Denza ដែលម៉ាករថយន្តប្រណីតកម្រិត Premium របស់ BYD បានធ្វើការប្រកាសចេញលក់រថយន្ត N8L Plug-in-hybrid SUV ម៉ូដែលថ្មីនៅទីផ្សារប្រទេសចិន។ N8L PHEV ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពរយះចម្ងាយបើកបរដោយអគ្គិសនីសុទ្ធឡើងដល់ 430km ជាមួយនិងការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Flash Charging ដល់កម្លាំង 728kW។ Denza N8L PHEV ម៉ូដែលថ្មីនេះមានជម្រើសពីរម៉ូដែលផ្សេងគ្នាហើយនិងមានតម្លៃចាប់ពីខ្ទង់ $47,200 និង $51,600 នៅទីផ្សារក្នុងស្រុក។

Denza N8L PHEV ដែលជាប្អូនពៅរបស់ម៉ូដែល N9 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងនៅចុងឆ្នាំ 2025។ N8L PHEV ដែលមានតម្លៃធូរថ្លៃជាងរៀមច្បង N9 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកនូវម៉ាស៊ីនសាំង2.0-litre turbo Plug-in-hybrid និងមានលទ្ធភាពអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយត្រឹម 230km ប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានការចុះបញ្ចីលក់រថយន្តថ្មីពីស្ថាប័ន MIIT ក្នុងប្រទេសចិនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ 2026 ក្រុមហ៊ុន Denza បានប្រកាសដាក់ឲ្យបញ្ជាទិញមុន N8L នៅថ្ងៃទី 10 ក្នុងខែមេសា។

Denza N8L PHEV ម៉ូដែលថ្មី គាំទ្រនូវស្ថាបត្យកម្មប្រព័ន្ធភ្លើងកម្លាំងខ្លាំងបំផុតដល់ទៅ 1000V architecture និងប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្ម LFP Battery ជំនាន់ចុងក្រោយរបស់ BYD ដែលមានទំហំធំជាងមុនឡើងដល់ 75.26 kWh ធៀបនឹងទំហំ 46.99kWh ដែលប្រើនៅលើម៉ូដែលដំបូង ហើយក៏ជួយបង្កើនសមត្ថភាពក្នុងការបើកបរដោយប្រើអគ្គិសនីសុទ្ធពី 230km ទៅដល់ 430km។ N8L PHEV ថ្មីនេះមានប្រវែងតួរខ្លួន 5,200mm/ទទឹង 1,999mm/កំពស់ 1,820mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,075mm និងបំពាក់យ៉ាន់កង់រង្វង់ 21-inch។

លក្ខណៈពិសេសៗជាច្រើនទៀតរបស់ Denza N8L មានដូចជា ទ្វារដំណើរការដោយប្រព័ន្ធភ្លើង ឬ Power door, ខ្សែក្រវ៉ាត់សុវត្ថិភាពពិសេស “active seatbelt pretensioners”, កៅអីខាងមុខជាប្រភេទ zero-gravity seats និងមានបំពាក់នូវអេក្រង់កម្សាន្តទំហំ 17.3-inch សម្រាប់អ្នកអង្គុយកៅអីខាងក្រោយ។ សម្រាប់ប្រព័ន្ធជើងក្រោមរបស់ N8L វិញ គឺបានបំពាក់នូវប្រព័ន្ធ dual wishbones នៅខាងមុខ និង five-bar multi-link suspension នៅផ្នែកខាងក្រោយ។ បន្ថែមពីនេះ ក៏មានបំពាក់នូវប្រព័ន្ធ DiSus-A active suspension, ប្រព័ន្ធបត់កង់ក្រោយតាមចង្កូត (RWS) ដែលអាចកាត់បានក្នុងកម្រិតមុំ 10 ដឺក្រេ ដែលធ្វើការបត់ត្រឡប់ក្រោយរបស់ N8L មានរង្វង់អង្គត់ផ្ទិតនៅត្រឹម 4.58m ប៉ុណ្ណោះ។

សម្រាប់ប្រព័ន្ធជំនួយការសុវត្ថិភាពអ្នកបើកបរវិញ Denza N8L PHEV បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា DiPilot 300 system ដែលមានការគាំទ្រដោយប្រព័ន្ធសែនស័រ LiDAR មួយគ្រាប់, mm-Wave radar 3 គ្រាប់ និងសែនស័រកាមេរ៉ា 7 គ្រាប់។ N8L ផលិតឡើងដោយប្រើនូវស្ថាបត្យកម្មគ្រោងឆ្អឹងឡានអគ្គិសនី  BYD’s e3 (Yi San Fang) tri-motor PHEV platform ដែលបានរួមបញ្ចូលថាមពលដំណើរការដោយម៉ាស៊ីនសាំង 2.0T ជាមួយនិងម៉ូទ័រអគ្គិសនីខាងមុខមួយ និងខាងក្រោយពីរគ្រាប់ ដែលម៉ាស៊ីនអាចផលិតកម្លាំងបាន 202 សេះ ខណៈម៉ូទ័រអគ្គិសនីទាំងបីគ្រាប់អាចផលិតកម្លាំងសរុបបាន 751 សេះ។ 

រថយន្តថ្មីនេះ មានបំពាក់មកជាមួយកៅអីចំនួន 6 ដែលរៀបជា 2x2x2 ដោយកៅអីជួរទីមួយ និងទីពីរមានមុខងារកំដៅ, ម៉ាស្សា និងខ្យល់ត្រជាក់។ រីកៅអីជួរទីបីមានតែមុខងារកម្តៅកៅអីតែប៉ុណ្ណោះ។ សម្រាប់ប្រព័ន្ធមុខងារកម្សាន្តវិញមានមកជាមួយអេក្រង់នៅកណ្តាលតាប់ឡូទំហំ 17.3-inch និងអេក្រង់កម្សាន្តនៅពីមុខកៅអីអ្នករួមដំណើរខាងមុខមានទំហំ 13.2-inch។ តាមទិន្នន័យរបស់ China EV DataTracker បានឲ្យដឹងថា Denza បានធ្វើការនាំចេញ N8L បានចំនួន 2,032 គ្រឿងនៅក្នុងខែឧសភាកន្លងទៅថ្មីៗនេះ៕