ស្វែងរកពួកយើង:

Chevrolet ត្រៀមបញ្ចេញឡានអគ្គិសនីភីកអាប់ថ្មី Silverado EV Trail Boss 2026 តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

26 សីហា 2025 02:09 រសៀល

អាន 3 នាទី

Article image
General Motors ដែលជាក្រុមមេគ្រប់គ្រងលើម៉ាកយីហោរថយន្ត Chevrolet បានប្រកាសថ្មីៗនេះថា ខ្លួនបានត្រៀមបញ្ចេញរថយន្តអគ្គិសនីប្រភេទ Pick up ថ្មីស៊េរីឆ្នាំ 2026 ចំនួនពីរម៉ូដែលដើម្បីប្រជែងទីផ្សារឡានភីកអាប់។ តាមការបញ្ជាក់ពី GM បានឲ្យដឹងថា Electric Pick up truck ថ្មីរបស់ខ្លួន គឺមានម៉ូដែលថ្មី 2026 Silverado EV Trail Boss និង Silverado EV LT ដែលរថយន្តទាំងថ្មីទាំងពីរនេះ គឺបំពាក់កញ្ចប់ថ្មទំហំធំបំផុតដល់ទៅ 205kWh និងអាចជិះបានចម្ងាយឆ្ងាយដល់ទៅ 769km នៅពេលសាកភ្លើងពេញម្តង។
បើតាមការធ្វើតេស្តពីក្រុមការងារ Out Of Spec Testing បានបញ្ជាក់ថា Silverado EV Trail Boss ម៉ូដែលថ្មីនេះ ត្រូវបានផលិតឡើងដោយផ្តោតខ្លាំងទៅលើការបើកបរលើផ្លូវឧបសគ្គខ្លាំង ឬ off-road និងការបើកបរបានក្នុងរយះពេលយូរ។ ម៉ូដែលនេះ ប្រើប្រាស់សម្បកកង់ខ្នាត 35-inch ហើយនៅពេលសាកថ្មពេញ 100% គឺអាចជាន់ល្បឿនថេរដល់ 113km/h។ ហើយសម្រាប់ការសាកថ្មមួយពេញម្តងអាចជិះបានចម្ងាយផ្លូវដល់ 745km។ នៅពេលថាមពលថ្មធ្លាក់នៅពាក់កណ្តាល គឺអាចបើកបានចម្ងាយ 340km ជាមួយកម្រិតប្រើថាមពលថ្មមធ្យម 2.1miles/kWh។
Article image
ចំនុចពិសេសរបស់ឡាន Chevrolet EV គឺនៅលើប្រព័ន្ធផ្ទុកថាមពលថ្មបម្រុង ដែលមានន័យថា នៅពេលភាគរយថ្មបង្ហាញនៅសូន្យភាគរយ បន្តែ រថយន្ត គឺរក្សាល្បឿនថេរ 70miles/h ដែលអាចបើកបានចម្ងាយប្រមាណ 80km បន្ថែមទៀត។ បន្ថែមពីនេះឡាន Chevrolet EV Truck ថ្មីនេះ ក៏មានប្រព័ន្ធផ្តល់ដំណឹងជាច្រើននៅពេលភាគរយថ្មធ្លាក់ចុះនៅកម្រិតទាបបំផុត ដូចជា ការជូនដំណឹងលើកដំបូងនៅពេលថាមពលថ្មនៅសល់ 7% ហើយមុខងារ Turtle Mode ដំណើរការដែលបញ្ជាក់ថា អាចបើកបាន 5 ម៉ាយនៅសម្រាប់ថាមពលថ្មដែលនៅសល់ ទោះជាយ៉ាងណារថយន្តនៅតែរក្សាល្បឿនបើកបរដដែល ទោះបីជាវាបានបិទប្រព័ន្ធគ្រប់គ្រងការបើកបរក៏ដោយ។
Article image
2026 Silverado EV Trail Boss ត្រូវបានគេដឹងថា មានកម្លាំងដល់ 725hp អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ដល់ 100km/h ចាយពេលប្រមាណ 4.5 វិនាទី ហើយអាចអូសសណ្តោងទម្ងន់បានដល់ 5,670kg និងគ្រែដឹកអាចដឹកទម្ងន់បាន 953kg ហើយនិងមានប្រវែងគ្រែដឹកដល់ 3.3m នៅពេលទម្លាក់កន្ទុកខាងក្រោយ។ នៅផ្នែកកាប៊ីនខាងក្នុង គឺនឹងបំពាក់អេក្រង់កម្សាន្តទំហំ 17.7-inch ជាមួយអេក្រង់បង្ហាញព័ត៌មានក្រោយចង្កូតទំហំ 11-inch ដែលអេក្រង់ទាំងពីរអាចនឹងគាំទ្រជាមួយប្រព័ន្ធ Google built-in services ថែមទៀតផង។
Article image
ជាពិសេស Chevrolet ក៏នឹងផ្តល់ជូនជម្រើសម៉ូដែលបំពាក់មុខងារ Head-Up-Display (HUD) និងប្រព័ន្ធជំនួយការបើកបរ Super Cruise driver assist technology របស់ GM ផងដែរ។  Chevrolet Silverado EV Trail Boss ថ្មីនេះអាចមានតម្លៃចាប់ពីខ្ទង់ $72,095 ដល់ $88,695៕