ស្វែងរកពួកយើង:

Chery ត្រៀមចេញឡាន Pick up PHEV ថ្មីដើម្បីប្រជែងជាមួយ Ford Ranger PHEV និង BYD Shark 6

ដោយ

Koun Jab Luffy

24 ឧសភា 2025 08:12 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានបង្ហាញចេញប៉ាតង់គំរូឌីស្សាញរថយន្ត Pick up ស៊េរីថ្មីរបស់ខ្លួន ដែលរថយន្ត Pick up ថ្មីនេះ ត្រូវបានគេដឹងថា ជាម៉ូដែល ute សម្រាប់ទីផ្សារអូស្ត្រាលី ដែលនឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង Ford Ranger PHEV និង BYD Shark 6។ តាមគំរូឌីស្សាញឡាន Pick up Plug-in-hybrid (PHEV) ថ្មីរបស់ Chery នេះ គឺជាប្រភេទ Pick Up ពីរបាំង ឬហៅថា Dual-cab។
Chery ត្រូវបានគេស្គាល់ច្បាស់ថា ជាក្រុមហ៊ុនផលិតឡានអគ្គិសនីភាគច្រើនដែលផ្តោតទៅលើការផលិតឡានប្រភេទ sedan និង SUV ប្រណិត ទោះជាយ៉ាងណាសម្រាប់កំនែម៉ូដែល ute សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ក្រុមហ៊ុនចិននេះមិនទាន់បានបញ្ជាក់ផ្លូវការណ៍នៅឡើយទេ ប៉ុន្តែ ប៉ុន្តែវាបានផ្តល់សញ្ញាថា Chery មានគោលដៅសំខាន់ក្នុងការប្រកួតប្រជែងជាមួយរថយន្ត Ford Ranger និង Toyota HiLux នៅទីផ្សារប្រទេសអូស្ត្រាលី។
Article image
កាលពីព្រឹត្តិការណ៍ 2025 Shanghai motor Show ដែលប្រារព្ធធ្វើឡើងកាលពីខែមុននេះ Chery បានធ្វើការដាក់តាំងបង្ហាញឡាន Pick up ម៉ូដែល Himla ដែលមានការឌីស្សាញជា dual-cab ប៉ុន្តែ ឡាន Pick up មួយនេះ ត្រូវបានគេដឹងថា នឹងមិនមានវត្តមានសម្រាប់ទីផ្សារអូស្ត្រាលីនោះទេ ដោយ Chery នឹងជំនួសដោយម៉ូដែលផ្សេងថ្មីមួយទៀត ហើយអាចជាម៉ូដែលថ្មីដែលមានគំរូឌីស្សាញនៅលើប៉ាតង់ដែលបានបង្ហាញនេះ។
បើតាមប្រភពព័ត៌មានបាននិយាយថា រថយន្តដំបូងរបស់ក្រុមហ៊ុន Chery សម្រាប់ប្រទេសអូស្ត្រាលីអាចនឹងប្រើប្រាស់ឈ្មោះថា Rely ដែលជាម៉ាកយីហោរងជាមួយ Omoda និង Jaecoo ឬជាម៉ូដែលពិសេសនៅក្នុង Showrooms Chery រួមជាមួយនឹងរថយន្តប្រភេទ SUV បច្ចុប្បន្នរបស់ក្រុមហ៊ុន។ ម៉ាករថយន្ត Chery មួយទៀត គឺ Jetour ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរសម្រាប់ការនាំចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។
ជាងនេះទៅទៀត Chery អាចនឹងនាំយកម៉ាកយីហោរថយន្តរបស់ខ្លួនទាំង 5 រួមមាន Chery ផ្ទាល់, Jaecoo, Omoda, Rely និង Jetour ចូលទៅកាន់ទីផ្សារអូស្ត្រាលីតែម្តង។ រូបភាពប៉ាតង់នៃការរចនាឌីស្សាញដែលបញ្ចេញដោយ Chery Automobile ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបង្ហាញថា ឡាន Pick up ម៉ូដែលថ្មីនេះ គឺមានការរចនាបែបជ្រុង ឬ boxy design ជាង Himla ute ហើយមានកាងខាងក្រោយស្រដៀងទៅនឹងរថយន្ត Ford Ranger និង Kia Tasman ។
Article image
ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិរបស់ឡាន Pick up ថ្មីរបស់ Chery មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេក្នុងពេលនេះ។ ប៉ុន្តែ ឡាន Pick up ថ្មីមួយនេះ នឹងដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ជាជាងប្រើម៉ាស៊ីន ហើយគោលដៅចម្បងនៃរថយន្តស៊េរីថ្មីនេះ គឺដើម្បីប្រជែងទីផ្សារជាមួយនឹង Ford Ranger Plug-in-hybrid, BYD Shark 6 ក៏ដូចជា GWM Cannon alpha ជាដើម។
កាលពីខែសីហា ឆ្នាំ 2024 អនុប្រធានប្រតិបត្តិរបស់ Chery លោក Zhang Guibing បានប្រាប់គេហទំព័រ Drive ថា ការអភិវឌ្ឍន៍សម្រាប់រថយន្ត dual-cab ute ថ្មីសម្រាប់អូស្ត្រាលីគឺ "បាននឹងកំពុងដំណើរការ"។ លោក Zhang បញ្ជាក់ទៀតថា "ដោយសារតែអូស្ត្រាលី គឺជាទីផ្សារយុទ្ធសាស្ត្រមួយក្នុងចំណោមទីផ្សារសំខាន់ៗរបស់យើង ដូច្នេះប្រាកដណាស់យើងនឹងពិចារណាសម្រាប់ការបោះជំហានចូលទៅកាន់ទីផ្សារមួយនេះ"៕
Chery ត្រៀមចេញឡាន Pick up PHEV ថ្មីដើម្បីប្រជែងជាមួយ Ford Ranger PHEV និង BYD Shark 6