបន្ទះឈីបQualcomm Snapdragon 8295P។ អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូត, រន្ធម៉ាស៊ីនត្រជាក់ឌីស្សាញបែបបញ្ឈរស្ថិតនៅសងខាងនៃតាបឡូ, មានប៉ូតុងចុចបញ្ជាប្រភេទ Physical Button ស្ថិតនៅខាងក្រោមអេក្រង់កម្សាន្ត, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក, ដំបូលបើក កៅអីជួរមុខជាប្រភេទកៅអីអេឡិចត្រូនិចមានភ្ជាប់នូវមុខងារក្តៅ និងត្រជាក់ជាដើម៕

