
រយះពេលមួយខែបន្ទាប់ពីការប្រកាសចេញរថយន្តស៊េរីថ្មី Deepal S05 នៅលើទីផ្សារ ក្រុមហ៊ុនរថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ Changan មួយនេះបានប្រកាសថា ខ្លួនទទួលបានការបញ្ជាទិញមុនសម្រាប់រថយន្តស៊េរីថ្មីនេះទាំងម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងម៉ូដែល EREV ចំនួន 21,730 គ្រឿង។ ដែលតួរលេខនេះ គឺបង្ហាញពីសន្ទុះក្នុងការគាំទ្រម៉ាករថយន្ត Deepal ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសចិន។
ហើយកាលពីពេលថ្មីៗនេះ Deepal S05 បានទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ជាខ្លាំង ដោយត្រឹមរយះពេលប្រមាណតែ 10 ថ្ងៃក្រោយការបង្ហាញវត្តមាន គឺមានអ្នកបញ្ជាទិញមុនចំនួនដល់ 10,000 គ្រឿងទៅហើយ។ កាលពីអំឡុងខែតុលាកន្លងទៅ Deepal បានធ្វើការនាំចេញរថយន្តរបស់ខ្លួនបានចំនួន 27,862 គ្រឿង ហើយសម្រាប់ខែវិច្ឆិកានេះ ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថា ការនាំចេញនឹងមានការកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត។ Deepal S05 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់កាលពីថ្ងៃទី 20 ខែតុលា ហើយការនាំចេញក៏ត្រូវបានធ្វើឡើងដូចគ្នាផងដែរ។ ដោយបច្ចុប្បន្ននេះ គឺមានចំនួន 6 ម៉ូដែលសម្រាប់ Deepal S05 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ ដោយក្នុងនោះមាន 4 ម៉ូដែល គឺប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និង 2 ម៉ូដែលទៀតជាប្រភេទ EREV ហើយមានតម្លៃចាប់ពីខ្ទង់ $16,900 ដល់ $21,100។

Deepal S05 គឺជារថយន្ត SUV ដែលមានប្រវែងបណ្តោយ 4,620/ ទទឹង 1,900/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm ហើយនិងមានជម្រើសចំនួន 5 ពណ៌។ រថយន្តស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធ Huawei xPixel-enabled intelligent headlights ធ្វើជាម៉ាស៊ីន Projector ដែលអាចបង្ហាញចេញបានទំហំដល់ទៅ 120-inch។ ជាងនេះទៅទៀត Deepal S05 ក៏មានភ្ជាប់នូវប្រព័ន្ធកាមេរ៉ាឆ្លាតវៃរបស់ Deepal (intelligent gimbal camera)ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K ជាមួយទំហំផ្ទុក 64GB ដែលអាចផ្ទុករូបភាពបានចំនួន 21,000 រូប និងវីដេអូបាន 12 ម៉ោង។ លក្ខណៈពិសេសបន្ថែមទៀត មានដូចជា មានដំឡើងនូវប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់ និងដំបូលបើក panoramic roof។
នៅផ្នែកខាងក្នុង Deepal S05 ផ្តល់ជូននូវជម្រើស 3 ពណ៌ គឺពណ៌ទឹកក្រូច ខៀវ និងប្រផេះ។ Deepal S05 មានអេក្រង់កម្សាន្តធំនៅចំកណ្តាលទំហំ 15.4-inch គាំទ្រកម្រិតបង្ហាញ 2.5K ដែលគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រតិបត្តិការ Deepal OS3.0។ សម្រាប់ដៃចង្កូតវិញត្រូវបានរចនាឡើងមានរាងអក្សរ D ឬ D-Shaped និងមានបង្កប់ដោយប៊ូតុងចុងបញ្ជាមុខងារមួយចំនួន។ រថយន្តនេះ មិនមានអេក្រង់បង្ហាញព័ត៌មានរថយន្តនោះទេ ដោយវាបានប្រើនូវបច្ចេកវិទ្យាបាញ់បង្ហាញលើដំបូលខាងមុខ AR-head-up Display ជំនួសវិញ។

Deepal S05 មានទូរទឹកកករដែលស្ថិតនៅផ្នែកកណ្តាលរវាងកៅអីអ្នកបើក និងអ្នករួមដំណើរ ដែលអាចផ្ទុកចំនុះបាន 13 លីត្រ។ បន្ថែមពីនេះ Deepal S05 នៅមានកន្លែងសម្រាប់ទុកដាក់អីវ៉ាន់ចំនួន 35 កន្លែងផ្សេងទៀត។ នៅផ្នែកក្បាលនៃរថយន្តសម្រាប់ម៉ូដែលអគ្គិសនីអាចដាក់អីវ៉ាន់បានចំនុះដល់ 159 លីត្រ ខណៈផ្នែកគូទក្រោយអាចផ្ទុកបាន 651 លីត្រ និងបាន 464 លីត្រសម្រាប់ម៉ូដែល EREV។ សម្រាប់ម៉ូដែល Deepal S05 EV គឺមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 175kW និងកំលាំងរមូល 320N ជាមួយការប្រើប្រាស់កញ្ចប់ថ្មប្រភេទ Lithium iron phosphate battery ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 510km។
ដោយឡែកសម្រាប់ម៉ូដែល Deepal S05 EREV វិញ មានបំពាក់នូវម៉ាស៊ីនសាំងស៊េរី JL469Q1 ចំនុះ 1.5-Litre អាចផលិតកំលាំងបាន 75kW ហើយដើរតួរធ្វើជាម៉ាស៊ីនភ្លើងសម្រាប់បញ្ចូលថាមពលទៅឲ្យកញ្ចប់ថ្មតែប៉ុណ្ណោះ ខណៈកំលាំងបង្វិលកង់រថយន្តត្រូវពឹងផ្អែកទាំងស្រុងដោយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកំលាំង 160km និងកំលាំងរមូល 320Nm។ ម៉ូដែលនេះ មានកញ្ចប់ថ្មអគ្គិសនីទំហំ 27.28kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចំងាយផ្លូវ 200km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចបើកបានដល់ចំងាយផ្លូវ 1,234km ជាមួយការបញ្ចូលភ្លើងពីម៉ាស៊ីន JL469Q1 1.5៕
