ស្វែងរកពួកយើង:

Counterpoint: ការនាំចេញស្មាតហ្វូននៅលើទីផ្សារពិភពលោក មានការកើនឡើង 6% នៅត្រីមាសទី 2 ឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

22 កក្កដា 2024 09:21 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានការចេញផ្សាយព័ត៌មានថ្មីថា ទីផ្សារស្មាតហ្វូនសកល បានចាប់ផ្តើមមានការស្ទុះងើបឡើងវិញហើយ បន្ទាប់ការធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុននេះ។ តួរលេខទីផ្សារស្មាតហ្វូនសកលចុងក្រោយបំផុតនេះ គឺមានការវាស់ស្ទង់ដោយក្រុមហ៊ុន Counterpoint Research។ នៅត្រីមាសទី 2 ឆ្នាំ 2024 នេះ មានទីផ្សារស្មាតហ្វូនមានកំនើន 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមការបញ្ជាក់របស់ស្ថាប័ន Counterpoint បានអោយដឹងថា កំណើននេះ គឹខ្ពស់បំផុតនៅក្នុងរយៈពេល 3 ឆ្នាំមុននេះ នេះ ។
ប្រភពខាងលើនេះ បានបន្តថា ការលក់ស្មាតហ្វូនទីផ្សារសកលនៅពេលនេះ គឺមានកំណើនកើនឡើងប្រចាំឆ្នាំសម្រាប់រយៈពេល 3 ត្រីមាសជាប់ៗគ្នា នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 ដែលនេះ គឹបានបង្ហាញពីការងើបឡើងវិញចេញពីឆ្នាំមុនដែលមានកម្រិតខ្សោយបំផុត។ ម៉ាកយីហោស្មាតហ្វូនកំពូលទាំង 5 គឹមិនមានការផ្លាស់ប្តូរនោះទេចេញពីត្រីមាសមុនៗ ខណៈពេលដែលក្រុមហ៊ុន Samsung គឺនៅចំណាត់ថ្នាក់ខ្ពស់ជាងគេ។ ទីផ្សាររបស់ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះ ខណៈពេលដែលក្រុមហ៊ុន Xiaomi គឺមានការរីកចម្រើនលឿនបំផុតនៅក្នុងចំណោមម៉ាកយីហោសកលទាំង 5 នេះ។
ការស្រាវជ្រាវ Smartphone 360 Monthly Tracker របស់ក្រុមហ៊ុន Counterpoint Research ក៏បង្ហាញអោយដឹងទៀតថា ការងើបឡើងវិញនេះ គឺបានជម្រុញចេញពីអារម្មណ៍របស់អ្នកប្រើប្រាស់ដូចជាកត្តាម៉ាក្រូសេដ្ឋកិច្ចផងដែរ។ របាយការណ៍នេះបន្ថែមថា ទីផ្សារនៅក្នុងអ៊ឺរ៉ុប និងអាមេរិកឡាទីនក៏មានការរីកចម្រើនលឿនបំផុតនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ចំនួននេះគឺមានការកើនឡើងនៅក្នុងសកម្មភាពនៃការទិញខ្ពស់ជាងឆ្នាំ 2023 ។
សម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei ក៏បន្តក្នុងការងើបឡើងវិញផងដែរ។ ទីផ្សារជាច្រើនជាពិសេសនៅក្នុងអាមេរិកឡាទីន និងអាស៊ីក៏មានភាពល្អប្រសើរជាងមុនផងដែរ។ យោងតាមការបញ្ជាក់របស់ប្រធានផ្នែកស្រាវជ្រាវ Tarun Pathak របស់ក្រុមហ៊ុន Counterpoint បាននិយាយថា កំណើនទៅលើការលក់ស្មាតហ្វូននៅក្នុងរយៈពេល 3 ត្រីមាសចុងក្រោយនេះ គឺជាការងើបឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងឆ្នាំ 2023។
Article image
ប្រភពដដែលនេះបន្តថា ក្រុមហ៊ុន Samsung មានទីផ្សារចំនួន 20% និងឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ ដោយមានការតាមពីក្រោយដោយក្រុមហ៊ុន Apple (16%), Xiaomi (14%), Vivo (8%) និង OPPO (8%)។ ប៉ុន្តែបើមើលទៅលើចំណែកទីផ្សារសរុបរបស់ក្រុមហ៊ុនម៉ាកយីហោទាំង 5 នេះ វិញ គឺមានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ ពីព្រោះថា នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 គឺមានការងើបឡើងនៃម៉ាកយីហោមួយចំនួនដូចជា Huawei, Honor, Motorola និង Transsion ជាដើម៕
Counterpoint: ការនាំចេញស្មាតហ្វូននៅលើទីផ្សារពិភពលោក មានការកើនឡើង 6% នៅត្រីមាសទី 2 ឆ្នាំ 2024 នេះ